ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ បានសម្រេចជាថ្មី ដោយមិនសុំពន្យារពេល ក្នុងការផ្លាស់ប្តូរកងទ័ពមួកខៀវនោះទេ

58

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសម្រេចជាថ្មី ដោយមិនសុំពន្យារពេលក្នុងការផ្លាស់ប្តូរកងទ័ពមួកខៀវនោះទេបន្ទាប់ ពីសម្តេចបានទទួលពេលវេលាផ្លាស់ប្តូរច្បាស់លាស់ ដែលធ្វើឱ្យកម្ពុជាងាយស្រួលក្នុងការ រៀបចំធ្វើចត្តាឡីស័កដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩។
នៅក្នុងពិធីសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» នៅថ្ងៃទី១៦ ខែសីហា ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចបានស្នើទៅអង្គការសហប្រជាជាតិ សុំឱ្យពន្យារពេលក្នុងផ្លាស់ប្តូរកង កម្លាំងមួកខៀវរបស់កម្ពុជា ដើម្បីបញ្ចៀសការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩។
តែនៅព្រឹកថ្ងៃទី១៧ ខែសីហា នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសសម្រេចចិត្តជាថ្មីដោយមិនសុំពន្យារពេលនោះឡើយ។ សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «ក្រោយពីទទួលបាននូវពេលវេលាជាក់លាក់ នៃការវិលត្រឡប់ និងការផ្លាស់ប្តូរកងទ័ពមួកខៀវកម្ពុជា ដែលរៀបចំដោយអង្គការសហប្រជា ជាតិ។នៅព្រឹកនេះខ្ញុំបាន សម្រេចឡើងវិញ គឺមិនសុំពន្យារពេលការវិលត្រឡប់របស់កងទ័ពមួកខៀវកម្ពុជា និងការបញ្ជូនកងទ័ពមួកខៀវទៅជំនួសនោះទេ»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការរៀបចំពេលវេលារបស់អង្គការសហប្រជាជាតិបានផ្តល់ឱ្យនេះ ធ្វើឱ្យកម្ពុជាងាយស្រួលក្នុងរៀបចំការធ្វើចត្តាឡីស័ក។ សម្តេចតេជោ បានបន្ថែមថា កងទ័ពមួកខៀវកម្ពុជា ដែលនឹងត្រូវផ្លាស់ប្តូរត្រឡប់មកកម្ពុជាវិញនោះ រួម មាន៖ មកពីប្រទេសម៉ាលី នៅខែកញ្ញា ឆ្នាំ២០២០, មកពីស៊ូដង់ខាងត្បូង នៅខែតុលា ឆ្នាំ ២០២០មកពីអាហ្រ្វិកកណ្តាល នៅខែវិច្ឆកា ឆ្នាំ២០២០ និងត្រឡប់ពីលីបង់ នៅខែមករា ឆ្នាំ២០២១។
ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ក៏បានអំពាវនាវឱ្យ នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងស្ថិតនៅប្រទេសទាំង៤ខាងលើនេះ រៀបចំខ្លួនដើម្បីវិលត្រឡប់ មកកម្ពុជាវិញ។ សម្តេចតេជោ ក៏សូមឱ្យនាយទាហាន នាយទាហានរង និងពលទាហាន ដែលនឹងត្រូវទៅជំនួសរៀបចំខ្លួនចេញដំណើរតាមការចាត់ចែងរបស់ក្រសួងការពារជាតិ និងអង្គការសហ ប្រជាជាតិផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅក្នុងសំណេរដោយបង្ហាញពីជំហរមុតមាំរបស់កម្ពុជាថា បើទោះបីកម្ពុជាជាប្រទេសក្រីក្រ និងកំពុងប្រឈមជាមួយកូវីដ-១៩ បន្ថែមដោយប្រទេសដែលកងទ័ពមួកខៀវកម្ពុជាត្រូវទៅកំពុងមាន ការវាយលុកដោយកូវីដ-១៩ ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពរបស់ខ្លួន មិនបោះបង់ ចោលភារកិច្ចក្នុងការចូលរួមថែរក្សាសន្តិភាពនៅតាមប្រទេសនានាក្រោមឆ័ត្ររបស់របស់អង្គការសហប្រជាជាតិនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា បេសកកម្មនេះ គឺកម្ពុជាចូលរួមដោយស្ម័គ្រចិត្ត និងការទទួលខុសត្រូវក្នុងឋានៈ ជាសមាជិកអង្គការសហប្រជា ជាតិ។ លោកស្រី ម៉ា លីនដា អ្នកនាំពាក្យនៃមជ្ឈមណ្ឌលកងកម្លាំងរក្សាសន្តិភាព បាន ឱ្យដឹងថា កម្ពុជាមានកងកម្លាំងរក្សាសន្តិភាពសរុបចំនួន ៦៧៨នាក់ កំពុងបំពេញបេស កកម្មមនុស្សធម៌ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ នៅប្រទេសចំនួន៤ រួមមានប្រទេសម៉ាលី ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្ដាល និងលីបង់ជាដើម៕

អត្ថបទដែលជាប់ទាក់ទង