ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា-អង់គ្លេសប្តេជ្ញា ជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្មបន្ថែមទៀត

68

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សារការងារជាមួយលោក Marc Thayre អនុប្រធានបេសកកម្មនៃស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា និងសហការី។

នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការបានរំលេចពីសក្តានុពលពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អង់គ្លេស ដែលមានទំហំទឹកប្រាក់ប្រមាណ ១,០៥ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០១៩ ដែលក្នុងនោះកម្ពុជានាំចេញទៅអង់គ្លេសក្នុងទំហំទឹកប្រាក់ជាង ៩៧៨ លានដុល្លារអាមេរិក ពិសេសលើផលិតផលសម្លៀកបំពាក់ កង់ និងស្បែកជើង។

ឯកឧត្តមរដ្ឋលេខាធិការក៏បានបង្ហាញជំហររបស់កម្ពុជាក្នុងការគាំទ្រប្រព័ន្ធពហុភាគីនិយម ក្នុងពាណិជ្ជកម្មអន្តរជាតិ គាំទ្រកិច្ចកំណែរទម្រង់អង្គការពាណិជ្ជកម្មពិភពលោកសំដៅធានាតម្លាភាពនិងភាពស្មើរគ្នារវាងសមាជិក ព្រមទាំងជំរុញប្រទេសអភិវឌ្ឍន៍ រួមទាំងអង់គ្លេស ឱ្យបន្តគាំទ្រសកម្មភាពពាណិជ្ជកម្មរបស់ប្រទេសកំពុងអភិវឌ្ឍ និងប្រទេសមានការអភិវឌ្ឍតិចតួច តាមរយៈការផ្តល់ប្រព្រឹត្តកម្មដោយឡែកនិងពិសេស (S&DT) ក្នុងការធ្វើពាណិជ្ជកម្ម។ ក្នុងនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ និងលោក Marc Thayre អនុប្រធានបេសកកម្ម ក៏បានពិភាក្សាលើគោលនយោបាយពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេសក្រោយការចាកចេញពីសហភាពអឺរ៉ុប (Brexit) និងដំណើរការវិវត្តនៃការជ្រើសរើសអគ្គនាយកថ្មីរបស់អង់ការពាណិជ្ជកម្មពិភពលោក ដែលក្នុងនោះមានបេក្ខភាពមកពីអង់គ្លេសផងដែរ។
ជាកិច្ចចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ និងលោក Marc Thayre អនុប្រធានបេសកកម្មស្ថានទូតអង់គ្លេស បានបង្ហាញសុទិដ្ឋិនិយមលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសក្នុងវិស័យពាណិជ្ជកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដែលបានប៉ះពាល់ដោយមេរោគរាតត្បាតជាសកលកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង