ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងពាណិជ្ជកម្ម ជំរុញផលិតកម្ម និងនាំចេញទំនិញក្រោមក្របខ័ណ្ឌតំបន់ និងទ្វេភាគី

105

 

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម មានរៀបចំកិច្ចប្រជុំ ពិភាក្សាមួយស្តីពីការងារជំរុញផលិតកម្ម និងនាំចេញទំនិញក្រោមក្របខ័ណ្ឌតំបន់ និងទ្វេភាគីនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលគ្រោងចាប់ផ្តើមចរចា ដោយចាប់ផ្តើមពីការរៀបចំចងក្រងបញ្ជីផលិតផលដែលមានសក្កានុពលរបស់កម្ពុជាចំនួន ២០មុខ សម្រាប់ជំរុញផលិតកម្ម និងពង្រីកការនាំចេញ។ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មជាអធិបតីភាពក្នុងកិច្ចប្រជុំនេះ ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក និងមន្ត្រីជំនាញពីអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើការងារជំរុញផលិតកម្ម និងនាំចេញទំនិញក្រោមក្របខ័ណ្ឌតំបន់ និងទ្វេភាគី ដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលគ្រោងនឹងចុះហត្ថលេខាជាមួយដៃគូទេ្វភាគី និងពហុភាគី សំដៅជំរុញផលិតកម្មក្នុងស្រុក និងពង្រីកទីផ្សារសម្រាប់ការនាំចេញទំនិញកម្ពុជាទៅទីផ្សារក្នុងតំបន់ និងពិភពលោក។

នៅក្នុងកិច្ចប្រជុំ ឯកឧត្តម ស៊ាង ថៃ បានលើកឡើងពីអនុសាសន៍របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលបានណែនាំឲ្យមន្រ្តីពាក់ព័ន្ធទាំងអស់ ចូលរួមពិភាក្សាគ្នា និងប្រមូលធាតុចូលពីគ្រប់អគ្គនាយកដ្ឋានរបស់ក្រសួង ដើម្បីសិក្សាថា តើកម្ពុជាអាចនាំចេញទំនិញអ្វីបានខ្លះ? ហើយចំណេញ និងបាត់បង់ប្រយោជន៍អ្វីខ្លះក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក? ដោយយោងតាមអនុសាសន៍ចង្អុលណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកន្លងទៅ។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ថ្វីត្បិតតែកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ និងពិភពលោក ជាអាថ៌ អង្គការពាណិជ្ជកម្មពិភពលោក, សមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងប្រទេសដៃគូ រួមមាន ចិន ជប៉ុន កូរ៉េ អូស្ត្រាលី ឥណ្ឌា និងណូវែលហ្សឺឡង់ប៉ុន្តែការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិទាំងនោះ នៅជួបបញ្ហាមួយចំនួន ដូច្នេះយើងត្រូវសិក្សាទៅលើបញ្ហាទាំងនោះឲ្យបានលម្អិត ហើយសរសេរជារបាយការណ៍សិក្សាស្រាវជ្រាវ ជូនឯកឧត្តមរដ្ឋមន្រ្តី ពិនិត្យ និងសម្រេចមុននឹងដាក់ជូនរាជរដ្ឋាភិបាល ដើម្បីស្វែងរកដំណោះស្រាយ។

កិច្ចប្រជុំ ក៏បានពិភាក្សាទៅលើគោលនយោបាយជំរុញផលិតកម្ម ការបើកច្រកទីផ្សារទំនិញ វិធានប្រភពដើមទំនិញ វិនិយោគទុនដោយផ្ទាល់ពីបរទេស (FDI) និងវិនិយោគទុនក្នុងស្រុក ការវិភាគថ្លៃដើមទំនិញ ចំណុចខ្លាំងចំណុចខ្សោយរបស់កម្ពុជា និងការជំរុញផលិតកម្ម និងការនាំចេញ ជាពិសេសទំនិញសក្កានុពលរបស់កម្ពុជា ដែលទទួលបានការអនុគ្រោះពន្ធពីដៃគូពាណិជ្ជកម្មនានា ក្នុងតំបន់ និងពិភពលោក។

ជាលទ្ធផល អង្គប្រជុំ បានឯកភាពគ្នាបន្តសិក្សាលម្អិតបន្ថែមពីផលប្រយោជន៍ដែលទាញបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានស្រាប់ កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចរចារួចរាល់ ហើយគ្រោងនឹងចុះហត្ថលេខា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលគ្រោងចាប់ផ្តើមចរចា ដោយចាប់ផ្តើមពីការរៀបចំចងក្រងបញ្ជីផលិតផលដែលមានសក្កានុពលរបស់កម្ពុជាចំនួន ២០មុខ សម្រាប់ជំរុញផលិតកម្ម និងពង្រីកការនាំចេញ។ ក្នុងនោះ អង្គប្រជុំ ក៏បានឯកភាពគ្នា ធ្វើការស្រាវជ្រាវ និងស្វែងរកឲ្យឃើញពីបញ្ហាដែលជួបប្រទះក្នុងផលិតកម្ម និងរបាំងឧបសគ្គនានា ដែលរាំងស្ទះដល់ការនាំចេញនូវផលិតផលទាំងនោះ ដោយរៀបចំធ្វើជាតារាងម៉ាទ្រិចការងារសម្រាប់ធ្វើការពិនិត្យ និងតាមដានបន្ត។

ជាមួយគ្នានេះដែរ អង្គប្រជុំ ក៏បានសម្រេចបង្កើតលេខាធិការដ្ឋាន ក៏ដូចជា ក្រុមការងារអន្តរក្រសួង (ក្នុងករណីចាំបាច់) សម្រាប់សម្របសម្រួលការងារ ប្រមូលព័ត៌មាន និងធាតុចូលពីក្រសួងស្ថាប័នពាក់ព័ន្ធនានា ដើម្បីបូកសរុបធ្វើរបាយការណ៍ដាក់ជូន ឯកឧត្តមរដ្ឋមន្រ្តី ឲ្យបានឆាប់។ ចំពោះកិច្ចប្រជុំបន្ទាប់ អង្គប្រជុំ បានឯកភាពគ្នា រៀបចំធ្វើឡើងនៅដើមខែតុលា ឆ្នាំ២០២០ បន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង