កម្មវិធីសរសេរកូដថ្មី សម្រាប់ក្មេងស្រី នៅកម្ពុជា ជាមួយ Sisters of Code
ភ្នំពេញ៖ នៅថ្ងៃទី២៥សីហានេះ លោកPABLO KANG ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា បានជួបជាមួយនិស្សិត និងអ្នកប្រឹក្សាណែនាំនៅ Computer Academy STEP Cambodia ដើម្បីប្រកាសពីការគាំទ្ររបស់អូស្រ្តាលី លើកម្មវិធីសរសេរកូដថ្មី សម្រាប់ក្មេងស្រី នៅកម្ពុជា។ នេះបើតាមការផ្សាយព័ត៌មានស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា Australian Embassy។
Sisters of Code គឺជាក្លឹបសរសេរកូដនារី ដែលជួយក្មេងស្រីអភិវឌ្ឍជំនាញសរសេរកូដ និងអាចចូលទៅកាន់អាជីពក្នុងវិស័យ STEM ។
អូស្រ្តាលីកំពុងផ្តល់មូលនិធិដល់ថ្នាក់សរសេរកូដតាម online ចំនួន ១០វគ្គ សម្រាប់ស្ត្រី និងក្មេងស្រី ក្នុងពេលមានជំងឺកូវីដ-១៩នេះ ដើម្បីធានាថាក្លឹបសរសេរកូដអាចបន្តបង្រៀនបាន ទោះបីជាមានការរំខានពីការរាតត្បាតនេះក៏ដោយ។
លោកឯកអគ្គរាជទូតក៏មានសេចក្តីរីករាយផងដែរ ក្នុងការបរិច្ចាគកុំព្យូទ័រលើតុចំនួន ៦ គ្រឿងដល់ក្រុមការងារនៅ Sisters of Code ដើម្បីជួយកម្មវិធីធ្វើការបណ្តុះបណ្តាលរបស់ពួកគេកាន់តែកើនមួយកម្រិតទៀត នៅពេលសិស្សអាចត្រឡប់មកសិក្សានៅតាមថ្នាក់វិញ។
ឯកអគ្គរាជទូត Kang បានមានប្រសាសន៍ថា “សម្រាប់និស្សិតនៅជុំវិញពិភពលោក ការសរសេរកូដជាទម្រង់អក្ខរកម្មថ្មីមួយ ដែលត្រូវតែរៀនតាំងពីវ័យក្មេង។“
“វាជាការចាំបាច់ដែលយើងបណ្តុះបណ្តាលក្មេងស្រីនូវជំនាញសរសេរកូដ ដែលពួកគេត្រូវការ ដើម្បីទទួលបានអាជីព និងមានប្រាក់ខែខ្ពស់ ស្មើនឹងបុរស នៅក្នុងវិស័យ STEM ។“
ថ្នាក់ដែលផ្តល់មូលនិធិដោយអូស្រ្តាលីនេះ សិក្សាដោយឥតគិតថ្លៃ តាម online និងអាចសិក្សាបាននៅទីនេះ ៕