អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ព្រះសង្ឃអាពាធចំនួន ២៦អង្គ នៅខេត្តបន្ទាយមានជ័យ គឺជាករណីជំងឺគ្រុនផ្តាសាយធំ
ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ឱ្យដឹងនៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះថា ព្រះសង្ឃ២៦អង្គ នៅខេត្តបន្ទាយមានជ័យ មិនមានវីរុសកូវីដ១៩ នោះទេ ប៉ុន្តែមានវីរុសគ្រុនផ្តាសាយធំ ដែលលទ្ធផលវិភាគបានបង្ហាញនៅថ្ងៃនេះ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ។
លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានតាមបណ្តាញសង្គមតេឡេក្រាម នៅថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២០នេះថា «ការវិភាគវត្ថុសំណាករបស់ព្រះសង្ឃដែលអាពាធនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ គឺមានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ និង មាន វិជ្ជមានវីរុសគ្រុនផ្តាសាយធំ ដែលភាសាបច្ចេកទេសពេទ្យហៅថា ” Influenza A”។ ដូច្នេះករណីព្រះសង្ឃអាពាធចំនួន ២៦អង្គ នៅខេត្តបន្ទាយមានជ័យនោះ គឺជាករណីជំងឺគ្រុនផ្តាសាយធំ»។
លោកជំទាវ ឱ វណ្ណឌីន បានមានប្រសាសន៍ថា ខ្ញុំសូមអនុញ្ញាតគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា ការវិភាគវត្ថុសំណាករបស់ព្រះសង្ឃដែលព្រះឈួននៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ គឺមានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ និង មាន វិជ្ជមានវីរុសគ្រុនផ្តាសាយធំ ដែលភាសាបច្ចេកទេសពេទ្យហៅថា ” Influenza A”។ ដូច្នេះ ករណីព្រះសង្ឍអាពាធចំនួន ២៦អង្គ នៅខេត្តបន្ទាយមានជ័យនោះ គឺជាករណីជំងឺគ្រុនផ្តាសាយធំ។ សូមព្រះសង្ឃ ពុទ្ធិបរិស័ទ លោកតាអាចារ្យ លោកតា-លោកយាយជី និងគណកម្មការវត្ត នៅទូទាំងប្រទេស ចូលរួមអនុវត្តន៍វិធានការសាមញ្ញៗ ដូចខាងក្រោមនេះ ៖
– ត្រូវមានអនាម័យខ្លួនប្រាណ ជាពិសេសអនាម័យដៃឲ្យបានស្អាតជាប់ជានិច្ច ដោយលាងសម្អាតឲ្យបានញឹកញាប់តាមបច្ចេកទេសណែនាំរបស់ក្រសួងសុខាភិបាល។
– ប្រើម៉ាសក្នុងករណីចាំបាច់ ជាពិសេសត្រូវពាក់ម៉ាសពេលចូលក្នុងទីវត្តអារ៉ាម ឫកន្លែងដែលមានមនុស្សម្នាច្រើន ហើយពេលក្អកកណ្តាស់ ត្រូវខ្ទប់មាត់នុងច្រមុះ ដោយប្រើកន្សែង ក្រម៉ា ក្រដាសជូតមាត់ ឬកែងដៃ ជាដើម។
– ត្រូវចេះរក្សាគម្លាតសុវត្ថិភាពបុគ្គល ពីមួយម៉ែត្រកន្លះឡើងទៅ
– ចៀសវាងការប៉ះពាល់ជាមួយសត្វដែលបំបៅកូនដោយទឹកដោះ និងសត្វបក្សី ដោយផ្ទាល់។ ប្រសិនបើបានប៉ះពាល់ ត្រូវតែលាងដៃជាមួយសាប៊ូ ឲ្យឆាប់ មុននឹងចាប់កាន់របស់របរ ឬមុននឹងប៉ះពាល់ផ្ទៃមុខរបស់បុគ្គល។
– ត្រូវបរិភោគម្ហូបអាហារឆ្អិនល្អ រក្សាអនាម័យចំណីអាហារ និងទុកដាក់ម្ហូបអាហារដាច់ដោយឡែកពីគ្នា តាមការណែនាំបច្ចេកទេសរបស់ក្រសួងសុខាភិបាលជារឿយៗរួចមកហើយ។
– បើមានបញ្ហាសុខភាព មិនត្រូវចូលរួមពិធីឬកម្មវិធីណាមួយនោះឡើយ ដោយត្រូវស្នាក់ក្នុងកុដិ ឬទីកន្លែងណាមួយដាច់ដោយឡែកពីគេ កុំឲ្យមានការចម្លងបន្តគ្នា ហើយស្វែងរកការពិនិត្យព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក។
– រាយការណ៍ទៅលេខ ១១៥ (មិនមានថវិកា ក៏អាចហៅចូលបានដែរ) ឬទៅមន្ទីរសុខាភិបាលខេត្ត ឬទៅមណ្ឌលសុខភាពដែលនៅជិតលោកអ្នក។
សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ មានសុខភាពល្អ ចៀសផុតនូវជំងឺឆ្លងនានា ជាពិសេសជំងឺកូវីដ-១៩ និងជំងឺគ្រុនផ្តាសាយធំនេះ។ សូមរីករាយក្នុងក្រុមគ្រួសារ និងអនុមោទនាទទួលផលបុណ្យក្នុងថ្ងៃកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឲ្យបានគ្រប់ៗគ្នា៕