ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្ញៀវទេសចរណ៏ជាតិ អន្ដរជាតិ ក្នុងឱកាសឈប់សម្រាក់ជំនួសបុណ្យចូលថ្មីនេះ បាន បង្ហាញពីអារម្មណ៍កក់ក្តៅចំពោះវិធានការការពារមេរោគកូវីដ-១៩

60

 

ភ្នំពេញ៖ ក្នុងអំឡុងពេលរីករាយនៃការឆ្លងថ្ងៃសម្រាកសងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលមិនបានឈប់សម្រាកដោយ សារតែមេរោគកូវីដ-១៩នោះ ភ្ញៀវទេសចរណ៏ជាតិ អន្ដរជាតិជាច្រើនបានបង្ហាញ
អារម្មណ៍កក់ក្តៅចំពោះវិធាន នៃការការពារ និងបង្ការមេរោគកូវីដ១៩ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល។
លោក ពៅ សុផាន់ណារិទ្ធ ជាអ្នកទេសចរក្នុងស្រុកមួយរូបដែលកំពុងតែរីករាយនឹងពេលវេលានេះ ជាមួយក្រុមគ្រួសាររបស់គាត់ នៅខេត្តកំពត បានចែករម្លែកអារម្មណ៍កក់ក្តៅរបស់គាត់លើវិធាន បង្ការមេរោគកូវីដ១៩ នៅក្នុងអំឡុងពេលដ៏រីករាយនេះ ជាពិសេសនៅសណ្ឋាគារ តាមគោលដៅទេសចរណ៍ ក៏ដូចជានៅភោជនីយដ្ឋាន សូម្បីតែនៅក្នុងបង្គន់នៅក្នុងស្ថានីយប្រេងមួយចំនួននៅតាមផ្លូវដែលគាត់បានឈប់សំចត ។ លោកបានបន្ថែមថា៖ នៅតាមគោលដៅ ទេសចរណ៍ ភោជនីយដ្ឋាន សណ្ឋាគារ និងបង្គន់ដែលខ្ញុំបានចូល ខ្ញុំតែងតែកត់សម្គាល់នូវសាររំលឹកពីមេរោគកូវីដ១៩ មានសាប៊ូ ឬ ជែល ឬ អាល់កុល តែទាំងអស់ ។
លោកបានបញ្ជាក់ថា៖ វាជាព័ត៌មានកក់ក្តៅមួយនៅពេលយើងបានឃើញវានៅ កន្លែងណាមួយដែលយើងបានឆ្លងកាត់” ។
ចាប់តាំងពីពេលចាប់ផ្តើមដំណើរកម្សាន្តពីកែបទៅកំពត និងចុងក្រោយបញ្ចប់នៅក្រុងព្រះសីហនុ លោកស្រី ទេព សុផាន ដែលជាអ្នកទេសចរក្នុងស្រុកម្នាក់ទៀតក៏បាន បញ្ជាក់ឲ្យដឹងថា៖ លោកស្រី និងក្រុមគ្រួសារក៏មានការ ព្រួយបារម្ភផងដែរអំពីការផ្ទុះឡើង នៃជំងឺកូវីដ១៩ ប៉ុន្តែបន្ទាប់ពីដំណើរទេសចរណ៍នេះ លោកស្រីក៏បានចែករំលែកនូវអារម្មណ៍កក់ក្តៅរបស់ លោកស្រីដែរ ជាពិសេសគឺចំពោះវិធានបង្ការទាំងអស់ដែលត្រូវបានដាក់ដោយសេវាកម្មទាំងអស់ក្នុងអំ ឡុងពេលដំណើរទេសចរណ៍របស់លោកស្រី។
យោងទៅតាមសម្ដីលោកស្រី ទេព សុផាន បើទោះបីវិធានការបង្ការទាំងអស់មិនអាចអនុវត្តបាន ១០០ ភាគរយ ទៅតាមការប្រកាសរបស់ក្រសួងសុខាភិបាលក៏ដោយ ប៉ុន្តែលោកស្រីអាចទទួលយកបានរាល់ការចូលរួមរបស់សេវាករនានា នៅក្នុងការការពារជំងឺកូវីដ១៩។
លោកស្រីបានរៀបរាប់ថា នៅតាមសណ្ឋាគារដែលលោកស្រី និងគ្រួសារបានស្នាក់នៅត្រូវបានគេកត់ត្រាយ៉ាងតឹងរឹង (ឈ្មោះ ទូរស័ព្ទ និងអាសយដ្ឋាន) ដែលមិនដែលធ្លាប់មានពីមុនបែបនេះ បន្ថែមពីលើការវាស់កម្ដៅ និង ការស្នើសុំលាងដៃដោយជែល ឬ អាល់កុលនៅមាត់ច្រកចូល រីឯបុគ្គលិកសណ្ឋាគារ ទាំងអស់បានពាក់ម៉ាស ប៉ុន្តែភ្ញៀវខ្លះ នៅតែធ្វេសប្រហែស។
លោកស្រីបានបន្ថែមថា នៅតាមភោជនីយដ្ឋានសូម្បីតែនៅឆ្នេរ គឺមានដបជែល និងអាល់កុល នៅលើតុនីមួយៗជានិច្ច។
លោកស្រីបានគូសបញ្ជាក់ថា៖ តាមការសង្កេតរបស់ខ្ញុំ ក្នុងអំឡុងពេលធ្វើដំណើរនេះ ខ្ញុំអាចនិយាយបានថាអ្នកពាក់ព័ន្ធទាំងអស់អាចអនុវត្តមិនលើសពី ៧០ ភាគរយនៃបទ ដ្ឋានបង្ការ ដែលខ្ញុំបានអានក្រោយក្រសួង សុខាភិបាលចេញផ្សាយនោះទេ ប៉ុន្តែភាគរយនេះសមហេតុផល និងអាចទទួលយកបានសម្រាប់ខ្ញុំ”។
លោក ទូច សុភ័ក្ត្រ អ្នកផ្តល់សេវាកម្មទូកកម្សាន្ត នៅតំបន់ទេសចរណ៍ធម្មជាតិម្លេច នាខេត្តកំពតបានមានអះអាងថា លោកបានទទួលការជូនដំណឹងពីមន្រ្តីមូលដ្ឋានឱ្យរៀបចំអនាម័យទូក និងមានអាល់កុល សម្រាប់ភ្ញៀវទាំងអស់ដែលត្រូវការសេវាកម្មទូករបស់លោកសម្រាប់ដំណើរកម្សាន្តតាមទំនប់ធម្មជាតិមួយនេះ។
ពុំមានករណីវិជ្ជមានថ្មីណាមួយត្រូវបានគេរកឃើញសម្រាប់រយៈពេលពីរបីថ្ងៃចុងក្រោយនេះទេ ដូច្នេះចំនួនសរុបនៃអ្នកដែលកើតជំងឺកូវីដ១៩ នៅកម្ពុជា គឺនៅតែមានចំនួន ២៧៣ នាក់  ក្នុងនោះមានជនជាតិខ្មែរ ១៧៤ នាក់ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
ចាប់តាំងពីការរីករាលដាលដំបូងកាលពីចុងខែមករា មកដល់ពេលនេះ ប្រទេសកម្ពុជានៅតែអាចរក្សាបាននូវការការពារការឆ្លងនៅក្នុងស្រុក នៅកម្រិតសឹងតែសូន្យ ដោយគ្មានការបិទប្រទេស ដោយគ្រប់ផ្នែក បានខិតខំរួមគ្នាលើការការពារ និងបង្ការមេរោគតាមការរៀបចំដោយក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន តែងតែបន្តជម្រុញឱ្យជនរួមជាតិយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារខ្លួន ការពារសមាជិកគ្រួសារ និងការពារសហគមន៍របស់ខ្លួន ពីការរាតត្បាតនៃជំងឺកូវីដ១៩ ។
សម្តេចតេជោ ហ៊ុន សែន តែងតែធ្វើការដាស់តឿន និងអំពាវនាវដល់បងប្អូនជនរួមជាតិទាំងឱ្យមានការប្រុងប្រយ័ត្នខ្ពស់កុំឱ្យមានការឆ្លងជំងឺនេះ និងទប់ស្កាត់ឱ្យបានជាពិសេសនៅក្នុង និង ក្រោយពេលឈប់សម្រាកសងថ្ងៃចូលឆ្នាំដែលមិនបានឈប់កាលពីខែមេសា កន្លងមក ។
សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានក្រើនរំលឹកដល់ម្ចាស់រមណីយដ្ឋាន សហគមន៍ទេសចរណ៍ ឬអ្នកមើលការខុសត្រូវលើតំបន់ទេសចរណ៍ ផ្ទះសំណាក់ សណ្ឋាគារ និងភោជនីយដ្ឋានទាំងអស់ ត្រូវធានាឱ្យបាននូវស្តង់ដារសុវត្ថិភាពស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលនិងក្រសួងទេសចរណ៍។
មកដល់ពេលនេះ ប្រជាជនកម្ពុជានៅតែរីករាយនឹងការឈប់សម្រាករយៈពេល ៥ ថ្ងៃដោយចាប់ផ្តើមតាំងពីថ្ងៃច័ន្ទ ។ កាលពីថ្ងៃទី០១ នៃថ្ងៃឈប់សម្រាកនេះ ប្រជាពលរដ្ឋបានដើរលេងនៅតាមគោលដៅទេសចរណ៍នានាសរុបចំនួន ២៣៣.៣២៩ នាក់ ហើយនៅថ្ងៃទី២ គឺមានចំនួន ២៧៧.០៧៨ នាក់៕. សំរិត

អត្ថបទដែលជាប់ទាក់ទង