ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ស ខេង៖ ការពង្រឹងរបៀបរបបការងារក្នុងស្ថាប័ន និងការកសាងសមត្ថភាពរបស់មន្ត្រី គឺជាការចាំបាច់ ក្នុងការអនុវត្តការងារ ភារៈកិច្ចឲ្យមានប្រសិទ្ធភាព

81
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍លើកឡើងថា ដោយហេតុថាគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មទើបតែត្រូវបានបង្កើតឡើង ការពង្រឹងរបៀបរបបការងារ និងការកសាងសមត្ថភាពរបស់មន្ត្រី នៃគណៈកម្មាធិការនេះ គឺមានលក្ខណៈចាំបាច់ និងមានសារៈសំខាន់ក្នុងការអនុវត្តតួនាទី ភារៈកិច្ចរបស់ខ្លួន ដោយទំនួលខុសត្រូវ និងប្រសិទ្ធភាព។ សម្តេចមានប្រសាន៍បែបនេះក្នុងពីធីប្រកាសចូលកាន់មុខតំណែងសមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បំពាក់ឋាន្តរសក្តិ និងបំពាក់គ្រឿងឥស្សរិយយសជូនមន្ត្រីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គ.ជ.ប.ទ នាព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្ដេចបានលើកឡើងថា កន្លងមក មានចេញព្រះរាជក្រឹត្យកំណត់អំពីតួនាទី ភារៈកិច្ច សិទ្ធិអំណាចរបស់គណៈកម្មាការជាតិប្រឆាំងទារុណកម្ម ហេតុដូចនេះ សមាជិក និងមន្ត្រីម្នាក់ៗ នៃគណៈកម្មការនេះត្រូវតែស្វែងយល់អំពីតួនាទី ភារកិច្ច និងការរៀបចំរចនាសម្ព័ន្ធនៅក្នុងគណៈកម្មាធិការនេះឲ្យបានច្បាស់លាស់។ សម្ដេចបានបន្តថា គណៈកម្មាធិការត្រូវយកចិត្តទុកដាក់ក្នុងការបំពេញភារៈកិច្ចរបស់ខ្លួន ពោលគឺបំពេញការងារដោយឯករាជ្យ ដោយគ្មានការហាមឃាត់ គំរាមកំហែងពីស្ថាប័នណាមួយ ឬរាជរដ្ឋាភិបាលឡើយ។
ជាងនេះទៀត សម្ដេចបានសង្កត់ធ្ងន់ថា ការពង្រឹងរបៀបរបបការងារ និងសាមគ្គីភាពពិតជាមានសារៈសំខាន់ និងចាំបាច់ ដោយការងារត្រូវធ្វើតាមឋានានុក្រម មានការរាយការណ៍សុំយោបល់ពីថ្នាក់ដឹកនាំដែលធ្វើការផ្ទាល់ជាមួយនឹងការងារតាមផ្នែកនីមួយៗ ជាពិសេសគឺមិនរំលោភលើតួនាទី ភារៈកិច្ច អំណាចនៃការទទួលខុសត្រូវ។ សម្ដេចក៏បានបន្ថែមថា ទាំងថ្នាក់ដឹកនាំ និងមន្ត្រីត្រូវគោរព ស្ដាប់យោបល់ ផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមក និងត្រូវមានសមូហភាពក្នុងការធ្វើការងារជាក្រុម ក្នុងគោលបំណងជៀសវៀងនូវបញ្ហា និងកំហុសឆ្គងផ្សេងៗ។
ទន្ទឹមនឹងនេះ សម្ដេចបានមានប្រសាសន៍ថា ការកសាង និងរៀបចំសមត្ថភាពមន្ត្រី គឺចាំបាច់ត្រូវមានលក្ខណៈចម្រុះ ដោយបញ្ចូលទាំងអ្នកមានសមត្ថភាពដែលបានសិក្សានូវមុខវិជ្ជានានា អ្នកមិនទាន់មានបទពិសោធន៍ និងអ្នកមានបទពិសោធន៍ការងារក្នុងកម្រិតផ្សេងៗគ្នា ដើម្បីធ្វើយ៉ាងណាឲ្យចូលរួមអនុវត្តការងារដោយវិជ្ជាជីវៈ និងទទួលបានលទ្ធផលល្អ។
សម្ដេចបានលើកឡើងថា៖ «អ្នកដែលបានរៀនសូត្រជាទ្រឹស្ដីនៅតាមសាលា មិនទាន់គ្រប់គ្រាន់ទេ ទាល់តែឆ្លងកាត់ធ្វើជាក់ស្ដែង ទើបមានបទពិសោធន៍ ការធ្វើជាក់ស្ដែងក៏អាចមានកម្រិតខុសគ្នាដែរ អ្នកខ្លះឆ្លងកាត់ពីមូលដ្ឋាន ធ្វើការងារជាមួយប្រជាពលរដ្ឋ ដូច្នេះគេដឹង សុខទុក្ខប្រជាពលរដ្ឋ មានមូលដ្ឋានគ្រឹះ ទស្សនៈ គោលជំហររឹងមាំក្នុងការគិតគូរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ អ្នកខ្លះទៀត រៀនចប់ កាន់ការងារធំ អាចមានចន្លោះប្រហោង ព្រោះថាមិនទាន់មានបទពិសោធន៍។ នេះជាបញ្ហាដែលយើងដកពិសោធន៍ក្នុងការកសាងសមត្ថភាពរបស់មន្ត្រី អ្នកដែលមានបទពិសោធន៍ និងអ្នកមានសមត្ថភាព ការរៀនសូត្រ ត្រូវបញ្ចូលជាមួយគ្នា មិនអាចបោះបង់ចោល ឬខ្វះមួយណាឡើយ។»
ឆ្លៀតក្នុងឱកាសនោះ សម្ដេចក្រឡាហោម ក៏បានអំពាវនាវដល់សមាជិក និងមន្ត្រីទាំងអស់ដែលសុទ្ធជាអ្នកបន្តវេន អោយខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួន ដោយក្ដីសង្ឃឹម ដើម្បីសម្រេចគោលដៅនានា និងបម្រើប្រទេសជាតិទាំងមូល។ ព្រមជាមួយគ្នានោះ សម្ដេចបានបន្តថា ការងារនៅតាមស្ថាប័ន ឬអង្គភាពណាក៏ដោយសុទ្ធតែមានតម្លៃ និងអត្ថប្រយោជន៍ដូចគ្នា ឲ្យតែយើងធ្វើបានជោគជ័យ គឺចាត់ទុកថាយើងមានស្នាដៃ មានសមត្ថភាព និងទទួលបានការលើកទឹកចិត្តជាក់ជាមិនខាន៕
អត្ថបទដែលជាប់ទាក់ទង