តុលាការថៃនឹងសម្រេចនៅខែក្រោយ លើសំណើជុំវិញការរៀបចំរចនាសម្ព័ន្ធឡើងវិញរបស់ Thai Airways ដែលបានប្រកាសក្ស័យធន
(បាងកក)៖ ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways នៅថ្ងៃអង្គារនេះបានឲ្យដឹងថា តុលាការក្ស័យធនថៃគ្រោងនឹងចេញសេចក្តីសម្រេច ទាក់ទងទៅនឹងសំណើររបស់ខ្លួន ជុំវិញការរៀបចំរចនាសម្ព័ន្ធឡើងវិញ នៅថ្ងៃទី១៤ ខែកញ្ញា ខាងមុខ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀល ថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០។
តុលាការថៃបានបើកសវនាការបន្ថែមចំនួនពីរលើក គឺកាលពីថ្ងៃទី២០ ខែសីហា និងនៅថ្ងៃទី២៥ ខែសីហានេះ នៅពេលដែលម្ចាស់បំណុលតូចៗមួយចំនួន បានជំទាស់នឹងសំណើរសុំរៀបចំរចនាសម្ព័ន្ធឡើងវិញរបស់ Thai Airways។ ទន្ទឹមគ្នានេះ លោក Chansin Treenuchagron ប្រធានស្តីទីក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សវនាការនៅថ្ងៃនេះ បានដំណើរការយ៉ាងរលូន និងដូចជាអ្វីដែលយើងបានរំពឹកទុក»។
គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានដាក់សំណើរសម្រាប់ការការពារចំពោះការប្រកាសក្ស័យធនតាំងតែពីខែឧសភា មកម្ល៉េះ។ នៅចំពោះមុខបញ្ហានេះ នាយកៗ និងក្រុមទីប្រឹក្សាផ្នែកច្បាប់របស់ Thai Airway ធ្លាប់បានអះអាងថា ពួកគេមានទំនុកចិត្តខ្ពស់ថា តុលាការនឹងយល់ព្រមលើសំណើរបស់ខ្លួន ដោយសារតែការឯកភាពគ្នារវាងម្ចាស់បំណុលធំៗរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ៕