ទីបំផុតលោក វ្លា៉ឌីមៀ ពូទីន ប្រកាសថា «រុស្ស៊ីផលិតវ៉ាក់សាំង COVID-19 បានសម្រេចជាលើកដំបូងលើពិភពលោក»
ប្រធានាធិបតី វ្លាឌីមៀ ពូទីន បានប្រកាសនៅមុននេះបន្តិចថា ក្រសួងសុខាភិបាលរុស្ស៊ីបានធ្វើការអនុម័តជាផ្លូវ ការ ចំពោះវ៉ាក់សាំង COVID- 19 ជាលើកដំបូងនៅលើពិភព លោក ដែលត្រូវបានអភិវឌ្ឍឡើងដោយវិទ្យាស្ថាន ហ្គាម៉ាឡេយ៉ា (Gamleya) នៃទីក្រុងម៉ូស្គូ។ នេះបើតាមការចេញ ផ្សាយ ដោយទីភ្នាក់ងារព័ត៌ មាន Reuters នារសៀលថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ ២០២០។
លោកប្រធានាធិបតី ពូទីន បានប្រកាសជោគជ័យខាងលើនេះ ក្រោយពីក្រុមជំនាញវេជ្ជសាស្ត្ររុស្ស៊ី បានធ្វើតេស្តវ៉ាក់សាំង COVID-19 ទៅលើមនុស្សជាលើកដំបូង កាលពីពីរខែមុន។ ការបោះជំហានដ៏អស្ចារ្យនេះ ពិតជាការត្រួស ត្រាយផ្លូវដ៏សំខាន់សម្រាប់ការចាក់ថ្នាំបង្ការមេរោគទ្រង់ទ្រាយធំ បើទោះបីជាការអនុវត្តដំណាក់កាលចុងក្រោយ នៃការសាកល្បងរបស់រុស្ស៊ី ដើម្បីសាកល្បងសុវត្ថិភាព និងប្រសិទ្ធភាពនៅតែបន្តក៏ដោយ ។ គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបានប្រកាសតាំងតែពីខែមុនមកម្ល៉េះថា ខ្លួននឹងប្រកាសជោគជ័យ ក្នុងការអភិវឌ្ឍវ៉ាក់សាំង COVID-19 នៅកំលុងថ្ងៃទី១០ ដល់ទី១២ ខែសីហា ហើយវាពិតជាបានកើតឡើងមែន នៅថ្ងៃទី១១ ខែសីហានេះតែម្តង។
ការបង្កើនល្បឿនអភិវឌ្ឍវ៉ាក់សាំងរបស់រុស្ស៊ី ត្រូវបានអន្តរជាតិមើលឃើញថា ជាការព្យាយាមយកឈ្នះការប្រណាំង ប្រជែងជាលក្ខណៈសកល ចំពោះការអភិវឌ្ឍវ៉ាក់សាំង ដែលគ្រប់ប្រទេសត្រូវការជាទីបំផុត ប៉ុន្តសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបក៏បានបង្ហាញការព្រួយបារម្ភ ចំពោះប្រសិទ្ធភាពវ៉ាក់សាំងរុស្ស៊ី និងធ្លាប់ចោទរុស្ស៊ីដែរថា បានព្យាយាមលួចទិន្នន័យផលិតវ៉ាក់សាំងរបស់ពួកគេផងដែរ ទាំងដែលមហាអំណាចទាំង នោះ មិនទាន់អាចផលិតបានជោគជ័យផងនោះ៕