ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អូស្ត្រាលីអនុញ្ញាតឲ្យជប៉ុន ទម្លាក់ប្រអប់ផ្ទុកគំរូតាងអាចម៍ផ្កាយ Ryugu នៅលើវាលខ្សាច់មួយនាចុងឆ្នាំនេះ

90

(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលអូស្រ្តាលីទើបតែបញ្ជាក់ថា បេសកកម្ម Hayabusa-2 របស់ទីភ្នាក់ងារអវកាសជប៉ុន JAXA ទទួលបានការអនុញ្ញាតជាផ្លូវការហើយ ដើម្បីចុះនៅប្រទេសអូស្រ្តាលី នាខែធ្នូចុងឆ្នាំនេះជាមួយគំរូតាងអាចម៍ផ្កាយ ដែលវាកំពុងដឹកនាំយកមកកាន់ផែនដី។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន Space នៅថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០។

ឥឡូវនេះយាន Hayabusa-2 កំពុងតែធ្វើដំណើរត្រឡប់មកកាន់ភពយើងវិញ ជាមួយគំរូតាងដែលវាប្រមូលបាន មកពីអាចម៍ផ្កាយមួយឈ្មោះថា «Ryugu» ដែលស្ថិតនៅចម្ងាយប្រមាណ ៣៥០លានគីឡូម៉ែត្រពីផែនដី។ ទីភ្នាក់ងារអវកាសរបស់ប្រទេសជប៉ុន JAXA ធ្លាប់បានបញ្ជាក់ហើយថា ខ្លួននឹងទម្លាក់ប្រអប់ស្តុកគំរូតាងរបស់អាចម៍ផ្កាយ Ryugu ទៅតំបន់វាលខ្សាច់របស់ប្រទេសអូស្រ្តាលី នៅពេលដែលយាន Hayabusa-2 ត្រឡប់មកដល់វិញ។

គួរជម្រាបថា កាលពីជំនាន់បេសកកម្ម Hayabusa (Hayabusa ទី១) ជប៉ុនក៏បានបញ្ជូនគំរូតាង ដែលយានអវកាសនោះប្រមូលយកបាន ពីអាចម៍ផ្កាយមួយឈ្មោះ អ៉ីតុកាវ៉ា (Itokawa) ទៅទម្លាក់នៅប្រទេសអូស្រ្តាលីដែរ។ ការទម្លាក់គំរូតាងពីយាន Hayabusa-2 ត្រូវគេកំណត់ថា នឹងធ្វើឡើងនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០។ ទន្ទឹមគ្នានេះ ទីភ្នាក់ងារអវកាស JAXA កំពុងវាយតម្លៃជុំវិញការបញ្ជូន Hayabusa-2 ឲ្យទៅកាន់អាចម៍ផ្កាយមួយផ្សេងទៀត នៅក្នុងរយៈពេលមួយទសវត្សរ៍បន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង