អគ្គិភ័យឆេះតូបលក់ដូររបស់អាជីវករផ្សារសំរោងយ៉ោងអស់ជាង២០០តូប
តាកែវ៖ កាលពីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ អគ្គិភ័យឆាបឆេះផ្សារសំរោងយ៉ោង ស្ថិតលើផ្លូវជាតិលេខ២ ក្នុងស្រុកបាទី ខេត្តតាកែវ ហើយត្រូវបានកម្លាំងពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់ទាំងស្រុង ដោយមិនបណ្តោយឱ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅជិតផ្សារឡើយ។
សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីទំហំនៃការខូចខាត និងមូលហេតុនៃការឆេះផ្សារសំរោងយ៉ោងនៅឡើយនោះទេ។ ក្នុងប្រតិបត្តិការជួយអន្តរាគមន៍ ពន្លត់អគ្គិភ័យនេះដែរ គេឃើញវត្តមានលោក អ៊ួច ភា អភិបាលខេត្តតាកែវ លោក សុខ សំណាង ស្នងការខេត្តតាកែវ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ២២គ្រឿង មកពីស្នងការដ្ឋាននគរបាលខេត្តតាកែវ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល អគ្គស្នងការដ្ឋាននគរបាលជាតិ កងពលតូចលេខ៧០ កសិដ្ឋានសូម៉ា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងក្រុមហ៊ុនស្រាបៀរកម្ពុជា ទើបអាចគ្រប់គ្រងគ្រោះអគ្គិភ័យដ៏សាហាវនេះបាន។
កងពលតូចលេខ៧០ បានលើកឡើងថា នៅម៉ោងប្រមាណជាង៧យប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ អគ្គិភ័យបានឆាបឆេះផ្សារសំរោងយ៉ោង យ៉ាងសន្ធោរសន្ធៅ ស្ថិតលើផ្លូវជាតិលេខ២ ក្នុងស្រុកបាទី ខេត្តតាកែវ។ មកដល់ម៉ោងប្រមាណ១១យប់ថ្ងៃដដែលនេះ អគ្គិភ័យបានរលត់ទាំងស្រុងហើយ ។ រថយន្តពន្លត់អគ្គិភ័យ ចំនួន០៣គ្រឿង របស់កងពន្លត់អគ្គិភ័យ៧១១ កងពលតូចលេខ៧០ (ក្នុងនោះក៏មាននារីអ្នកពន្លត់និងសង្គ្រោះផងដែរ) បានចូលរួមជួយពន្លត់ ដោយសហការជាមួយកម្លាំង នគរបាលនៃអធិការនគរបាលស្រុកបាទីជាមួយ រថយន្តពន្លត់អគ្គិភ័យក៏កំពុងអន្តរាគមន៍នៅកន្លែងកើតហេតុ និងបណ្តាអង្គភាពផ្សេងទៀត ។ មូលហេតុនៃការឆាបឆេះ នៅមិនទាន់ដឹងនោះទេ ប៉ុន្តែតូបផ្សារចំនួន២៣០តូបត្រូវបានឆេះស្ទើរទាំងស្រុង ។
លោកវរសេនីយ៍ទោ ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានបញ្ជាក់ជាជំហានដំបូងថា តូបអាវីវករចំនួន២៣០តូប ក្នុងចំណោមតូបទាំងអស់២៨៣តូប ត្រូវបានអគ្គិភ័យលេបត្របាក់៕