តារាសម្តែងតៃវ៉ាន់ Alien Huang ស្លាប់ក្នុងវ័យ៣៦ឆ្នាំ
(បរទេស)៖ តារាចម្រៀង និងជាតារាសម្តែងប្រុសល្បីឈ្មោះរបស់តៃវ៉ាន់ លោក Alien Huang ត្រូវបានប្រទះឃើញស្លាប់ក្នុងផ្ទះរបស់លោកកាលពីម្សិលមិញ បន្ទាប់ពីមានដំណឹងថា បានជួបគ្រោះថ្នាក់ចៃដន្យមួយកាលពីពេលថ្មីៗនេះ។ ការស្លាប់របស់តារារូបនេះ ត្រូវបានគេចាត់ទុកថា ជាតារាអាស៉ីទី៣ហើយ ដែលបាត់បង់ជីវិតក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន South China Moring Post នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០។
តារាប្រុស Huang ដែលធ្លាប់ចូលរួមសម្តែងក្នុងរឿង «១០០% Entertainment» ជាមួយតារាចម្រៀង Show Lo ត្រូវបានឪពុករបស់លោកប្រទះឃើញស្លាប់ កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ជាមួយនឹងសកម្មភាពមិនដឹងខ្លួននៅក្រៅបន្ទប់ទឹកក្នុងផ្ទះ ជាមួយស្នាមរបួសត្រង់ក្បាល។ សារព័ត៌មានក្នុងស្រុកបានសន្និដ្ឋានថា តារាប្រុសរូបនេះស្លាប់ដោយសាររអិលដួល ពេលចេញពីបន្ទប់ទឹក។
តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា តាមរយៈកាមេរ៉ាសុវត្ថិភាព គេឃើញតារាប្រុស Huang ត្រឡប់មកផ្ទះវិញ នៅវេលាម៉ោង ៧៖១៥នាទីល្ងាច ថ្ងៃទីអង្គារ៍ និងមិនចាកចេញពីផ្ទះនោះទេ ខណៈឪពុករបស់លោកបានត្រឡប់មកផ្ទះវិញ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទីពុធ ទី១៦ ហើយក៏ប្រទះឃើញកូនប្រុសរបស់ខ្លួនដេកស្លាប់តែម្តង។
គួរជម្រាប តារាតៃវ៉ាន់ លោក Alien Huang ដែលមានវ័យ៣៦ឆ្នាំ ត្រូវបានគេដឹងថា ជាសិល្បករអាស៉ីទី៣ហើយ ដែលបានស្លាប់ក្នុងសប្តាហ៍នេះ បន្ទាប់ពីការស្លាប់របស់តារាស្រីជប៉ុន Ahina Sei នៅថ្ងៃច័ន្ទសប្តាហ៍នេះ និងតារាកូរ៉េ Oh In-Hye នៅប៉ុន្មានថ្ងៃមុននេះ៕