សម្តេចតេជោ ៖ ការបោះឆ្នោតកន្លងមកនេះ គឺយើងឈ្នះទាំងអស់គ្នា ដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “សុខសប្បាយជាទេបងប្អូនកូនក្មួយ? ថ្ងៃនេះពូសប្បាយចិត្តណាស់ ដែលបានបន្តចុះជួបសួរសុខទុក្ខកូនក្មួយកម្មករ តាមការសន្យារបស់ពូ កាលមុនបោះឆ្នោត គឺប្រសិនបើគណបក្សប្រជាជន ឈ្នះឆ្នោត ពូនឹងបន្តចុះជួបសួរសុខទុក្ខ កូនក្មួយកម្មករ ជាបន្តនៅទូទាំងប្រទេស”។
សម្តេចតេជោ បានថ្លែងថា “ខ្ញុំសូមអរគុណបងប្អូនប្រជាពលរដ្ឋ ទូទាំងព្រះរាជាណាចក្រកម្ពុជា និងចំពោះកូនក្មួយកម្មករ ទូទាំងប្រទេសដែលបានទៅបោះឆ្នោត កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ បងប្អូនជនរួមជាតិ បានចូលរួមនៅក្នុងដំណើរការ ប្រជាធិបតេយ្យតាមរយៈការទៅបោះឆ្នោត ដែលមានអត្រាជាង (៨២%) ដែលមានសារសំខាន់បំផុតសម្រាប់ប្រទេសជាតិយើង។ សូមអរគុណម្ចាស់រោងចក្រទាំង២៤ ដែលបានផ្តល់ឱកាស ឲ្យកូនក្មួយបានមកជួបជុំខ្ញុំ និបានឈប់សម្រាកនៅរសៀលថ្ងៃនេះ ។ ពូសូមអរគុណកូនក្មួយកម្មករទាំងអស់ ដែលបានស្វាគមន៍បដិសណ្ឋារកិច្ច ពូយ៉ាងរាក់កក់ក្តៅនៅព្រឹកថ្ងៃនេះ ដែលបង្ហាញអោយឃើញពីការគោរពស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ និងគាំទ្ររបស់ក្មួយៗមកលើរូបពូ។ ពូជូនពរក្មួយៗមានការងារធ្វើជាប់លាប់ល្អៗ មានសុខភាពល្អ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា។ អរគុណក្មួយៗដែលបានបោះឆ្នោតឲ្យ គណបក្សប្រជាជនកម្ពុជា លេខ២០ ដើម្បីឲ្យពូមានឱកាសនៅ បន្តអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើន ក្រោមម្លប់ដ៏ត្រជាក់ នៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា”។
សម្តេចតេជោ បានលើកឡើងថា បងប្អូនធ្វើដំណើរតាមកាណូត និងតាមរថភ្លើងអត់យកប្រាក់ FREE ។ កាលពីម្សិលមិញថ្ងៃទី ១ សីហា ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញសម្ពោធ ចំណតកាណូត នៅទីតាំងចំណតឫស្សីកែវ ដែលបានដាក់ឲ្យសាធារណជនប្រើប្រាស់រួចហើយ។ ទន្ទឹមនឹងនេះ ផ្លូវរថភ្លើងពីទីក្រុងភ្នំពេញ ទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏ត្រូវបានតភ្ជាប់រួចហើយ បានដាក់ឲ្យដំណើរការរួចហើយដែរ កាលពីពេលថ្មីៗនេះ ដើម្បីបម្រើដល់ការធ្វើដំណើរ និងក្នុងការដឹកជញ្ជូនទំនិញផ្សេងៗ របស់ពលរដ្ឋ និងអាជីវករឲ្យកាន់តែងាយស្រួលនិងមានតម្លៃថោក”។
សូមអញ្ជើញបងប្អូនធ្វើដំណើរតាមកាណូត (ពីភ្នំពេញទៅតាខ្មៅ) និងតាមរថភ្លើង (ពីភ្នំពេញទៅប៉ោយប៉ែត បន្ទាយមានជ័យ) ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ២០១៨ នេះ គឺមិនយកថ្លៃជិះឡើយ (Free)។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏កំពុងស្នើសុំទៅក្រុមហ៊ុន Royal Railway របស់ អ្នកឧកញ៉ា គិត ម៉េង ដើម្បីបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ តាមរថភ្លើង មិនគិតថ្លៃនៅក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខនេះ តាមរយៈខ្សែរថភ្លើងពីភ្នំពេញទៅខេត្តព្រះសីហនុ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីមកពីតាមរោងចក្រ សហគ្រាសនានានៅរោងចក្រតំបន់លូ៥ ក្នុងសង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
កម្មករ កម្មការនី ដែលនឹងជួបសំណេះសំណាលជាមួយ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ មានចំនួន ១៤.៦៩៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ ដែលក្នុងនោះមកពីក្រុមហ៊ុនប្រទេសចិនចំនួន១៩ កូរ៉េចំនួន២ សិង្ហបុរីចំនួន១ និងខ្មែរចំនួន១។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន២១ ផលិតស្បែកជើងចំនួន២ និងបោកគក់ចំនួន១។ ផលិតផលទាំងអស់ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទៅលើទីផ្សាក្នុងប្រទេស៕