ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌណា ដែលមានលួចបើក ក្លឹបកំសាន្តនិងខារ៉ាអូខេ ពពាក់ពពូន អាជ្ញាធរខណ្ឌនោះនឹងប្រឈមមុខជាមួយនឹងក្រសួងមហាផ្ទៃនិងរាជរដ្ឋាភិបាល

292

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងបានធ្វើការព្រមានថា បើសិនជានៅក្នុងខណ្ឌណាមួយ មានលួចបើក ក្លឹបកម្សាន្តនិងខារ៉ាអូខេ ពពាក់ពពូន ហើយត្រូវបានកងកម្លាំងមានសមត្ថកិច្ចរបស់ស្នងការដ្ឋានរាជធានីភ្នំពេញ ធ្វើការបង្ក្រាបបានជាក់ស្ដែងនោះ នោះអភិបាលខណ្ឌនោះ នឹងមានបញ្ហាប្រឈមមុខនិងក្រសួងមហាផ្ទៃនិងរាជរដ្ឋាភិបាលហើយ។

  ការលើកឡើងរបស់លោកឃួង ស្រេងបែបនេះបានធ្វើឡើងនារសៀលថ្ងៃទី១២ខែសីហាឆ្នាំ២០២០នេះ ក្នុងកិច្ចប្រជុំស្តីពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ_១៩ តាមក្លឹបកម្សាន្តនិងខារ៉ាអូខេ ក្នុងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

  លោកឃួង ស្រេងមានប្រសាសន៍លើកឡើងថាអាជ្ញាធរខណ្ឌទាំង១៤ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញត្រូវចុះពិនិត្យក្នុងមូលដ្ឋានរបស់ខ្លួន ទៅលើទីតាំងក្លឹបកំសាន្តនិងខារ៉ាអូខេដែលបានកែប្រែទៅជាភោជនីយដ្ឋាន ថាតើ ទីតាំងទាំងនោះបានអនុវត្តទៅតាមវិធានរបស់ក្រសួងសុខាភិបាលដែរឬទេ។ ប៉ុន្តែផ្ទុយទៅវិញ បើក្លឹបនិងខារ៉ាអូខេខាងទាំងនោះ មិនបានប្រែក្លាយទៅជាភោជនីយដ្ឋានទេតែបែរជា លួចបើកជាក្លឹប ខារ៉ាអូខេ ហើយត្រូវបានកម្លាំងមានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការ បង្ក្រាបបានជាក់ស្តែងនោះ នោះអាជ្ញាធរខណ្ឌនោះ នឹងមានបញ្ហាប្រឈមមុខជាមួយនិងក្រសួង មហាផ្ទៃនិងរាជរដ្ឋាភិបាលហើយ។

   លោកបន្តថា ក្លឹបកម្សាន្តនិងខារ៉ាអូខេ ដែលប្តូរទៅជាភោជនីយដ្ឋាន អាជ្ញាធរខណ្ឌត្រូវចុះពិនិត្យមើល ថាតើបានគោរពតាមវិធានរបស់ក្រសួងសុខាភិបាលទេ ដូចជាការលាងដៃនឹងអាកុល ទឹកស្អាតនិងសាប៊ូ ការពាក់ម៉ាស់ និងការរក្សាគម្លាតពីគ្នាជាដើម។ ពាក់ព័ន្ធនឹងបញ្ហានេះសម្តេចតេជោនាយករដ្ឋមន្ត្រីធ្លាប់បានលើកឡើងហើយថា ក្នុងនាមអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ពាក់ព័ន្ធនឹងកូវីត១៩នេះ យើងកុំហ៊ានពេក ហើយក៏កុំខ្លាចពេកដែរ ដែលធ្វើឲ្យបាត់បង់ម្ចាស់ការ។

  លោកក៏បានបញ្ជាក់ផងដែរថា បញ្ហា ជម្ងឺកូវីដ_១៩ មិនមែនជារឿងរបស់ក្រសួងសុខាពិបាលតែមួយនោះទេ តែវាជារឿងរបស់យើងទាំងអស់គ្នា ដែលត្រូវរួមគ្នាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ អាជ្ញាធរខណ្ឌត្រូវចុះតាមដានដល់ទីតាំងធ្វើចក្រតាឡីស័ក្កិនិងដល់លំនៅដ្ឋានប្រជាពលរដ្ឋ ដែលធ្វើចក្រតាឡីស័ក្តិ ហើយធ្វើរបាយការណ៍មករដ្ឋាបាលរាជធានីភ្នំពេញជាប្រចាំ៕

 

អត្ថបទដែលជាប់ទាក់ទង