អធិការនគរបាលខណ្ឌទាំង១៤ និងប៉ុស្ថិ៍រដ្ឋបាលទាំង១០៥ ត្រូវយកចិត្តទុកដាក់ពន្លឿនផ្តល់សេវាឯកសារតម្រូវការសៀវភៅគ្រួសារនិងសៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋមិនឱ្យលើសពី១០ថ្ងៃទៅ១៥ថ្ងៃ
រាជធានីភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអនុវត្តតាមស្មារតី ប្រកាសលេខ ២៨៨៤ ប្រ.ក ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពី ការផ្ទេរសមត្ថកិច្ចក្នុងការផ្តល់សៀវភៅគ្រួសារ-សៀវភៅស្នាក់នៅ ។អនុវត្តតាម ប្រកាសលេខ ០០១ សណន ចុះថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្តីពី បែបបទនិងនីតិវិធីនៃការងារចុះបញ្ជីនិងគ្រប់គ្រងការស្នាក់នៅជូនដល់ប្រជាពលរដ្ឋខ្មែរ។
រសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ លោកឧត្តមសេនីយ៏ទោ មិន សុផេត ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម បានដឹកនាំធ្វើការប្រគល់ជូនបែបបទសុំផ្តល់ត្រា និងសៀវភៅស្នាក់នៅជូនដល់បណ្តាប៉ុស្តិ៏នគរបាលរដ្ឋបាលទាំង១០៥ និងដោយក្នុងមួយប៉ុស្តិ៏ទទួលបាន ៣៣សន្លឹក និងសៀវភៅគ្រួសារដល់អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដោយក្នុង០១ខណ្ឌ ទទួលបាន ២៥០ក្បាល ដើម្បីយកទៅចាត់ចែងផ្តល់ជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់។
លោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់លោកអធិការនគរបាលខណ្ឌទាំង១៤ និងលោកនាយប៉ុស្ថិ៍នគរបាលរដ្ឋបាលទាំង១០៥ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តតាមស្មារតីប្រកាស និងសេចក្តីណែនាំខាងលើឱ្យមានប្រសិទ្ធភាពដោយធ្វើយ៉ាងណា ពន្លឿនការផ្តល់សេវាតម្រូវការឯកសារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យបានឆាប់រហ័សដោយមិនឱ្យលើសពីរយៈពេល១០ថ្ងៃ សម្រាប់សៀវភៅស្នាក់នៅ និង១៥ថ្ងៃសម្រាប់សៀវភៅគ្រួសារ ហើយការផ្តល់នោះគឺមិនតម្រូវអោយមានការបង់ប្រាក់ឡើយ ។
លោកឧត្តមសេនីយ៍ស្នងការរងក៏បានលើកឡើងពីទិសដៅការងាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធការផ្តល់ឯកសារសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនដល់ប្រជាពលរដ្ឋបើធ្វើឯកសារនេះហើយ ត្រូវយកប្រគល់ជូនប្រជាពលរដ្ឋទៅដល់ផ្ទះ ដោយហាមមិនអនុញ្ញាតយកទុកចោលនោះទេដើម្បីទុកជាថ្នូររកកំរ៉ៃខុសច្បាប់ណានោះឡើយ ហើយណែនាំ ពួកគាត់ឱ្យចេះថែទាំឯកសារទាំងនោះឱ្យបានល្អសម្រាប់ការប្រើប្រាស់គង់វង្សយូរអង្វែង៕