ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​អាវុធហត្ថ​ភ្នំពេញ ចុះបង្ក្រាបជនជាតិ​ចិន​ជិត​៣០​នាក់ករណី​ចាប់ជំរិត​យកប្រាក់​លើ​ជន​ជាតិចិន​៣នាក់

83

 

​ភ្នំពេញ​៖ កងកម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ជនជាតិ​ចិន​ជាច្រើន​នាក់ ក្នុងករណី​ចាប់ជំរិត​យកប្រាក់​លើ​ជន​ជាតិចិន​ដូចគ្នា នា​វេលា​ម៉ោង ១២​និង​៣០ ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​សណ្ឋាគារ​មួយ​ដែលមាន​ឈ្មោះថា កណ្តាល​សួនច្បារ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ក្នុង​ប្រតិបត្តិការ​ដ៏​ក្តៅគគុក​នេះ សមត្ថកិច្ច​រំដោះ​បាន​ជនរងគ្រោះ​ចំនួន ៣ នាក់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ដោយមាន​ការណែនាំ​ចង្អុលបង្ហាញ ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​មេបញ្ជាការរង​០២​រូប គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ពូ ដាវី និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ផាន់ តារា​វុ​ធ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ថោង ពិសិដ្ឋ ព្រមទាំង​មានការ​ចូលរួម​ពី​លោក សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារង ឆាយ ហុង បាន​ចុះបង្ក្រាប ជន​ជាតិចិន​មួយក្រុម ដោយ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​២៩​នាក់ (​ស្រី​៣​នាក់​)​។

​ប្រតិបត្តិការ​មួយ​នេះ ធ្វើឡើង​បន្ទាប់ពី​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ថា ក្រុម​ជនសង្ស័យ​ទាំងនេះ ជាប់​ពាក់ព័ន្ធ​ករណី ចាប់ជំរិត​យកប្រាក់​លើ​ជន​ជាតិចិន​ដូចគ្នា ដោយ​ក្នុងនោះ​សមត្ថកិច្ច​រំដោះ​បាន​ជនរងគ្រោះ​ចំនួន ៣ នាក់ បច្ចុប្បន្ន សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​សួរនាំ​ជនសង្ស័យ​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕

អត្ថបទដែលជាប់ទាក់ទង