ដាក់កម្លំាងប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីធានាភាពកក់ក្តៅ ជូនប្រជាពលរដ្ឋនាឱកាសបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ដាក់កម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីធានាភាពកក់ក្តៅផ្នែក សុវត្ថិភាព និងសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនាឱកាសបុណ្យភ្ជុំបិណ្ឌ និងការពង្រាយកម្លាំងចុះល្បាត តាមភូមិសង្កាត់ ដើម្បីការពារសន្តិសុខបញ្ហាចោរកម្ម នៅតាមមូលដ្ឋាន ខណៈដែលប្រជាពលរដ្ឋចេញទៅលេងស្រុកកំណើតជាដើម។
នារសៀលថ្ងៃអង្គារទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង និងការអនុវត្តច្បាប់ស្ដីពីចរាចណ៍ផ្លូវគោក ឱ្យបានជាប់ជាប្រចាំ និងជាពិសេសកិច្ចការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។
លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់កម្លាំងប្រចាំកានៅតាមគោលដៅសំខាន់ៗ ដូជាតាមទីវត្ត កន្លែងសប្បាយភាព កម្លាំងសម្រួលចរាចរណ៍ នៅតាមដងផ្លូវនិងការពង្រាយកម្លាំងចុះល្បាត តាមភូមិសង្កាត់ ដើម្បីការពារសន្តិសុខបញ្ហាចោរកម្ម នៅតាមមូលដ្ឋាន ខណៈដែលប្រជាពលរដ្ឋចេញទៅលេងស្រុកកំណើតជាដើម។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៥ ខែកញ្ញានេះ លោកឃួងស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការត្រៀមកម្លាំងការពារនៅតាមមូលដ្ឋាននេះដើម្បីធានាឱ្យប្រជាពលរដ្ឋនិងពុទ្ធរិស័ទបានធ្វើបុណ្យប្រកបដោយភាពសប្បាយរីករាយមិនបារម្ភពីបញ្ហាអសន្តិសុខណាមួយកើតឡើង។ លោក បានបញ្ជាក់ថា រៀងរាល់នៅរដូវបិណ្ឌភ្ជុំនេះ ប្រជាពលរដ្ឋភាគច្រើន បានចាក់សោរចោលផ្ទះ ដើម្បីទៅលេងស្រុកកំណើត ដូច្នេះបញ្ហានេះកម្លាំងសមត្ថកិច្ចត្រូវ ប្រយ័ត្នប្រយែងមានទែន ក្នុងការប្រចាំការចុះល្បាតដើម្បីទប់ស្កាត់បញ្ហាចោរ គាស់ផ្ទះលួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ។
ប្រជាជនបានចាប់ចាកចេញពីផ្ទះសំបែងនៅភ្នំពេញទៅស្រុក ដូច្នេះគាត់អត់យកផ្ទះទៅតាមទេ សម្ភារនៅផ្ទះ អាចមានចោរកម្ម ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ត្រូវពង្រឹងកិច្ចការការពារឲ្យខាងតែបាន ដើម្បីទប់ស្កាត់អំពើចោរកម្មនេះជូន ប្រជាពលរដ្ឋ ដែលនេះជាការផ្តល់ភាពកក់ក្តៅជូនប្រជាពរដ្ឋ៕