អាជ្ញាធររាជធានី បន្តកាយសំរាម ចេញពីប្រឡាយមុខស្ថានីយ៍បូមទឹកបឹងត្របែក ដើម្បីបើកមុខទឹកឱ្យហូរបានលឿន
ភ្នំពេញ៖ អង្គភាពលូទឹកនិងបូមទឹកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានប្រើប្រាស់គ្រឿងចក្រកាយនិងកើបដឹកសំរាមជាច្រើនចេញពីប្រឡាយបឹងត្របែកនៅមុខស្ថានីយ៍ដើម្បីបើកមុខទឹកឱ្យហូរបានលឿនចុះទៅស្ថានីយ៍ងាយស្រួលក្នុងការបូមទឹកចេញរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀង។
ប្រធានអង្គភាពលូទឹកនិងបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោកដួង ចាន់សារ៉ាត់បានឱ្យដឹងថា សកម្មភាពកាយស្ថារសំរាមនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥សីហានេះក្រោយពីមានការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
លោកប្រធានបន្តថា កន្លងមកសំរាមនៅក្នុងប្រឡាយបឹងត្របែកដែលប្រជាពលរដ្ឋយកទៅបោះចោលរហូតមើលមិនឃើញទឹកក្នុងប្រឡាយនោះទេ។ តែមកដល់ពេលនេះមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានកាយនិងកើបដឹកចេញបានចំនួនធំហើយ ។ តែដោយសារកន្លងទៅនេះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ធ្វើឱ្យសំរាមហូរមកជាថ្មីបណ្ដាលឱ្យសំរាមកកស្ទះនៅក្នុងប្រឡាយបឹងត្របែកនេះចំងាយពី៥០ទៅ៧០ម៉ែត្រមុខស្ថានីយ៍ទើបយើងចាប់ផ្ដើមកាយកើបដឹកចេញបន្តទៀត។
លោកដួង ចាន់សារ៉ាត់ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងទៀតថា សំរាមនៅក្នុងប្រឡាយបឹងត្របែក ដែលប្រជាពលរដ្ឋយកទៅបោះចោល ក្នុងប្រឡាយនោះកាលពីខែកក្កដាមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានកាយប្រមូលសំរាមនៅប្រឡាយបឹងត្របែក បានចំនួន ១៥៤ឡានស្មើនឹងប្រមាណ៥០ភាគរយនៃសំរាមក្នុងប្រឡាយហើយ ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សានេះ។
លោកប្រធានបានបញ្ជាក់ដែរថា តាមគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងរយៈពេល៣ខែធ្វើការកាយស្ដារនិងកើបសំរាមដឹកចេញម្ដងតែបើសំរាមច្រើនហើយកកស្ទះខ្លាំងយើងអាចធ្វើការកាយកើបដឹកចេញជាក់ស្ដែងមិនបាច់ចាំដល់ខែឬអាទិត្យនោះទេធ្វើយ៉ាងណាកុំឱ្យកកស្ទះទឹកត្រូវតែកាយភ្លាមដូចពេលនេះអញ្ចឹង។
ពាក់ព័ន្ធបញ្ហានេះដែរ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្លាប់មានប្រសាសន៍ដឹង ហើយថា៖ ប្រឡាយបឹងត្របែកពិសេសនៅក្រោយស្ថានីយ៍បឹងត្របែកត្រូវបងប្អូនប្រជាពលរដ្ឋយកសំរាមទៅបោះចោលរហូតមើលមិនឃើញទឹកក្នុងប្រឡាយទៅហើយ ដោយមើលឃើញពីបញ្ហាប្រឈមនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រោមការណែនាំពីលោ កឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យមន្ត្រីជំនាញដាក់គ្រឿងចក្រចុះកាយភ្លាមៗតែម្តង ដើម្បីធ្វើយ៉ាងណាអាចបូមទឹកបានរំដោះការលិចលង់៕