នគរបាល ខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីអំពើលួចយកកុំព្យូទ័រយួរដៃ ចំនួន០១គ្រឿង
កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១២ម៉៣០នាទី ជនរងគ្រោះឈ្មោះ រ៉ន រីណា ភេទ ស្រី អាយុ ៣២ ឆ្នាំ កំពុងលក់ដូរក្នុងផ្សារស្ទឹងមានជ័យថ្មី នៅតូបលេខ A៧,៣៣,៣៤ ភូមិ ទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយបានទុកកុំព្យូទ័រយួរដៃ ០១ គ្រឿងម៉ាក ឌែល ពណ៌ខ្មៅ នៅលើតុក្នុងតូបខាងលើ។
ពេលលក់ដូរហើយ ជនរងគ្រោះទៅរកមើលកុំព្យូទ័រដាក់នៅលើតុទើបដឹងថាបាត់ ភ្លាមៗនោះជនរងគ្រោះបានទៅប្រាប់សន្តិសុខ ផ្សារស្ទឹងមានជ័យថ្មី ឈ្មោះ ធឹង ដារ៉ូ ភេទ ប្រុស អាយុ ២៥ ឆ្នាំ រួចក៏នាំគ្នាទៅត្រួតពិនិត្យមើលកាមេរ៉ាសុវត្ថិភាពទាំងអស់គ្នា នៅក្នុងតូបរបស់ជនរងគ្រោះឃើញជនសង្ស័យឈ្មោះ អៀង លឹមឈន ហៅ រ៉ា ភេទ ប្រុស អាយុ ៣០ ឆ្នាំ ដើរចូលមកធ្វើសកម្មភាពបន្លំទិញគ្រឿងក្មេងលេង ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀតឈ្មោះ ហេង សុខា ហៅ ខ្មៅ ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជាអ្នកចូលទៅធ្វើសកម្មភាពលួចយកកុំព្យូទ័រយួរដៃម៉ាក ឌែល ពណ៌ខ្មៅ របស់ជនរងគ្រោះរួចនាំគ្នាគេចខ្លួនបាត់ទៅ។
លុះមកដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១០ម៉៣០នាទី ស្រាប់តែសន្តិសុខ ផ្សារស្ទឹងមានជ័យថ្មី ឈ្មោះ ធឹង ដារ៉ូ ប្រទះឃើញជនសង្ស័យឈ្មោះ អៀង លឹមឈន ហៅ រ៉ា និងឈ្មោះ ហេង សុខា ហៅ ខ្មៅ កំពុងដើរមុខផ្សារស្ទឹងមានជ័យថ្មី ក៏ទៅប្រាប់ជនរងគ្រោះ ហើយនាំគ្នាទៅឃាត់ជនសង្ស័យទាំង០២នាក់នោះ មកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាល ស្ទឹងមានជ័យទី១ និងដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់តែម្ដង ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕