លោក តែម ម៉ឺនជំរុញឲ្យអត្តពលិក ប្រដាល់គុនខ្មែរប្រឹងប្រែង ហ្វឹកហាត់ជាប្រចាំត្រៀម SEA GAMES 2021 នៅវៀតណាម
ភ្នំពេញ៖នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ លោក តែម ម៉ឺន នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានអញ្ជើញសួរសុខទុក្ខគ្រូបង្វឹក ក្រុមកីឡាករ-កីឡាការិនីប្រដាល់គុនខ្មែរដែលកំពុងធ្វើការហ្វឹកហាត់ នៅសាលហ្វឹកហាត់ក្នុងពហុកីឡដ្ឋានជាតិ ។
លោក តែម ម៉ឺន ក៍បានណែនាំដល់គ្រូបង្វឹក និងក្រុមកីឡាករ-កីឡាការិនីប្រដាល់គុនខ្មែរទាំងអស់ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ជាប្រចាំ ទាំងការហ្វឹកហាត់បច្ចេកទេស និងកម្លាំងដើម្បីត្រៀមចូលរួមការប្រកួតនានានៅពេលខាងមុខជាពិសេសព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES 2021លើកទី៣១ នៅប្រទេសវៀតណាម។
លោកបានបន្តថា លោកស្នើសុំឲ្យគ្រូបង្វឹក និងក្រុមកីឡាករ-កីឡាការិនីប្រដាល់គុនខ្មែរ បង្កើនការធ្វើអនាម័យ ត្រូវពាក់ម៉ាស់ លាងដៃនិងអាកុល ឬជែល រក្សាគម្លាតសង្គម និងគម្លាតបុគ្គល ជាដើម ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងមេរោគCOVID-19 និងជាពិសេសគោរពតាមសារាចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ៕