ជនជាតិថៃ២នាក់ប្តីប្រពន្ធ ម្នាក់ទៀតជាខ្មែរ និងថ្នាំញៀនចំនួន៧៧៣គ្រាប់ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យគ្រឿងញៀន បញ្ជូនទៅតុលាការ
បន្ទាយមានជ័យ ៖ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាជនជាតិថៃ២នាក់ ប្តីប្រពន្ធ និងម្នាក់ទៀតជាជនជាតិខ្មែរ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀន រៀបចំសំណុំរឿងបញ្ជូនខ្លួន រួមទាំងវត្ថុតាងថ្នាំញៀន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ៖ ដើម្បីឲ្យភូមិ ឃុំ មានសុវត្ថិភាព និងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងវិធានការទប់ស្កាត់នូវរាល់បទល្មើសផ្សេងៗ ពិសេសបទល្មើសគ្រឿងញៀន នៅវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ កំលាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត បានល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចមុខកាស៊ីណូប៉ារ៉ាម៉ិច ស្ថិតក្នុងភូមិក្បាលស្ពាន១ បានជួបមុខសញ្ញាសង្ស័យ១នាក់ឈ្មោះ កុលវ័ត្ត សុលីវង្ស អាគី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិថៃ យកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុង ។
លោកអធិការបានបន្តថា ៖ ក្រោយពីសួរនាំឈ្មោះ កុលវ័ត្ត សុលីវង្ស អាគី រួចមក កំលាំងយើងបានបន្តឈានទៅឃាត់ខ្លួន ជនសង្ស័យ២នាក់ទៀតនៅចំណុចផ្លូវដើមពុទ្ទ្រាភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត គឺ១ – ឈ្មោះ ច័ន្ទ រចនា ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ ២ – ឈ្មោះ នុតថាថៃ ថៃសំរ៉ាន ភេទស្រី ជនជាតិថៃ អាយុ៥៩ឆ្នាំ (ហៅម៉ា) ជាប្រពន្ធរបស់ឈ្មោះ កុលវ័ត្ត សុលីវង្ស អាគី មុខរបរមិនពិតប្រាកដ ដោយក្នុងនោះស្រាវជ្រាវរកឃើញវត្ថុតាង មាន ម្សៅក្រាមពណ៌សថ្លាចំនួន៨កូនថង់, ថ្នាំញៀនប្រភេទគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ចំនួន៧៧០គ្រាប់ ក្នុងនោះមានចំនួន៣០គ្រាប់ ច្រកក្នុងកំណាត់ទុយោខ្លីៗ និងថ្នាំញៀនប្រភេទគ្រាប់ពណ៌ខៀវមានអក្ស(WY) មេថ្នាំចំនួន៣គ្រាប់ទៀត ក្រោយមកយើងបានឈានទៅឆែកឆេរបន្ទប់ស្នាក់នៅរបស់ឈ្មោះ កុលវ័ត្ត សុលីវង្ស អាគី រកឃើញជញ្ជីងថ្លឹងថ្នាំ២ និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
លោកវរសេនីយ៍ឯក ង៉េង សុជា ស្នងការរង ទទួលការងារនគរបាលប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ៖ ជនសង្ស័យខ្មែរម្នាក់ និងជនសង្ស័យ២នាក់ ប្តីប្រពន្ធ ជាជនជាតិថៃ រួមទាំងវត្ថុតាងថ្នាំញៀន ប្រភេទគ្រាប់សរុបចំនួន៧៧៣គ្រាប់ និងថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ស ចំនួន៨កូនថង់តូច ព្រមទាំងជញ្ជីងថ្លឹងថ្នាំ២ និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀន រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ហើយដែរ ៕