ទំនាស់ពាក្យសំដី ក្នុងពេលផឹកស៊ីប្រើពូថៅវាយសម្លាប់ជនរងគ្រោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅស្រុកគាស់ក្រឡ
ខេត្តបាត់ដំបង៖ ពីថ្ងៃទី ២០ ខែ សីហា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសម្រេចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងអំពើឃាតកម្ម វាយសម្លាប់ជនរងគ្រោះនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះធា ធី ភេទ ប្រុសអាយុ ៣៩ ឆ្នាំស្នាក់នៅស៊ីឈ្នួលធ្វើចំការឱ្យគេនៅភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅពេលនេះដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានសេចក្តីយល់ព្រមពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ទើបលោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ជំរុញដឹកនាំការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក អូន ហ្វៃ ជានាយការិយាល័យ សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដែលមានលោកវរសេនីយ៍ឯក ប៉ាង ហៀង ជាអធិការនគរបាលស្រុក ឃាត់ខ្លួនក្រោយពេលដែលជនសង្ស័យរូបនេះ បានធ្វើសកម្មភាពវាយសម្លាប់ឈ្មោះមិត មីភេទប្រុសអាយុ៤៥ឆ្នាំ រស់នៅភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ក្រោយមានជម្លោះក្នុងពេលផឹកស៊ីជាមួយគ្នារួចមក។
លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៨ ខែសីហាឆ្នាំ២០២០ មានការជួបជុំផឹកស៊ីនៅក្នុងភូមិកើតហេតុខាងលើ ដែលការផឹកស៊ីនេះបានផ្តើមឱ្យកើតមានទំនាស់ពាក្យសំដី រវាងជនរងគ្រោះនិងជនសង្ស័យ និងឈានដល់ការវាយតប់គ្នាមួយប្រាវ ហើយក៏បញ្ឈប់សកម្មភាពនោះទៅ ។ លុះព្រឹកឡើងថ្ងៃទី១៩ខែ សីហា ឆ្នាំ២០២០ ក៏មានការភ្ញាក់ផ្អើលមួយក្នុងមូលដ្ឋានខាងលើដោយសារគេប្រទះឃើញជនរងគ្រោះឈ្មោះ មិត មី ដេកស្លាប់នៅតាមផ្លូវដោយមានស្លាកស្នាមរបួសលើផ្ទៃមុខផង ។ ផ្តើមពីបញ្ហាដូចខាងលើទើបសមត្ថកិច្ចនគរបាលធ្វើការស្រាវជ្រាវស៊ើបអង្កេត លើករណីនេះ ក្រោមបទបញ្ជារបស់ឯកឧត្តមស្នងការ រហូតឈានទៅកំណត់បានអំពីមុខសញ្ញាធ្វើសកម្មភាព។
លោកវរសេនីយ៍ឯក អូន ហ្វៃ បានឱ្យដឹងថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះធា ធីបានឆ្លើយសារភាពថា រូបគេពិតជាបានប្រើប្រាស់ពូថៅ ពួនស្ទាក់ចាំកាប់សម្លាប់ជនរងគ្រោះខាង លើពិតប្រាកដមែន ហើយមូលហេតុនៃករណីកាប់សម្លាប់បែបនេះ ដោយសារទំនាស់ពាក្យសំដីជាមួយគ្នា ក្នុងពេលជួបជុំផឹកស៊ីនាយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ រហូតឈានដល់ការវាយតប់គ្នានៅពេលនោះផង។
លោកវរសេនីយ៍ឯក អូន ហ្វៃ បានឱ្យដឹងទៀតថា ពូថៅដែលជនសង្ស័យប្រើប្រាស់ក្នុងសក
ម្មភាពនេះ នគរបាលកំពុងស្វែងរកនៅឡើយ ដោយសារជនសង្ស័យឆ្លើយថា បានយកទៅលាក់ទុកនៅជិតទីកន្លែងកើកហេតុ ។ តែទោះជាយ៉ាងនេះក៏ដោយ សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យ ទៅកាន់តុលាការខេត្តបាត់ដំបង ដើម្បីអនុវត្តតាមផ្លូវច្បាប់៕