ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងបង្កើតនៅថ្ងៃទី២០ ខែកញ្ញា ហើយពេលនេះគ្មានគណបក្សនយោបាយ ណាមួយ អះអាងពីការទទួលអាសនៈប៉ុន្មាននោះទេ

139

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមការគ្រោងទុករដ្ឋសភាអាណត្តិថ្មី នឹងបើកសម័យប្រជុំនៅថ្ងៃទី១៩ ខែកញ្ញា ហើយរាជរដ្ឋាភិបាលអាណត្តិថ្មីនឹងបង្កើតនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ។ សម្តេចតេជោ បានបង្ហាញនូវមោទនភាព ចំពោះប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណ ៨២% ដែលបានទៅ បោះឆ្នោតចូលរួមដំណើការ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានទៅបោះ ឲ្យគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ កាលពីថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ កន្លងមកនេះ។ ការបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា គឺដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍព្រោះសន្តិភាពសម្រាប់ យើងទាំងអស់គ្នា ហើយទាំងអស់គ្នាសម្រាប់សន្តិភាព។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបោះឆ្នោតថា៖ ប្រជាពលរដ្ឋបានទៅបោះឆ្នោត គឺបានបង្ហាញពីការចូលរួមក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ ពិតនៅកម្ពុជា។ បងប្អូនប្រជាពលរដ្ឋបានចូលរួមទៅបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា មានតំលៃស្មើនឹងការចូលរួមថែរក្សាសន្តិភាព និងការអភវិឌ្ឍ។ នៅក្នុងឱកាសនេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានអរគុណអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាប័ន ពាក់ព័ន្ធនានា ដែលបានចូលរួមរក្សាសុខសុវត្ថិភាព និងជួយសម្រួល ដល់គណបក្សនានាក្នុងអំឡុងពេល បោះឆ្នោត។

ថ្លែងពីលើវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននៅរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាការគ្រោងទុកនៃកិច្ចដំណើរការថ្ងៃទី១៩ នឹងត្រូវបើកប្រជុំសភាលើកដំបូងនៅព្រឹកថ្ងៃទី១៩ ហើយល្ងាចថ្ងៃ១៩ ខែកញ្ញា នឹងត្រូវចូលស្បថនៅសភា ចូលកាន់តំណែង ។ ព្រឹកថ្ងៃទី២០ នឹងបង្កើតរាជរដ្ឋាភិបាល ល្ងាចថ្ងៃទី២០ ខែកញ្ញា នឹងត្រូវចូលស្បថកាន់តំណែង ហើយថ្ងៃទី២១ ខែកញ្ញា នឹងត្រូវប្រជុំគណៈរដ្ឋមន្ត្រីថ្មីលើកដំបូង ។ នេះគ្រាន់តែបញ្ជាក់ប្រាប់ដល់ប្រជាពលរដ្ឋ អំពីកិច្ចដំណើរការនៃការបោះឆ្នោតអាណត្តិទី៦នេះ។

ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីមូលហេតុដែលនាំឲ្យមានការពន្យារពេល រហូតដល់ទៅជាងមួយខែ ក្នុងការបង្កើតរដ្ឋសភាថ្មី ក៏ដូចជារាជរដ្ឋាភិបាលថ្មី ក្រោយពេលលទ្ធផលបោះឆ្នោត ត្រូវបានប្រកាសជាផ្លូវការ។ បើតាមសម្តេចតេជោ ហ៊ុន សែន ដូចជានៅក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសជប៉ុន ក្រោយពេលលទ្ធផលបោះឆ្នោតប្រកាសភ្លាម គឺគេបង្កើតរដ្ឋាភិបាលភ្លាមៗតែម្តង តែសម្រាប់កម្ពុជា ត្រូវទុកពេលឲ្យមានការប្តឹងតវ៉ាពីគណបក្សនយោបាយនានា ក៏ដូចជាទុកពេលឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោះស្រាយបញ្ចប់នូវវិវាទនានាជាមុនសិន។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា “អីឡូវនេះការបោះឆ្នោតកំពុងតែ ស្ថិតក្នុងការដោះស្រាយរបស់ គ.ជ.ប បន្ទាប់ពី គ.ជ.ប ដោះស្រាយបញ្ហារួចហើយ ប្រសិនបើមានបញ្ហាដោះស្រាយមិនបាន នឹងត្រូវប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ប្រសិនបើក្រុមប្រឹក្សាធម្មនុញ្ញ ដោះស្រាយរួចហើយទើបបង្វិលបញ្ហានេះឲ្យ គ.ជ.ប រៀបចំពិនិត្យ និងប្រកាសលទ្ធផលផ្លូវការ ហើយបែងចែកអាសនៈ និងប្រកាសបេក្ខជនជាប់ឆ្នោតផងដែរ។ សម្រាប់កម្ពុជា ត្រូវពន្យាររហូតដល់ខែកញ្ញា ព្រោះទុកលទ្ធភាព ឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោះស្រាយនូវបញ្ហាលើពាក្យបណ្តឹងមួយចំនួន របស់គណបក្សនយោបាយ”។
សម្តេចតេជោ បានបន្ថែមថា នៅពេលនេះគ្មានគណបក្សនយោបាយណាមួយ ដែលត្រូវអះអាងថាខ្លួន នឹងត្រូវបានកៅអីប៉ុណ្ណេះ កៅអីប៉ុណ្ណោះទេ ព្រោះឥឡូវនេះកំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយរបស់គ.ជ.ប៕

អត្ថបទដែលជាប់ទាក់ទង