ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក សួង សុភ័ណ្ឌ ត្រូវបានតុលាការសម្រេចឃុំខ្លួន ក្រោមបទចោទប្រកាន់ ញុះញង់ឲ្យមានភាពវឹកវរនិងបង្កអសន្តិសុខដល់សង្គមជាតិ

77

ភ្នំពេញ៖ នៅទីបំផុត លោក សោ សុតា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការបង្គាប់ឲ្យនាំខ្កួនលោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ទៅដាក់ពន្ធនាគារ ដើម្បីរងចាំការជំនុំជម្រះទោសតាមកំណត់នីតិវីធីរបស់ច្បាប់។

សូមបញ្ជាក់ថា ក្រោយការស៊ើបសួរបានបញ្ចប់លោក ឆាយ ហុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ពីបទ ញុះញង់ឲ្យមានភាពវឹកវរ និងបង្កអសន្តិសុខដល់សង្គមជាតិ តាមបញ្ញត្តិមាត្រា៤៩៤.៤៩៥ នៃក្រមព្រហ្មទណ្ឌ។ រួចបានបញ្ជូនរឿងទៅចៅក្រមស៊ើប បន្តចំណាត់ការតាមនីតិវិធី។ នេះបើយោងតាមលោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការថ្លែងប្រាប់អង្គភាពព័ត៌មាន នៅរសៀលថ្ងៃសៅរ៍នេះ។

សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង១១៖៣០នាទីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះ បានបញ្ជូន លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ទៅដល់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
លោក សួន សុភ័ណ្ឌ ដែលជាអតីតសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទល្មើសជាក់ស្ដែង ញុះញង់បំភ្លៃការពិតលើបញ្ហាព្រំដែន បន្ទាប់ពីលោកបានធ្វើត្រាប់តាម លោក រ៉ុង ឈុន កៀរគរកម្លាំងយុវជនចុះទៅតំបន់ព្រំដែន នៅខេត្តត្បូងឃ្មុំ ហើយវាយប្រហាររាជរដ្ឋាភិបាលអំពីការបោះបង្គោលព្រំដែន។

បន្ទាប់ពីចុះទៅតំបន់ព្រំដែននេះ លោក សួង សុភ័ណ្ឌ ក្នុងនាមគណបក្សខ្មែរឈ្នះ បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ដោយព្រមានអំពីការធ្វើបាតុកម្មទាមទារឲ្យដោះលែង លោករ៉ុង ឈុន ដែលត្រូវបានតុលាការឃុំខ្លួនពាក់ព័ន្ធនឹងបទល្មើសព្រំដែននេះផងដែរ។

លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថា លោកសួងសុភ័ណ្ឌ ត្រូវបានចាប់ខ្លួន ក្នុងបទល្មើសជាក់ស្ដែងទាក់ទងនឹងការញុះញង់បំភ្លៃការពិតលើបញ្ហាព្រំដែន និងចោទប្រកាន់មួលបង្កាច់ទម្លាក់កំហុសលើ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនថា ប្រព្រឹត្តល្មើសក្បត់ជាតិ៕

អត្ថបទដែលជាប់ទាក់ទង