ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តីជនជាតិចិនម្នាក់ ធ្លាក់ពីលើសណ្ឋាគារជាន់ទី៥ សង្ស័យជាករណីចាប់ជំរិត, សមត្ថកិច្ចឃាត់ខ្លួនអ្នកពាក់ព័ន្ធ៤នាក់យកមកសួរនាំ 

70

ហេតុការណ៍ដែលបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងនេះ បានកើតឡើងនៅវេលាម៉ោង ១០៖៥០នាទីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ ដែលស្ថិតនៅចំណុចសណ្ឋាគារ Rumduol Grand Hote តាមបណ្តោយផ្លូវ១៧៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង ៥៖៣០នាទីព្រឹកថ្ងៃទី១១ ខែសីហានេះ គេបានឃើញស្ត្រីជនជាតិខាងលើ រួមជាមួយនឹងបុរសជនជាតិចិន២នាក់ទៀត នាំស្ត្រីជនជាតិចិនចូលក្នុងសណ្ឋាគារខាងលើ ដោយមានការទាញប្រតាយប្រតប់គ្នាជាមួយស្ត្រីជនរងគ្រោះខាងលើ ហើយបាននាំចូលមកក្នុងសណ្ឋាគារតែម្តង។

លុះមកដល់វេលាម៉ោង ១០៖៥០នាទីព្រឹកថ្ងៃដដែល គេឃើញស្ត្រីជនជាតិចិនម្នាក់ យកភួយចងសម្រូតចុះពីបន្ទប់ជាន់ទី៥ នៃសណ្ឋាគារ Rumduol Grand Hote គេចខ្លួន ចៃដន្យរបូតធ្លាក់រងរបួសធ្ងន់។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មីទី៣ បានចុះមកដល់កន្លែងទីតាំងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់ យកមកប៉ុស្តិ៍នគរបាលផ្សារថ្មីទី៣ ដើម្បីធ្វើការសួរនាំ។

ជាក់ស្តែងនៅក្នុងហេតុការណ៍នេះ យើងសង្កេតឃើញមានវត្តមានរបស់លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចុះមកដល់ទីតាំងកើតហេតុ និងបានបញ្ជាឱ្យសមត្ថកិច្ចមូលដ្ឋាន និងអធិការខណ្ឌ បិទច្រកចេញ-ចូលក្នុងសណ្ឋាគារទាំងអស់ ដើម្បីធ្វើការស្រាវជ្រាវរកមូលហេតុ នៃការធ្លាក់ពីសណ្ឋាគារនេះ៕

អត្ថបទដែលជាប់ទាក់ទង