ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នៅក្រោយថ្ងៃបោះឆ្នោត បញ្ជាក់ថា កម្ពុជា នៅបន្តស្ថិរភាព សុខសន្តិភាព និងបន្តការអភិវឌ្ឍ

303

ភ្នំពេញ៖៣ថ្ងៃក្រោយថ្ងៃបោះឆ្នោត ពោលគឺនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញវត្តមាន ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវចំណតនាវាដឹកអ្នកដំណើរ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន ក៏បានដឹកនាំរដ្ឋមន្ត្រីជាច្រើន រួមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ផ្សេងទៀត ជិះកាណូតដឹកអ្នកដំណើរ ពីឫស្សីកែវ ទៅកាន់ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាសេវាដឹកជញ្ជូនថ្មីមួយទៀត ភ្ជាប់រាជធានីភ្នំពេញ ទៅកាន់ខេត្តកណ្តាល។
សម្តេចតេជោ ហ៊ុន សែន បានទស្សនាតាមផ្លូវទឹក នូវការអភិវឌ្ឍន៍ ដូចជា ស្ពានបាឡេ ឫស្សីកែវ និងស្ពានជ្រោយចង្វារភ្លោះ ដែលពេលនេះស្ពានខាងជប៉ុន កំពុងជួសជុល ព្រមទាំងទិដ្ឋភាពពីក្នុងទន្លេ នៅផ្នែកខាងភ្នំពេញ និងផ្នែកខាងជ្រោយចង្វារ ពោរពេញដោយសណ្ឋាគារ និងអគារទំនើបខ្ពស់ៗ កំពុងបង្ហាញខ្លួនច្រើនឡើងៗ។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអនុញ្ញាតឲ្យប្រជាពលរដ្ឋ បន្តជិះកាណូត ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ និងជិះរថភ្លើង ភ្នំពេញ-ប៉ោយប៉ែត ដោយឥតគិតថ្លៃ រហូតដល់បំណាច់ឆ្នាំ២០១៨។ ការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវដែកនេះ ត្រូវបានបើកដំណើរការសាកល្បង កាលពីដើមខែមេសា ឆ្នាំ២០១៨ ហើយរាជរដ្ឋាភិបាល អនុញ្ញាតឲ្យប្រជាពលរដ្ឋ ធ្វើដំណើរ ដោយឥតគិតថ្លៃ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ហើយនៅថ្ងៃទី១ ខែសីហានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានតម្រូវឲ្យប្រជាពលរដ្ឋបង់លុយ ថ្លៃធ្វើដំណើរ។ ក៏ប៉ុន្តែពេលនេះ សម្តេច ហ៊ុន សែន បានប្រកាសបន្តឲ្យប្រជាពលរដ្ឋ ជិះដោយមិនគិតលុយឡើយ រហូតដល់ដាច់ឆ្នាំ២០១៨ តែម្តង។
ជាមួយគ្នានោះ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន ក៏នឹងបន្តចុះជួបសំណេះសំណាលជាមួយកម្មករកាត់ដេរ នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីសម្តេច បានផ្អាកសកម្មភាពចុះជួបកម្មករកាត់ដេរ កាលពីដើមខែកក្កដា គឺនៅមុនយុទ្ធនាឃោសនាបោះឆ្នោត។
វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ចេញមុខជាសាធារណៈ នៅក្រោយការបោះឆ្នោតតែ ៣ថ្ងៃប៉ុណ្ណោះ បានសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាទោះបីជាមានការបោះឆ្នោត ហើយការបោះឆ្នោតទើបតែបញ្ចប់ក៏ដោយ ក៏កម្ពុជានៅតែរក្សាបាននូវសុខសុវត្ថិភាពពេញលេញ ខុសពីការបោះឆ្នោតមុនៗ។ ការបោះឆ្នោតមុនៗ រាប់ចាប់តាំងពីឆ្នាំ១៩៩៣ មក គឺក្រោយបោះឆ្នោត តែងតែមានការតវ៉ាជំទាស់នឹងលទ្ធផលបោះឆ្នោតជានិច្ច ហើយអូសបន្លាយដល់មួយឆ្នាំយ៉ាងតិច ទើបវិបត្តិនយោបាយនោះ ដោះស្រាយបាន។
ក៏ប៉ុន្តែការបោះឆ្នោតឆ្នាំ២០១៨ នេះ ខុសពីមុនស្រលះ។ មុនការបោះឆ្នោត អំឡុងពេលបោះឆ្នោត និងនៅក្រោយបោះឆ្នោត គឺកម្ពុជាមិនមានហេតុការណ៍ណាមួយ ធ្វើឲ្យប្រជាជន ភ័យខ្លាច ឬក៏កើតមានអំពើហិង្សា ការគំរាមកំហែង ក៏មិនមានសោះឡើយ។
នាយករដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលចាស់ និងជាអនាគតនាយករដ្ឋមន្ត្រី ក្នុងអាណត្តិថ្មី សម្តេចតេជោ ហ៊ុន សែន បានចេញបង្ហាញមុខជាសាធារណៈ ជិះកាណូតដឹកអ្នកដំណើរ ទស្សនា មើលការអភិវឌ្ឍន៍យ៉ាងរំភើយ។ បន្ទាប់មក នាយករដ្ឋមន្ត្រីដដែល ក៏នឹងបន្តសកម្មភាពចុះជួបកម្មករកាត់ដេរ ដូចការសន្យាកាលពីមុនបោះឆ្នោត។
ក្នុងពេលអញ្ជើញជួបកម្មករកាត់ដេរម្តងៗ គិតចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានស្វែងយល់ពីទុក្ខលំបាករបស់កម្មករកម្មការិនី និងដោះស្រាយបញ្ហាប្រឈមរបស់ពួកគេ ជាពិសេស ដើម្បីជំរុញគោលនយោបាយឧស្សាហកម្ម ឲ្យបានកាន់តែប្រសើរថែមទៀត។ អត្ថប្រយោជន៍ជាច្រើន ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន ផ្តល់ឲ្យដល់កម្មករកម្មការិនីកាត់ដេរ ដូចជា ប្រាក់សម្រាប់ស្ត្រីកម្មករកាត់ដេរឆ្លងទន្លេ កូនម្នាក់ ៤០ម៉ឺនរៀល និងទទួលបានប្រាក់ខែ ១២០% រយៈពេល ៣ខែ នៃការសម្រាកលំហែមាតុភាព ព្រមទាំងការពិនិត្យសុខភាព ព្យាបាលជំងឺដោយឥតបង់ប្រាក់ ជាដើម។
នៅពេលជួបកម្មករកាត់ដេរ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ ច្បាស់ណាស់ថា នាយករដ្ឋមន្ត្រី ក្នុងអាណត្តិមុន និងជាអនាគតនាយករដ្ឋមន្ត្រី ក្នុងអាណត្តិថ្មី នឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនទៀត ដល់កម្មករកាត់ដេរ ក៏ដូចជា ប្រជាជនកម្ពុជាទាំងអស់ ដើម្បីតបស្នងនឹងការបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ពិសេសរូបសម្តេចតេជោ ហ៊ុន សែន ឲ្យបន្តដឹកនាំកម្ពុជាតទៅទៀត។
សរុបមក វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នៅក្រោយការបោះឆ្នោតតែប៉ុន្មានថ្ងៃនេះ មានន័យដ៏ធំធេង ប្រាប់ទៅកាន់ប្រជាជនកម្ពុជា ពិសេសអ្នកវិនិយោគទាំងអស់ថា ក្រោយការបោះឆ្នោត កម្ពុជាបន្តនូវស្ថិរភាពនយោបាយ សុខសន្តិភាព និងបន្តការអភិវឌ្ឍន៍។ ពោលគឺអ្វីៗ បានវិលមកប្រក្រតីភាព ជាធម្មតា មិនត្រឹមតែនៅភ្នំពេញទេ គឺនៅក្របខណ្ឌទូទាំងប្រទេស។ ម្យ៉ាងទៀត ដំណើរការបន្តការអភិវឌ្ឍន៍ ក៏មិនចាំដល់មានរាជរដ្ឋាភិបាលថ្មីឡើយ៕ ដោយ៖សុខ ស្រីពៅ

អត្ថបទដែលជាប់ទាក់ទង