អត្តពលិកកីឡាប៉េតង់៥៥ក្រុម ចូលរួមប្រកួតកីឡាប៉េតង់ ដណ្តើមពានរង្វាន់ ស សុខានៅខេត្តព្រៃវែង
ខេត្តព្រៃវែង៖នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក ស សុខា រដ្ឋលេខាធិការ
ក្រសួងអប់រំ យុវជន និងកីឡាចូលរួមពិធីបើកកម្មវិធីប្រកួតកីឡាប៉េតង់ដណ្តើមពានរង្វាន់ ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ
យុវជន និងកីឡា ឆ្នាំ២០២០ នៅទីលានប្រកួតគណបក្សខេត្តព្រៃវែង។
លោក ជា សុមេធី បានមានប្រសាសន៍ថា យោងតាមរបាយការណ៍ លោក ប៉ាវ សុធី
ប្រធានគណៈកម្មាធិការបច្ចេកទេសរៀបចំការប្រកួត បានឲ្យដឹងថា
កីឡាករដែលចូលរួមការប្រកួតមានចំនួនសរុបកើនជាងឆ្នាំមុនៗរហូតដល់៤៥ក្រុមផងដែរ លោកសូមឆ្លៀតយកឪកាសនេះ
សម្តែងនូវការកោតសរសើរ អបអរសាទ និងវាយតម្លៃខ្ពស់ចំពោះក្រុមកីឡាករដែលចូលរួមប្រកួតនាពេលនេះ។
លោកស សុខា ក៏បានមានប្រសាសន៍ថា វិស័យកីឡាប៉េតង់នេះ ធ្វើឡើងក្នុងគោលបំណងជ្រើសរើសជើងឯកប្រចាំឆ្នាំសិក្សា
សម្រាប់មន្ទីរអប់រំ យុវជន និងកីឡាខេត្តផង និងដើម្បីជ្រើសរើសកីឡាករ កីឡាការីនី ដែលមានសមត្ថភាព ទេពកោសល្យ
និងបច្ចេកទេសល្អៗ យកទៅចូលរួមប្រកួតកីឡាសិស្សមធ្យមសិក្សា នៅថ្នាក់ជាតិ ដែលក្រសួងអប់រំ យុវជន និងកីឡា
គ្រោងនឹងរៀបចំធ្វើនៅពេលឆាប់ៗខាងមុខនេះ។
ការប្រកួតនេះមានកីឡាករ-កីឡាការីនី ចូលរួមប្រកួតចំនួន ៥៥ក្រុម ក្នុងនោះមានស.ស.យ.ក. ខេត្តព្រៃវែង ចំនួន៧ក្រុម
សរុបចំនួនកីឡាករ២២០នាក់ ទូទាំងខេត្តព្រៃវែង៕