បង្រ្កាប គ្រឿងញៀនផ្ទុះអាវុធនៅ កោះពេជ្រ ឃាត់ខ្លួនជនសង្ស័យ ២នាក់ និង សារធាតុញៀនប្រភេទមេតំហ្វេតាមីន និងកេតាមីន ទម្ងន់១៩៥៣ក្រាម
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ អុិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះថា មេខ្លោងជួញដូរគ្រឿងញៀន២នាក់ ដែលបាញ់តដៃជាមួយសមត្ថកិច្ចនៅក្នុងទឹកដីកោះពេជ្រ ត្រូវបានបញ្ជូន ទៅតុលាការចាត់ការតាមច្បាប់នៅថ្ងៃសៅរ៍នេះ ។
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៅថ្ងៃទី ១៥ខែសីហាឆ្នាំ ២០២០ បានចេញរបាយការណ៍លម្អិតនៃកិច្ចប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរ គ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញក្នុងតំបន់កោះពេជ្រដែលមានការផ្ទុះអាវុធបាញ់តគ្នារបស់ក្រុមជនល្មើសគ្រឿងញៀនជាមួយនឹងសមត្ថកិច្ចនោះ ក្រោយឃាត់ខ្លួនជនសង្ស័យ ២នាក់រួមជាមួយនឹងវត្ថុតាងសារធាតុញៀនប្រភេទមេតំហ្វេតាមីន និងកេតាមីន ទម្ងន់១៩៥៣ក្រាម សារធាតុគីមីផ្សំ ទម្ងន់២០១ក្រាម អាវុធខ្លី១ដើម។
យោងតាមអនុវត្តន៍តាមបទបញ្ជារដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ការចង្អុលដឹកនាំផ្ទាល់របស់ ឯកឧត្តមនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ឯកឧត្ដម ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន
នៅថ្ងៃទី ១២ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៩និង២០នាទី កម្លាំងជំនាញ (ក១០)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងជំនាញរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដោយ មានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញារង អ៊ំុ សុភក្តិ បានបើកស៊ើបអង្កេត ស្រាវជ្រាវ បង្រា្កប នៅ២គោលដៅ : ១•នៅចំណុចផ្លូវ១៤៣ ជិតវង្វង់មូលផ្សារសំពៅមាសសង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។
២• ម៉ោង ២១និង៤០នាទី យើងបន្ត ស្រាវជ្រាវតាមចាប់មេខ្លោង ដែលលាក់ខ្លួននៅបន្ទប់លេខ០៧២១ របស់ខុនដូរ ដាយមិន វ័ន ( Diamond One) ក្បែរមជ្ឈមណ្ឌលកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ក្នុងកិច្ច ប្រតិបត្តិការ ជនល្មើសជាមេខ្លោង១នាក់ភេទប្រុសជនជាតិចិន បានចេញពីបន្ទប់ខុនដូ ហើយបាញ់ស្រោចមកលើកម្លាំងយើងដោយកាំភ្លើងខ្លីប្រមាណ ៥-៦គ្រាប់ ។ សមត្ថកិច្ចយើងបានតបតការពារខ្លួន បណ្ដាលអោយជនល្មើសប្រាស់គេចខ្លួន ។ ជាលទ្ធផលចាប់ខ្លួន ២នាក់:
១• ឈ្មោះ អ៊ី រីស៊ី (YI RISHI) ភេទប្រុស ជនជាតិចិន ២• ឈ្មោះ យ៉ាវវ៉ាឡាក់ កេតសាយ (YAVALAK KETSAI)ភេទស្រី ជនជាតិថៃ។ ចាប់យកវត្ថុតាង សារធាតុញៀនប្រភេទមេតំហ្វេតាមីន និងកេតាមីន ទម្ងន់១៩៥៣ក្រាម២៣ ។សារធាតុគីមីផ្សំ ទម្ងន់២០១ក្រាម៩៦ ។ អាវុធខ្លី១ដើមធុន CaL9mmPAK គ្រាប់ចំនួន ១៥និងសម្បកគ្រាប់ចំនួន៥ ។ ជញ្ជីងថ្លឹងគ្រឿងញៀន ៧ និងសម្ភារៈកែច្នៃ វេចខ្ចប់គ្រឿងញៀនមួយចំនួន ។ រថយន្ត ធុនTUNDRA ១គ្រឿង ទូរស័ព្ទ៣ គ្រឿង ។
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមថ្លែងអំណរគុណចំពោះ ឯកឧត្ដម ឃួង ស្រេង អភិបាលនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ ដឹកនាំផ្ទាល់កម្លាំងអន្តរាគមន៍ចុះដល់គោលដៅប្រតិបត្តិការ យ៉ាងទាន់ពេល៕