អាជ្ញាធរ ស្នើពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវ នៅក្នុងទីតាំងរៀងៗខ្លួន ជាបណ្តោះអាសន្នសិន ក្នុងឱកាសថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការទុកដាក់សំរាម ក្នុងឱកាសថ្ងៃឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលបុគ្គលិក កម្មករ របស់ក្រុមហ៊ុនស៉ីនទ្រីមួយចំនួន ត្រូវឈប់សម្រាកពីការងារ។
ដើម្បីថែរក្សាសោភ័ណភាព អនាម័យ បរិស្ថានរាជធានី រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ដែលមានទីតាំងក្នុងរាជធានីភ្នំពេញទាំងអស់ សូមមេត្តាយោគល់ និងអធ្យាស្រ័យ កុំបញ្ចេញសំរាម សំណល់រឹងមកដាក់នៅតាមដងផ្លូវសាធារណៈ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនេះ ដោយសូមរក្សាការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ នៅក្នុងទីតាំងរៀងៗខ្លួនជាបណ្ដោះអាសន្ន។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានលើកឡើងថា “ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញាខាងមុខនេះ ការផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមក្នុងរាជធានីភ្នំពេញ នឹងមានការរអាក់រអួលមិនបានពេញលេញល្អដូចថ្ងៃធម្មតាទេ ដោយសារកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រីមួយចំនួនត្រូវបានឈប់សម្រាកពីការងារក្នុងអំឡុងពេលនោះដែរ។ ករណីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើសុំការយោគយល់និងអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម និងសេវាកម្ម ក្នុងរាជធានីភ្នំពេញទាំងអស់ កុំបញ្ចេញសំរាមមកដាក់នៅតាមដងផ្លូវសាធារណៈ និងរក្សាទុកដាក់សំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវនៅក្នុងទីតាំងរៀងៗខ្លួនជាបណ្តោះអាសន្នសិន”៕