ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដុតបំផ្លាញគ្រឿងញៀនជិត ១០០គីឡូក្រាម នៅខេត្តបន្ទាយមានជ័យ

84

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នៃក្រសួងយុត្តិធម៌, ប្រធានក្រុមប្រឹក្សាខេត្ត, អភិបាលខេត្តស្វាយរៀង, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ, ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តទាំង៣, តំណាងរដ្ឋបាលខេត្តទាំង៤, ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើននាក់។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានរាយការណ៍ថា ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលដុតកម្ទេចចោលនៅថ្ងៃនេះមានទម្ងន់ ៩៣គីឡូក្រាម ត្រូវបានប្រមូលពី៤ខេត្តរួមមាន៖

*ទី១៖ ខេត្តបន្ទាយមានជ័យ មានគ្រឿងញៀនទំងន់២៣គីឡូក្រាម
*ទី២៖ ខេត្តឧត្តរមានជ័យ មានគ្រឿងញៀនទំងន់៩គីឡូក្រាម
*ទី៣៖ ខេត្តសៀមរាបមានគ្រឿងញៀនទំងន់ ៥៨គីឡូក្រាម
*ទី៤៖ ខេត្តកំពង់ធំ មានគ្រឿងញៀនទំងន់៦ក្រាម សរុបគ្រឿងញៀន ដែលពិនិត្យផ្ទៀងផ្ទាត់មានសរុបទំងន់ ៩៣គីឡូក្រាម។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំខេត្ត ប្រធានសាលាដំបូង ព្រះរាជអាជ្ញា មន្ត្រីតុលាការ មន្ត្រីនគរបាលយុតិ្តធម៌ របស់ខេត្តទាំង៤ ក៏ដូចជាស្ថាប័នអនុវត្តច្បាប់ និងតួអង្គពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសហការ ពុះពារយ៉ាងសកម្មក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋានរបស់ខ្លួន ឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់ នាពេលកន្លងមក។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្រ្តី ក៏បានក្រើនរំលឹកដល់មន្រ្តីអនុវត្តច្បាប់ និងអ្នកពាក់ព័ន្ធទាំងអស់ ឲ្យប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ និងដើម្បីជាឧត្តមប្រយោជន៍ ដល់សង្គមជាតិយើងទាំងមូល។

បន្ថែមពីនេះទៀត លោករដ្ឋមន្រ្តី បានរំលឹកជូនអង្គពិធីនូវខ្លឹមសារ នៃសារលិខិតមួយច្បាប់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ផ្ញើជូនជនរួមជាតិ នៅក្នុងឱកាស នៃការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅកម្ពុជា ដែលក្នុងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «អ្នកញៀនគ្រឿងញៀនដែលជាជនរងគ្រោះពិតប្រាកដ ត្រូវបានយកចិត្តទុកដាក់ ដោះស្រាយ និងជួយសង្គ្រោះឲ្យបានសមស្រប ប៉ុន្តែឧក្រិដ្ឋជន និងជនលើ្មសពាក់ព័ន្ធ នឹងការផលិត ការកែច្នៃ ការរក្សាទុក ការជួញដូរ និងការចរាចរគ្រឿងញៀនខុសច្បាប់ គឺត្រូវតែបានផ្តទ្ទាទោសយ៉ាងតឹងរឹងទៅតាមនីតិវិធីនៃច្បាប់»

គួរបញ្ជាក់ផងដែរថា យុទ្ធនាការប្រយុទ្ធប្រឆំាងគ្រឿងញៀនខុសច្បាប់ ត្រូវបានរាជរដ្ឋាភិបាល ប្រកាសដាក់ចេញជាលើកដំបូង នៅឆ្នាំ២០១៧ និងត្រូវបានអនុវត្តប្រកប ដោយលទ្ធផលជោគជ័យ និងទទួលបានការសាទរពីគ្រប់មជ្ឈដ្ឋាន ហើយមកដល់បច្ចុប្បន្ន យុទ្ធនាការដ៏មានសារៈសំខាន់នេះ ត្រូវបានអនុវត្តជាបន្តបន្ទាប់ បានចំនួន ៥លើករួចមកហើយ។

គិតត្រឹមរយៈពេល៨ខែ ដើមឆ្នាំ២០២០នេះ មានបទល្មើសគ្រឿងញៀន សរុបចំនួន៣២,២០៥ ករណីត្រូវបានបង្រ្កាប ក្នុងនោះ ជនសង្ស័យចំនួនជាង៦ម៉ឺន៧ពាន់នាក់ ត្រូវបានឃាត់ខ្លួន និងគ្រឿងញៀនគ្រប់ប្រភេទសរុបជាង ២,៣០០ គីឡូក្រាម ត្រូវបានដកហូត៕

អត្ថបទដែលជាប់ទាក់ទង