ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ពីថ្ងៃទី១២ ដល់ទី ១៨សីហា កម្ពុជា ទទួលរងនូវឥទ្ធិពលពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតី បង្កឱ្យមាន ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតំបន់វាលទំនាបកណ្ដាល

63

 

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមនៅ ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២០ បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១២ ដល់ទី ១៨ខែសីហាឆ្នាំ ២០២០ព្រះរាជាណាចក្រកម្ពុជាយើង បាននឹងកំពុង ទទួលរងនូវឥទ្ធិពលពីជ្រលងសម្ពាធទាប រួមជាមួយនឹងខ្យល់មូសុងនិរតី ខ្សោយដែលបង្កឱ្យមាន បាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនៅបន្តកើតមាន ជាពិសេសនៅតំបន់វាលទំនាបកណ្ដាល ។

តាមរយៈនៃការវិវត្តនិងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាស ធាតុ បង្ហាញឲ្យឃើញថា ព្រះរាជាណាចក្រកម្ពុជាយើង បាននឹងកំពុង ទទួលរងនូវឥទ្ធិពលពីជ្រលងសម្ពាធទាប រួមជាមួយនឹងខ្យល់មូសុងនិរតី ខ្សោយ ។ ព្យុះ ចំនួន ០២ បាននឹងកំពុងកើតមាន ក្នុងនោះ ព្យុះទី ៥ ឈ្មោះ យ៉ាងមី (ANGMI) បច្ចុប្បន្ន ស្ថិតក្បែរឧបទ្វីបកូរ៉េ និងបន្តដំណើរ ទៅភាគខាងជើង ។ ឯនៅក្នុងសមុទ្រចិនខាងត្បូង ទន្ទឹមនឹងកោះតៃវ៉ាន់ ព្យុះទី ៦ ឈ្មោះ មេខាឡា ( MEKKHALA ) បាននឹងកំពុងធ្វើដំណើរ ទៅកាន់ខេត្តណាន់ជីនប្រទេសចិន ។

ស្ថានភាពបែបនេះធ្វើឲ្យ ៖

១- បណ្ដាខេត្តទៅតំបន់វាលទំនាបកណ្ដាល ៖សីតុណ្ហភាពអប្បបរមាមានពី ២៥ ទៅ ២៧°c ។ សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°c ។ ចាប់ពីថ្ងៃទី ១២-១៣ ខែសីហា បណ្តាខេត្តនានា នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម ។ បន្ទាប់ពីនោះភ្លៀងនឹងកើនឡើងទាំងបរិមាណ ទាំងភាពសាយភាយក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ បណ្តាខេត្តនៅ វាលទំនាបកណ្តាលភាគពាយ័ព្យ និងបណ្តាខេត្តដែលមានព្រំប្រទល់ជាប់និងវៀតណាមអាចនឹងមានភ្លៀងច្រើន ។

២- បណ្ដាខេត្តនៅតំបន់ផ្នូរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C ។ សីតុណ្ហភាពអតិបរមា មានពី ២៧ -២៩°c ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីមធ្យមទៅច្រើន ។

៣- បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C។ សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីខ្សោយទៅបង្គួរ។

អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូម សាធារណជន ជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនៅបន្តកើតមាន ជាពិសេសនៅតំបន់វាលទំនាបកណ្ដាល៕

អត្ថបទដែលជាប់ទាក់ទង