ស្ត្រីម្នាក់ប្តឹងនគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ច្រកអន្តរជាតិអូរស្មាច់មួយរូប ពីបទជម្រិតទាប្រាក់៤០០បាត ជាថ្នូរនឹងការអនុញ្ញាតយកសត្វមាន់២ក្បាលមកចិញ្ចឹម
(ឧត្តរមានជ័យ)៖ នគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ច្រកអន្តរជាតិអូរស្មាច់មួយរូប គឺលោកអនុសេនីយ៍ឯក សៀន វណ្ណា ត្រូវបានស្ត្រីម្នាក់រស់នៅសង្កាត់អូរស្មាច់ ដាក់ពាក្យប្តឹងទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពីបទជម្រិតទាប្រាក់ចំនួន ៤០០បាត ជាថ្នូរនឹងការមិនចាប់សត្វមាន់២ក្បាល ដែលស្ត្រីដើមបណ្ដឹងទិញមកពីប្រទេសថៃ ដើម្បីយកមកចិញ្ចឹមជាលក្ខណៈគ្រួសារ។
ស្ត្រីដើមបណ្ដឹងមានឈ្មោះ ឈុំ សំណាង អាយុ៥៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅសង្កាត់អូរស្មាច់ បាននិយាយរៀបរាប់ប្រាប់ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ នេះថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ រូបគាត់បានឱ្យអ្នកស្គាល់គ្នា ដែលបើករថយន្តដឹកទឹកកកចេញពីប្រទេសថៃ ជួយទិញមាន់ឱ្យគាត់បាន២ក្បាល ដើម្បីយកមកចិញ្ចឹមនៅផ្ទះ ព្រោះសម័យកូវីដ-១៩ មិនដឹងមានរបរអ្វីធំដុំធ្វើទេ ដូច្នេះគាត់រករបរចិញ្ចឹមសត្វ នៅផ្ទះនេះវាស្រួលជាង។
ស្ត្រីដដែលបានបន្តថា ពេលមកដល់មាត់ច្រកទ្វារអន្តរជាតិអូរស្មាច់ នាវេលាម៉ោង៩ព្រឹកថ្ងៃដដែល ស្រាប់តែលោកអនុសេនីយ៍ឯក សៀន វណ្ណា មិនអនុញ្ញាតឱ្យនាំសត្វមាន់២ក្បាលនោះចូលទៅទេ។
មន្ត្រីនគរបាលរូបនោះថែមទាំងទារប្រាក់ចំនួន៤០០បាត ជាថ្នូរនឹងការមិនដកហូតមាន់ ទាំងពីរក្បាលនេះទុក។ ដោយសារការអង្វរមិនព្រម អ្នកដែលគាត់ផ្ញើឱ្យទិញមាន់នោះ ក៏បង់ប្រាក់ឱ្យមន្ត្រីនគរបាលរូបនោះចំនួន ៤០០បាត តាមការទាមទារ។