យ៉ាងយូរនៅចុងឆ្នាំនេះ លំហូរឯកសារទាំងឡាយ រួមទាំង ការចុះហត្ថលេខាផង ត្រូវធ្វើឡើងតាមប្រព័ន្ធ Online ស្ទើរទាំងអស់
ភ្នំពេញ ៖ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានគូសបញ្ជាក់ថា យ៉ាងយូរនៅចុងឆ្នាំ២០២០នេះ លំហូរឯកសារទាំងឡាយ រួមទាំងការចុះហត្ថលេខាផងដែរ ដែលត្រូវធ្វើឡើងតាមប្រព័ន្ធ Online ស្ទើរទាំងអស់ ដើម្បីចូលរួមកាត់បន្ថយការប្រើក្រដាសស្នាមស្ទើរទាំងស្រុង។ ការគូសបញ្ជាក់របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រីនេះ ក្នុងសិក្ខាសាលាស្តីអំពីបម្រែបម្រួលផ្នែកឌីជីថល(Digital Transformation) ដែលរៀបចំដោយវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។ នេះបើយោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានចាត់ទុកសិក្ខាសាលានេះគឺពិតជាមានសារៈសំខាន់សម្រាប់យើងទាំងអស់គ្នាក្នុងយុគឧស្សាហកម្ម៤.០ ជាពិសេស រាជរដ្ឋាភិបាលកំពុងផ្តល់អាទិភាពលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានបញ្ជាក់ថា “ក្នុងយុគឧស្សាហកម្ម ៤.០ និងយុគថ្មីបន្តទៀត វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាកត្តាលីករ ជួយឱ្យចម្រើនដល់អភិបាលកិច្ច រដ្ឋបាល វិស័យឧស្សាហកម្ម កសិកម្ម ផលិតកម្ម និងវិស័យជាច្រើនទៀត”។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបន្ដថា ការចូលរួមយ៉ាងសកម្ម និងរៀនបន្តសម្រាប់យើងទាំងអស់គ្នា ក្នុងសិក្ខាសាលានេះ ជាសក្ខីភាពនៃការយកចិត្តទុកដាក់ និងគាំទ្រដល់ការអភិវឌ្ឍប្រទេស ដោយប្រើវិជ្ជាឌីជីថល ក្នុងជីវភាពការងារប្រចាំថ្ងៃ និងការរៀនបន្តពេញមួយជីវិត។ ជាមួយគ្នានេះ ចំណេះដឹង និងបំណិនទទួលបានពីសិក្ខាសាលានេះ នឹងត្រូវយកទៅប្រើ ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលការងារ ក្នុងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានជំរុញឱ្យយកចិត្តទុកដាក់លើធាតុចម្បងចំនួន ០៣សំខាន់ៗ រួមមានម៖ ១- និយមន័យ បញ្ញត្តិ ខ្លឹមសារគោលប្រយោជន៍នៃវិជ្ជាឌីជីថល បម្រែបម្រួលផ្នែកឌីជីថល និងដំណោះស្រាយនៃបញ្ហាប្រឈមក្នុងការងារប្រចាំថ្ងៃ។ ២-ការប្តូរការគិត ទម្លាប់ និងឥរិយាបថ ក្នុងជីវភាព និងការងារប្រចាំថ្ងៃ ក្នុងសង្គមឌីជីថល។ ៣- រចនាសម្ព័ន្ធ និងអភិបាលកិច្ច នៃប្រព័ន្ធឌីជីថល កាលានុវត្តភាព និងបញ្ហាប្រឈម ក្នុងការអនុវត្តវិជ្ជាឌីជីថល ក្នុងជីវភាព ការងារប្រចាំថ្ងៃ និងការរៀនបន្តពេញមួយជីវិត។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានលើកឡើងថា វិជ្ជាឌីធីថលមានភាពចាំបាច់ សម្រាប់ជីវភាព ការងារ និងការរៀនបន្តពេញមួយជីវិត សម្រាប់ពលរដ្ឋកម្ពុជា និងមន្ត្រីរាជការគ្រប់រូប។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតក៏បាន គាំទ្រឱ្យមានការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ និងកម្មវិធីបណ្តុះបណ្តាលសម្រាប់មន្ត្រីរបស់ក្រសួងគ្រប់កម្រិតទាំងអស់ រួមទាំងដល់សហគ្រាសធុនតូច និងមធ្យមបន្តទៀត។
សូមបញ្ជាក់ថា សិក្ខាសាលានេះ មន្ត្រីជំនាញ បានចែករំលែកចំណេះដឹងទាក់ទងនឹងអត្ថប្រយោជន៍នៃបម្រែបម្រួលផ្នែកឌីជីថល ការប្តូរការគិត ទម្លាប់ និងឥរិយាបថ ក្នុងជីវភាព និងការងារប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប ក្នុងសង្គមឌីជីថល។ បម្រែបម្រួលនៃផ្នែកឌីជីថល និងអភិបាលកិច្ចក្នុងក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃអង្គសិក្ខាសាលាលើកដំបូងនេះ ជាពិសេសការទទួលបាននូវគ្រូឧទ្ទេសនាម ដែលមានចំណេះដឹងប្រកបដោយជំនាញវិជ្ជាជីវៈ សម្រាប់ជាទុនដល់សិក្ខាកាមទាំងមូល បានសិក្សាឈ្វេងយល់ និងត្រូវគិតថាការសិក្សាគ្មានទីបញ្ចប់ឡើយ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតក៏បានណែនាំថា “ក្នុងបរិបទនៃសម័យឌីជីថលនេះ ទាំងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់កម្រិត នៃ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវខិតខំរៀនសូត្រទាំងអស់ គ្នា ពីព្រោះការរីកចម្រើនផ្នែកឌីជីថលនៃពិភពលោកមិនរង់ចាំយើងទេ”៕