ធនាគារអភិវឌ្ឍន៍អាស៊ី ប្រកាសចាប់ផ្ដើមអនុវត្ត យុទ្ធសាស្ត្រ ឆ្នាំ ២០៣០ ដើម្បីឆ្លើយតបចំពោះការផ្លាស់ប្ដូរតម្រូវការនៅអាស៊ី និងប៉ាស៊ីហ្វិក
ក្រុមប្រឹក្សាភិបាលធនាគារអភិវឌ្ឍន៍អាស៊ី (ហៅកាត់ថា ADB) បានអនុម័តលើយុទ្ធសាស្ត្ររយៈពេលវែងថ្មីរបស់ធនាគារនេះ ដែលមានឈ្មោះថា យុទ្ធសាស្ត្រឆ្នាំ ២០៣០ ដោយបានដាក់ចេញនូវចក្ខុវិស័យទូលំទូលាយ និងការឆ្លើយតបជាយុទ្ធសាស្ត្ររបស់ស្ថាប័ននេះ ចំពោះការវិវត្តនៃតម្រូវការរបស់អាស៊ី និងប៉ាស៊ីហ្វិក។
លោក Takehiko Nakao ប្រធាន ADB មានប្រសាសន៍ថា “អាស៊ី និងប៉ាស៊ីហ្វិក បានសម្រេចនូវវឌ្ឍនភាពយ៉ាងធំធេង ក្នុងរយៈពេលពាក់កណ្ដាលសតវត្សរ៍ចុងក្រោយនេះ លើការការកាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ច ប៉ុន្តែក៏នៅមានរបៀបវារៈអភិវឌ្ឍន៍ ដែលពុំទាន់បានបញ្ចប់ទាំងស្រុងនៅឡើយផងដែរ។ ក្រោមក្របខ័ណ្ឌយុទ្ធសាស្ត្រ ២០៣០ នេះ យើងនឹងរួមបញ្ចូលធនធានហិរញ្ញវត្ថុ ចំណេះដឹង និងភាពជាដៃគូ ដើម្បីធានានិរន្តរភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់យើង សំដៅលុបបំបាត់ភាពក្រីក្រធ្ងន់ធ្ងរ និងពង្រីកចក្ខុវិស័យរបស់យើង ដើម្បីឈានទៅបង្កើតតំបន់មួយ ប្រកបដោយវិបុលភាព បរិយាបន្ន ប្រកបដោយភាពធន់ និងចីរភាព។”
បំណងប្រាថ្នារបស់ ADB មានទិសដៅស្របគ្នាជាមួយនឹងការប្ដេជ្ញាចិត្តជាសកលធំៗ ដូចជា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របៀបវារៈហិរញ្ញប្បទានដើម្បីអភិវឌ្ឍន៍ កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ និងក្របខ័ណ្ឌសិនដៃ សម្រាប់កាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ។ ការសម្រេចការប្ដេជ្ញាចិត្តទាំងនេះ ពឹងអាស្រ័យយ៉ាងខ្លាំងលើភាពជោគជ័យរបស់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ដោយសារតែទំហំរបស់តំបន់នេះ។
យុទ្ធសាស្ត្រ ២០៣០ ទទួលស្គាល់ថា របៀបវារៈអភិវឌ្ឍន៍សកលប្រកបដោយមហិច្ឆតាបែបនេះ ត្រូវតម្រឹមឱ្យស្របតាមកាលៈទេសៈជាក់លាក់តាមប្រទេសនីមួយៗ។ ADB នឹងពង្រឹងវិធីសាស្ត្រអនុវត្តការងារ សម្រាប់ប្រទេសនីមួយៗ លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងអនុវត្តអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ដែលបញ្ចូលជំនាញឯកទេសពីតាមវិស័យ និងប្រធានបទផ្សេងៗជាមួយគ្នា តាមរយៈប្រតិបត្តិការវិស័យសាធារណៈ និងវិស័យឯកជនចម្រុះរួមគ្នា។
ADB នឹងបន្តផ្តល់អាទិភាពលើការគាំទ្រដល់ប្រទេសដែលក្រីក្រ និងងាយរងគ្រោះជាងគេ ក្នុងតំបន់នេះ។ ADB នឹងប្រើប្រាស់អភិក្រមស្របតាមស្ថានភាពរបស់ប្រទេសនីមួយៗ ដើម្បីបំពេញទៅតាមតម្រូវការខុសៗគ្នារបស់ក្រុមប្រទេសផ្សេងៗគ្នា ដូចជា ប្រទេសដែលស្ថិតនៅក្នុងស្ថានភាពផុយស្រួយ និងរងផលប៉ះពាល់ដោយសារជម្លោះ រដ្ឋកំពុងអភិវឌ្ឍន៍ដែលស្ថិតនៅតាមដែនកោះតូចៗ ប្រទេសចំណូលទាប និងប្រទេសចំណូលមធ្យមកម្រិតទាប និងប្រទេសចំណូលមធ្យមកម្រិតខ្ពស់។ នៅតាមក្រុមប្រទេសទាំងនេះ ADB ក៏នឹងដាក់អាទិភាពលើការគាំទ្រដល់តំបន់ ដែលមានការអភិវឌ្ឍយឺតជាងគេ និងក្រុមដែលកំពុងរស់នៅក្នុងភាពក្រីក្រ និងភាពផុយស្រួយផងដែរ។
ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធបៃតង ប្រកបដោយនិរន្តរភាព បរិយាបន្ន និងភាពធន់ នៅបន្តជាអាទិភាពដ៏សំខាន់មួយ។ ទន្ទឹមគ្នានេះ ADB នឹងពង្រីកប្រតិបត្តិការ ក្នុងវិស័យសង្គម ដូចជា អប់រំ សុខាភិបាល និងកិច្ចគាំពារសង្គមផងដែរ។
ការគាំទ្ររបស់ ADB នឹងផ្ដោតលើអាទិភាពប្រតិបត្តិការចំនួនប្រាំពីរ៖ (i) ការឆ្លើយតបចំពោះភាពក្រីក្រ ដែលនៅសេសសល់ និងការកាត់បន្ថយវិសមភាព (ii) ការពន្លឿនវឌ្ឍនភាព ដើម្បីឈានទៅសម្រេចសមភាពយេនឌ័រ (iii) ការឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ ការកសាងភាពធន់ទៅនឹងអាកាសធាតុ និងគ្រោះមហន្តរាយ និងការលើកកម្ពស់និរន្តរភាពបរិស្ថាន (iv) ការធ្វើឱ្យទីក្រុងកាន់តែជាកន្លែងដែលអាចរស់នៅបានល្អ (v) ការលើកកម្ពស់ការអភិវឌ្ឍជនបទ និងសន្តិសុខស្បៀង (vi) ការពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័ន និង (vii) ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងសមាហរណកម្មតំបន់។
យ៉ាងហោចណាស់ ៧៥% នៃប្រតិបត្តិការ ដែល ADB បានសន្យាថានឹងអនុវត្ត (គិតជាមធ្យម ៣ ឆ្នាំរំកិល រាប់បញ្ចូលប្រតិបត្តិការរដ្ឋផង និងមិនមែនរដ្ឋផង) និងផ្ដោតលើការលើកម្ពស់សមភាពយេនឌ័រ ត្រឹមឆ្នាំ ២០៣០។ ADB នឹងធានាយ៉ាងណាឱ្យប្រតិបត្តិការ ៧៥% នៃចំនួនប្រតិបត្តិការដែលខ្លួនបានសន្យានឹងអនុវត្ត (ជាមធ្យម ៣ ឆ្នាំរំកិល រាប់បញ្ចូលប្រតិបត្តិការរដ្ឋផង និងមិនមែនរដ្ឋផង) និងគាំទ្រដល់ការសម្រាល និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ត្រឹមឆ្នាំ ២០៣០។ ហិរញ្ញប្បទានអាកាសធាតុពីប្រភពធនធានផ្ទាល់របស់ ADB នឹងមានចំនួនរហូតដល់ ៨០ ប៊ីលានដុល្លារ សម្រាប់រយៈពេលពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០៣០។ ក្របខ័ណ្ឌលទ្ធផលថ្មីរបស់ ស្ថាប័ននេះ ដែលរំពឹងថានឹងត្រូវរៀបចំរួចរាល់នៅពាក់កណ្ដាលឆ្នាំ ២០១៩ នឹងបញ្ចូលចំណុចដៅបន្ថែមទៀតសម្រាប់ប្រតិបត្តិជាអាទិភាពផ្សេងៗទៀតរបស់ ADB។
ដើម្បីគាំទ្រដល់អាទិភាពប្រតិបត្តិការទាំងប្រាំពីរ ក្រោមយុទ្ធសាស្ត្រ ២០៣០ នេះ ADB នឹងពង្រីក ក៏ដូចជា ធ្វើពិពិធកម្មប្រតិបត្តិការវិស័យឯកជនរបស់ខ្លួន ដើម្បីឱ្យចំនួនប្រតិបត្តិការនេះ កើនឡើងរហូតដល់មួយភាគបីនៃចំនួនប្រតិបត្តិការសរុបត្រឹមឆ្នាំ ២០២៤។ លោក Nakao បានមានប្រសាសន៍ថា “យើងនឹងពង្រីកប្រតិបត្តិការ
វិស័យឯកជនរបស់យើង នៅក្នុងទីផ្សារថ្មីៗ ដូចជា ក្នុងប្រទេសដែលមានស្ថានភាពផុយស្រួយ និងរងផលប៉ះពាល់ដោយសារជម្លោះ និងរដ្ឋកំពុងអភិវឌ្ឍន៍ ដែលស្ថិតនៅដែនកោះតូចៗជាដើម។ យើងក៏នឹងគាំទ្រដល់ភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជនបន្ថែមទៀតផងដែរ។”
ប្រតិបត្តិការវិស័យឯកជនរបស់ ADB នឹងជួយលើកកម្ពស់ស្ដង់ដាបរិស្ថាន សង្គម និងអភិបាលកិច្ច ផ្ដល់ហិរញ្ញប្បទានដែលពុំអាចរកបានពីទីផ្សារទូទៅក្នុងលក្ខខណ្ឌសមរម្យ កែលម្អការរៀបចំគម្រោង និងលទ្ធផលនៃការអភិវឌ្ឍ និងកាត់បន្ថយហានិភ័យដែលគេយល់ឃើញថាអាចកើតឡើង។ បន្ថែមពីលើហេដ្ឋារចនាសម្ព័ន្ធដែលមានលក្ខណៈនវានុវត្តន៍ថ្មី ប្រតិបត្តិការទាំងនេះនឹងបង្កើនការគាំទ្រដល់សហគ្រាសកសិកម្ម និងគាំទ្រដល់វិស័យសង្គម ដូចជា វិស័យសុខាភិបាល និងវិស័យអប់រំ តាមរយៈការចូលរួមវិនិយោគជាមួយនឹងវិស័យឯកជន។
ADB នឹងបន្តបំពេញតួនាទីជាអ្នកផ្ដល់ហិរញ្ញប្បទាន ដែលអាចជឿទុកចិត្តបាន និងជាអ្នកកៀរគរហិរញ្ញប្ប-ទានបន្ថែមទៀត។ លោក Nakao បានមានប្រសាសន៍បន្ថែមទៀតថា “រង្វាស់ដ៏សំខាន់មួយនៃជោគជ័យរបស់យើង គឺបរិមាណ និងគុណភាពនៃធនធាន ដែលយើងកៀរគរបន្ថែមពីលើហិរញ្ញប្បទានផ្ទាល់ខ្លួនរបស់យើង”។ ADB ផ្ដោតការយកចិត្តទុកដាក់លើការបង្កើនសហហិរញ្ញប្បទានឱ្យបានច្រើន ក្នុងរយៈពេលវែងត្រឹមឆ្នាំ ២០៣០ ដោយរាល់ការផ្ដល់ហិរញ្ញប្បទាន ១ ដុល្លារ សម្រាប់ប្រតិបត្តិការវិស័យឯកជន ត្រូវមានការបំពេញបន្ថែមពីសហហរិញ្ញប្បទានរយៈពេលវែង ២,៥ ដុល្លារ។
ស្ថាប័ននេះក៏នឹងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសកំពុងអភិវឌ្ឍន៍ជាសមាជិករបស់ខ្លួន ដើម្បីផលិតនូវផលិតផល និងសេវាកម្មចំណេះដឹង ដែលមានភាពពាក់ព័ន្ធបំផុត។ ស្ថាប័ននេះក៏នឹងផ្ដួចផ្ដើមគំនិតចូលរួមក្នុងការសិក្សាស្រាវជ្រាវ ផ្ដល់ដំបូន្មានគោលនយោបាយ ដែលមានគុណភាពខ្ពស់ ពង្រឹងសមត្ថភាពស្ថាប័នរបស់ប្រទេស និងពង្រីកភាពជាដៃគូផ្នែកចំណេះដឹងផងដែរ។
ខណៈពេលដែលស្ថាប័ននេះខិតខំពង្រឹងខ្លួនឱ្យកាន់តែល្អប្រសើរ និងធ្វើការងារកាន់តែលឿនជាងមុន ADB ក៏នឹងខិតខំធ្វើទំនើបកម្មដំណើរការធុរកិច្ចរបស់ខ្លួនឱ្យកាន់តែឆាប់រហ័សបន្ថែមទៀត តាមរយៈការទាញប្រយោជន៍ពីបច្ចេកវិទ្យាដែលមាន។ ADB នឹងពង្រីកផលិតផល និងឧបករណ៍របស់ខ្លួន ពង្រឹងធនធានមនុស្ស ព្រមទាំងពន្លឿនការផ្លាស់ប្ដូរទៅរកដំណើរការឌីជីថល។ ADB ក៏ប្ដេជ្ញាធ្វើពិពិធកម្មទៅលើកម្លាំងពលកម្ម ដូចជា លើកកម្ពស់តុល្យភាពយេនឌ័រ និងបង្កើតនូវបរិយាកាសការងារ ដែលមានការគោរពគ្នាទៅវិញទៅមកសម្រាប់ទាំងអស់គ្នាផងដែរ។ ADB នឹងបង្កើតនូវអភិក្រម “ADB តែមួយ (One ADB)” ដោយប្រមូលផ្ដុំចំណេះដឹង និងជំនាញពីគ្រប់ផ្នែកទាំងអស់នៃស្ថាប័ននេះ។ ADB នឹងសហការជាមួយអង្គការសង្គមស៊ីវិលក្នុងការរៀបចំអនុវត្ត និងពិនិត្យតាមដានគម្រោងនានា។
ក្នុងការៀបចំយុទ្ធសាស្ត្រ ២០៣០ មានការរៀបចំកិច្ចពិគ្រោះយោបល់យ៉ាងច្រើនជាមួយក្រុមតំណាងអ្នកពាក់ព័ន្ធ ដែលជាសមាជិករបស់ ADB ដូចជា រដ្ឋាភិបាល អភិបាលរបស់ ADB អ្នកជំនាញល្បីៗខាងការអភិវឌ្ឍនិងអង្គការសង្គមស៊ីវិល។
ADB ប្ដេជ្ញាចិត្តដើម្បីបង្កើតនូវតំបន់អាស៊ី និងប៉ាស៊ីហ្វិកប្រកបដោយវិបុលភាព បរិយាបន្ន ភាពធន់ និងនិរន្តរភាព ហើយក្នុងពេលជាមួយគ្នានេះ ក៏ខិតខំបន្តធានានិរន្តរភាពកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការលុបបំបាត់ភាពក្រីក្រធ្ងន់ធ្ងរផងដែរ។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ធនាគារនេះ ជាកម្មសិទ្ធិរបស់ប្រទេសចំនួន ៦៧ ដែលក្នុងនោះ ៤៨ មកពីតំបន់។ ក្នុងឆ្នាំ ២០១៧ ប្រតិបត្តិការរបស់ ADB មានទឹកប្រាក់សរុប ៣២,២ ប៊ីលានដុល្លារ ក្នុងនោះ ១១,៩ ប៊ីលានដុល្លារ ជាសហហិរញ្ញប្បទាន៕