ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ជនសង្ស័យ​ជា​ជនបរទេស​ចំនួន ១៨​រូប​ ពាក់ព័ន្ធករណី​ផលិត និង​ចែកចាយ​បារី​ក្លែង​ម៉ាក ត្រូវបញ្ជូនទៅតុលាការ

205

 

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៤​ខែសីហា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​ចម្រុះ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ គ​.​ប​.​ផ​.​ក​. បានធ្វើការ​ចុះបង្ក្រាប​ទីតាំង​ផលិត និង​ចែកចាយ​បារី​ក្លែង​ម៉ាក ក្នុង​ខណ្ឌ​ពោធ​និ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​បាន​បញ្ជូន​ជនសង្ស័យ​ជា​ជនបរទេស​ចំនួន ១៨​រូប​ទៅកាន់​អយ្យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​-Counter Counterfeit Committee បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ តាម​ការចង្អុលបង្ហាញ​ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​) បាន​ចាត់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក តាន់ សុខវិជ្ជា ដឹកនាំ​ក្រុមការងារ​អន្តរក្រសួង ក្រោម​ការសម្របសម្រួល​ពី​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារ​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​លួច​ផលិត​បារី​ពុំមាន​ច្បាប់​អនុញ្ញាត និង​ក្លែង​ម៉ាក​សញ្ញា​ខុសច្បាប់ មួយកន្លែង​នៅ​ភូមិសាស្ត្រ​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធ​និ៍​សែន​ជ័យ រា​ធានី​ភ្នំពេញ ។
​ជា​លទ្ធផល​សមត្ថកិច្ច​បាន​រកឃើញ វត្ថុធាតុដើម​ក្លែង​ការផលិត ម៉ាស៊ីន​ផលិត​ខ្នាត​ធំ និង​បារី​ផលិត​រួច​ត្រៀម​បញ្ជូន​ចេញ​សរុប​ចំនួន​២៥​តោន ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ជា​ជនជាតិ​បរទេស​ចំនួន​១៨​នាក់ (​ចិន​១៥​នាក់ និង​វៀតណាម​៣​នាក់​) ដែលមាន​មេក្លោង​ជា​ជន​ជាតិចិន​០១​នាក់​។ ក្នុង​ការចុះ​ប្រតិបត្តិ​ការបង្ក្រាប​នេះ ធ្វើ​ទ្បើង​ក្រោយពី​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ទទួលបាន​ពាក្យបណ្តឹង របស់​ក្រុមហ៊ុន SHANGHAI TOBACCO GROUP CO., LTD. ។

​ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​កសាង​សំណុំរឿង និង​បញ្ជូន​ជនបរទេស​ទាំង​១៨​នាក់​(​ប្រុស​) ទៅ​អយ្យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

អត្ថបទដែលជាប់ទាក់ទង