ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គិត​ត្រឹម​ថ្ងៃទី ១០​ខែកក្កដា​នេះ កូ​វីដ​១៩​ធ្វើ​ឲ្យ​ប៉ះពាល់ ផ្នែក​ទេសចរណ៍​ជាង​៣​ពាន់​កន្លែង បុគ្គលិក​ជាង​៥​ម៉ឺន​នាក់ នៅ​កម្ពុជា​

146

 

(​ភ្នំពេញ​)៖ ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ខែកក្កដា​កន្លងទៅនេះ ជំងឺ​កូ​វីដ​១៩ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្នែក​ទេសចរណ៍ ចំនួន​៣​ពាន់​កន្លែង និង​ប៉ះពាល់​ដល់​បុគ្គលិក​ជាង ៥​ម៉ឺន​នាក់ នៅក្នុង​ប្រទេស​កម្ពុជា​។​
​ឯកឧត្ដម​បណ្ឌិត ថោង ខុន បាន​ឲ្យ​ដឹង​បែបនេះ នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ជាមួយ គណៈកម្មការ​អប់រំ យុវជន ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា (​គណៈកម្មការ​ទី​៧) ដើម្បី​ពិភាក្សា​អំពី​វិធានការ​ជា​ដំណោះស្រាយ ចំពោះ​វិស័យ​ទេសចរណ៍​ក្នុង​បរិបទ​កូ​វីដ​១៩ និង​ក្រោយ​កូ​វីដ​១៩ ព្រមទាំង​ពិនិត្យ​លទ្ធភាព បង្កើន​សកម្មភាព​ទេសចរណ៍​ក្នុងប្រទេស​កម្ពុជា​។​
​ឯកឧត្ដម​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​មកដល់​ថ្ងៃ​១០ ខែកក្កដា​នេះ គឺមាន​ការប៉ះពាល់​ជាង ៣​ពាន់​ទីតាំង ហើយ​ប៉ះពាល់​ដល់​បុគ្គលិក ដែល​បម្រើ​នៅក្នុង​ទីតាំង​នេះ​ជាង ៥​ម៉ឺន​នាក់ ក៏ប៉ុន្តែ​រាជរដ្ឋាភិបាល នៅជាប់​ជាមួយនឹង​ការលំបាក របស់​ប្រតិបត្តិ​ករ របស់​ផ្នែក​ឯកជន និង​របស់​បុគ្គលិក និយោជក​ផងដែរ គឺ​រាជរដ្ឋាភិបាល បាន​ដាក់ចេញ​វិធានការ​ជាច្រើន ដើម្បី​ជួយ​ដល់​បណ្តា​ប្រតិបត្តិ​ករ ក៏ដូចជា​និ​យោ​ជិ​ក ដែលមាន​ការប៉ះពាល់​នេះ​»​។​
​ក្រសួងទេសចរណ៍ បាន​ចាត់តាំង​ក្រុមការងារ​ពិសេស​មួយ ដឹកនាំ​ដោយ​ឯកឧត្ដម​រដ្ឋលេខាធិកា​រ​ប្រចាំការ មាន​អនុ​ការងារ​៥ ដើម្បី​ធ្វើ​កិច្ចការងារ​តាម​អនុ​ការងារ​សំខាន់ រួមមាន​៖ ទី​១ យកចិត្តទុកដាក់ ពិនិត្យមើល​លើ​សំណូមពរ របស់​មូលដ្ឋាន​អាជីវកម្ម ទី​២ ពិនិត្យ​ទៅលើ​សំណូមពរ របស់​បុគ្គលិក​និយោជក និង​ទី​៣ គិតដល់​ការបណ្តុះបណ្តាល នៅក្នុង​ដំណាក់កាល​នេះ​។​
​ឯកឧត្ដម​បណ្ឌិត ថោង ខុន បន្តថា រាជរដ្ឋាភិបាល​មកដល់​ថ្ងៃនេះ បាន​ដាក់ចេញ​វិធានការ​ជា​ចម្បង ជុំ​ទី​៥​ហើយ ដែល​ក្នុង​នោះបាន​ដោះស្រាយ ជួយ​ដល់​បុគ្គលិក និយោជក ដែលមាន​ការប៉ះពាល់​នេះ ជាង​៣​ម៉ឺន​នាក់ នៅក្នុង​វិស័យ​ទេសចរណ៍​នេះ ដោយ​ផ្តល់ប្រាក់​ឧបត្ថម្ភ ៤០​ដុល្លារ​ក្នុង​ម្នាក់ រយៈពេល​
២​ខែ ហើយ​ជុំ​ទី​៥​នេះ ផ្តល់​២​ខែ​បន្តទៀត​។​
​ទន្ទឹមនឹងនេះ ចំពោះ​ផ្នែក​ឯកជន ប្រតិបត្តិ​ករ អាជីវករ ដែលជា​ម្ចាស់​ភោជនីយដ្ឋាន រាជរដ្ឋាភិបាល​បានផ្តល់​តាំងពី​ជុំ​ទី​១​ម្លេះ គឺ​ទី​១ លើកលែង​ពន្ធ​អាជីវកម្ម (​ដែលជា​ទូទៅ​ត្រូវតែ​ប្រកាស​ពន្ធ ប៉ុន្តែ​ពន្ធ​វិញ​រដ្ឋ​បង់​ជំនួស​) ទី​២ មិន​ឲ្យ​អាជីវករ​បង់ប្រាក់​ភាគទាន​សម្រាប់ ប​.​ស​.​ស​ទេ ប៉ុន្តែ​ក្នុងដំណាក់កាល​នេះ និយោជិត​នៅតែ​ទទួល ប​.​ស​.​ស ពី​រាជរដ្ឋាភិបាល​ដដែល​។​
​ឯកឧត្ដម​បណ្ឌិត ថោង ខុន បាន​ឲ្យ​ដឹង​ទៀតថា ដោយឡែក ជាការ​ទទួលខុសត្រូវ​របស់​
​ក្រសួងទេសចរណ៍ គ្រប់​អាជ្ញា​បណ្ណ​ទេសចរណ៍​ទាំងអស់ អាច​មកសុំ​អាជ្ញា​បណ្ណ​បាន ប៉ុន្តែ​មិន​តម្រូវ​ឲ្យ​មានការ​បង់ក​ម្រៃ​អាជ្ញា​បណ្ណ​ឡើយ​។ ចំពោះ​មគ្គទេសក៍ ទោះបី​មិនបាន​ប្រាក់ឧបត្ថម្ភ ៤០​ដុល្លារ ក៏ប៉ុន្តែ​អាជ្ញា​បណ្ណ​មគ្គទេសក៍ រាជរដ្ឋាភិបាល​មិន​ឲ្យ​យក​កម្រៃ​ដែរ​។​
«​អញ្ចឹង អាជ្ញា​បណ្ណ​មគ្គទេសក៍​សាមញ្ញ ៥០​ដុល្លារ បើ​បណ្ណ​មគ្គទេសក៍​ពិសេស​ដល់ ១០០​ដុល្លារ​ឯណោះ តែ​យើង​មិន​យក​អាជ្ញា​បណ្ណទេ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម របស់​ឯកឧត្ដម​រដ្ឋ​មន្ត្រី​ក្រសួងទេសចរណ៍​។​
​ឯកឧត្ដម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧ រដ្ឋសភា បាន​ឲ្យ​ដឹងថា គណៈកម្មការ ក៏បាន​ស្នើ និង​ជំរុញ​ឱ្យ​ក្រសួង​
​ទេសចរណ៍​បន្តសកម្មភាព​របស់ខ្លួន ជាពិសេស​ក្នុង​កិច្ចការ​ជំរុញ​ចលនា​ទេសចរណ៍ ដោយ​ផ្តោត​ចម្បង​លើក​សាង​ទំនុកចិត្ត​ដល់​ភ្ញៀវទេសចរ​មិន​ថា​ក្នុងស្រុក ឬ​ភ្ញៀវ​អន្តរជាតិ​។​
​ទន្ទឹមនេះ ឯកឧត្ដម​ក៏បាន​លើកទឹកចិត្ត​ឱ្យ​ក្រសួង បន្ត​កិច្ចសហការ​យ៉ាង​ជិតស្និត​ជាមួយ​អន្តរជាតិ ជាពិសេស​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដើម្បី​ចូលរួម​ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង​អាស៊ាន (intra-ASEAN) នៅក្នុង​ដំណាក់កាល​សម​ស្រប​ណាមួយ ដែល​ចរន្ត និង​លំហូរ​ទេសចរណ៍​ផ្ទៃក្នុង​តំបន់​អាច​ដំណើរការ​វិញ​បាន​។​
​ឯកឧត្ដម ហ៊ុន ម៉ា​នី បាន​បញ្ជាក់ថា​៖ «​ក្នុងដំណាក់កាល​នេះ ការបង្កើន​បរិយាកាស​ទេសចរណ៍ ដែល​គួរ​ឲ្យ​ទុកចិត្ត និង​ដោយមាន​សុវត្ថិភាព​ពី​ជំងឺ​កូ​វីដ​១៩ ព្រមទាំង​ការធានា​ស្តង់ដា​នៃ​ការការពារ មើលថែ​ប្រកបដោយ​ការយកចិត្តទុកដាក់ គឺជា​កត្តា​សំខាន់​ក្នុងការ​ជំរុញ​ឧស្សាហកម្ម​ទេសចរណ៍ ឲ្យ​ដំណើរការបាន​ជាធម្មតា ក៏ដូចជា​ការចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ផងដែរ​»​។​
​សូម​ជម្រាបជូន​ដែរ​ថា គណៈកម្មការ​ទី​៧ នឹង​បន្ត​សហការ តាមដាន ពិភាក្សា ក៍​ដូចជា​គាំទ្រ​ទាំង​ស្មារតី និង​កម្លាំង ចំពោះ​ការដាក់ចេញ​ជា​ចំណាត់ការ និង​វិធានការ​ជា​ដំណោះស្រាយ​របស់​ក្រសួង ចំពោះ​វិស័យ​ទេសចរណ៍​ក្នុង​បរិបទ​កូ​វីដ​១៩ និង​ក្រោយ​កូ​វីដ​១៩ ព្រមទាំង​បន្ត​ពិនិត្យ​លទ្ធភាព​បង្កើន​សកម្មភាព​ទេសចរណ៍​ក្នុងប្រទេស​កម្ពុជា​៕​

អត្ថបទដែលជាប់ទាក់ទង