ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីបេឡារុសកាន់កាំភ្លើង AK ចុះពីលើឧទ្ធម្ភាគចក្រ ចំពោះមុខបាតុកររាប់សែន ដែលទាមទារឲ្យលោក ចុះចេញពីតំណែង

118

(មីនស្ក៍)៖ ប្រធានាធិបតីបេឡារុស លោក អាឡិចហ្សានដឺ លូកាសហ្សិនកូ (Alexander Lukashenko) ត្រូវបានគេថតរូបលោក កាន់កាំភ្លើង AK មួយដើមហើយចុះពីលើឧទ្ធម្ភាគចក្រ ខណៈក្រុមបាតុករជាង ២០០,០០០នាក់ ប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ាជាថ្មី នៅក្នុងទីក្រុងមីនស្ក៍ ដើម្បីទាមទារឱ្យលោកចុះចេញពីតំណែង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sky News នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០។

ក្រុមបាតុករបានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ាសាជាថ្មី នៅក្នុងទីក្រុងមីនស្ក៍ កាលពីថ្ងៃអាទិត្យម្សិលមិញ ជាមួយការស្រែកច្រៀងទាមទារឱ្យលោក Lukashenko ចុះចេញពីតំណែង ហើយថែមទាំងបានធ្វើដំណើរទៅក្បែរវិមានឯករាជ្យ ជាទីដែលឧទ្ធម្ភាគចក្រមួយគ្រឿង ដឹកប្រធានាធិបតីបេឡារុសរូបនេះចុះចត។ លោក Lukashenko បានចុះពីលើឧទ្ធម្ភាគចក្រ ដោយស្លៀកឯកសណ្ឋានជាកងកុម៉្ម៉ង់ដូរពិសេស និងកាន់កាំភ្លើង AK មួយដើមនៅក្នុងដៃ បន្ទាប់ពីលោកផ្ទាល់បានចេញបញ្ជា ឱ្យមានការប្រើប្រាស់កម្លាំងយោធា ដែលក្រុមអ្នកតាមដានបានមើលឃើញថា នឹងនាំទៅរកការបង្រ្កាបយ៉ាងបង្ហូរឈាមមួយ ប្រឆាំងនឹងក្រុមបាតុករ ដែលត្រូវបានក្រសួងការពារជាតិបេឡារុសហៅថា «ក្រុមផ្ដាច់ការហ្វាស៊ីស»

គួរជម្រាបថា គិតចាប់តាំងពីដើមខែសីហា មកទល់នឹងពេលនេះ មនុស្សសរុបជាង ៧,០០០នាក់ហើយត្រូវបានអាជ្ញាធរបេឡារុសចាប់ខ្លួន នៅក្នុងបាតុកម្មតវ៉ាប្រឆាំងលោក Lukashenko បន្ទាប់ពីលោកបានប្រកាសពីជ័យជម្នះ ដោយទទួលបានសំឡេងគាំទ្រដល់ទៅជាង ៨០ភាគរយ នៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី០៩ ខែសីហា។

លោក Lukashenko បានកាន់តំណែងជាប្រធានាធិបតីបេឡារុស ចាប់តាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ ប៉ុន្តែក្រុមគណបក្សប្រឆាំងបានចោទថា ការបោះឆ្នោតមានការក្លែងបន្លំ ហើយសហភាពអឺរ៉ុបក៏បានប្រកាស មិនទទួលស្គាល់លទ្ធផលបោះឆ្នោតនេះដែរ ខណៈរុស្ស៊ីនិយាយចំៗថា គណបក្សប្រឆាំងបេឡារុសចង់ឱ្យមានការបង្ហូរឈាម ផ្ទុះឡើងនៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង