ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចក្រឡាហោម អំពាវនាវពលរដ្ឋ និងអ្នកនយោបាយខ្មែរ កុំលាបពណ៌ដាក់គ្នាក្រោយថ្ងៃបោះឆ្នោត

138


ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់គណបក្សនយោបាយ មេត្តាកុំធ្វើការចោទប្រកាន់ ឬលាបពណ៌គ្នាទៅវិញទៅមក រវាងអ្នកបានទៅបោះឆ្នោត និងអ្នកមិនបានទៅបោះឆ្នោត ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវតាមរយៈផេកហ្វេសប៊ុក កាលពីថ្ងៃទី១សីហាថា ៖ ដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ កន្លងទៅ នេះបានបង្ហាញដល់ពិភពលោក ឲ្យឃើញពីការចូលរួមរបស់ប្រជារាស្ត្រខ្មែរច្រើនកុះករ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ច អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និង គណបក្ស នយោបាយទាំងអស់ ដែលមានភាពចាស់ទុំខាងនយោបាយ បានធ្វើឲ្យដំណើរការបោះឆ្នោត ប្រកបដោយសុវត្ថិភាព សេរី ត្រឹមត្រូវ និង យុត្តិធម៌ ។ ការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋ ច្រើនជាង៨២ភារយ នៃអ្នកមានឈ្មោះបោះឆ្នោត នាពេលកន្លងទៅនេះក៏បានបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋខ្មែរបានយល់ដឹងច្បាស់ និង បានប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួន បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត មកពីគណបក្សនយោបាយនានា ដែលខ្លួនពេញចិត្តដោយសេរី គ្មានការកៀបសង្កត់ ឬបង្ខិតបង្ខំអ្វីឡើយ ។ ក្នុងបរិបទនេះដើម្បីបន្ត និង ពង្រឹង ដំណើរការលទ្ធិប្រជាធិបតេយ្យ ក៏ដូចជា ការ បង្រួបបង្រួម និង ឯកភាពជាតិខ្មែរ ខ្ញុំសូមអំពាវនាវ ដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង គ្រប់គណបក្សនយោបាយ មេត្តាកុំធ្វើការ ចោទប្រកាន់ ឬ លាបពណ៌ គ្នាទៅវិញទៅមក រវាងអ្នកបានទៅបោះឆ្នោត និង អ្នកមិនបានទៅបោះឆ្នោត ហើយត្រូវចាត់ទុកថា ជោគជ័យ នេះគឺជាជោគជ័យរបស់ជាតិខ្មែរទាំងមូល ៕

អត្ថបទដែលជាប់ទាក់ទង