ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​សម្តេច ហ៊ុន សែន អបអរសាទរ​ជូន​ចំពោះ ឯកឧត្តម ស៊ូ​ហ្គា យ៉ូ​ស៊ី​ហ៊ី​ដេ នាយករដ្ឋមន្ត្រី​ថ្មី​របស់​ជប៉ុន​

106

 

​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានចេញ​សារ លិខិត​អបអរសាទរ​ជូន​ចំពោះ ឯកឧត្តម ស៊ូ​ហ្គា យ៉ូ​ស៊ី​ហ៊ី​ដេ នាយករដ្ឋមន្ត្រី​ថ្មី​របស់​ជប៉ុន​។​

​សម្តេច ហ៊ុន សែន​បាន​មានប្រសាសន៍ថា តាងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​សូម​សម្តែង ការអបអរសាទ​រយ៉ា​ង​កក់ក្តៅ​បំផុត ក្នុងឱកាស​ដែល​ឯកឧត្តម ត្រូវបានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​ថ្មី របស់​ជប៉ុន បន្ទាប់ពី​ទទួលបាន​ជ័យជំនះ​យ៉ាង​ភ្លូកទឹកភ្លូកដី ក្នុងការ​បោះឆ្នោត​ជា​ប្រធាន​ដឹកនាំ គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) កាលពី​ថ្ងៃទី​១៤ កញ្ញា ២០២០​។​

​ជ័យជំនះ​យ៉ាង​ត្រចះត្រចង់​នេះ បាន​ឆ្លុះបញ្ចាំង​ពី​ការគាំទ្រ​យ៉ាង​មុតមាំ​របស់​សមាជិក​គណ​បក្ស LDP ក៏ដូចជា​ទំនុកចិត្ត​របស់​ប្រជាជន​ជប៉ុន​ចំពោះ​ទស្សនៈវិស័យ​គោលនយោបាយ និង​ភាពជា​អ្នក ដឹកនាំ​របស់​ឯកឧត្តម ក្នុងការ​ជំនះ​ឱ្យបាន​នូវ​វិបត្តិ​កូ​វីដ​-១៩ និង​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ ក៏ដូចជា ការធានា​ឱ្យបាន​នូវ​អនាគត​របស់​ប្រទេស​ជប៉ុន​ប្រកបដោយ​សន្តិភាព និង​វិបុលភាព​។​

“​ខ្ញុំ​ត្រៀមខ្លួន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ឯកឧត្តម ក្នុង​គោលបំណង​បន្ត​ពង្រឹង និង​លើក កម្ពស់​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិ​ជិតស្និទ្ធ​រវាង​កម្ពុជា និង​ជប៉ុន​បន្ថែមទៀត ដើម្បី​ផល ប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រជាជន​នៃ​ប្រទេស​យើង​ទាំងពីរ ព្រមទាំង​ដើម្បី​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់ និង​ពិភពលោក​” សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់​បន្ថែ​មយ៉ាង​ដូច្នេះ​។​

​សូម ឯកឧត្តម ទទួល​នូវ​ការ​រាប់អាន​ដ៏​ស្មោះស្ម័គ្រ​បំផុត​ពី​ខ្ញុំ និង​សូម​ជូនពរ ឯកឧត្តម សូម ប្រកបដោយ​សុខភាព​ល្អ​បរិបូរណ៍ និង​ទទួលជោគជ័យ​នូវ​រាល់​គ្រប់​ភារកិច្ច​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​។​

​រដ្ឋាភិបាល​ថ្មី​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ូ​ហ្គា យ៉ូ​ស៊ី​ហ៊ី​ដេ (Suga Yoshihide) បានទទួល​ការគាំទ្រ​ជារួម​យ៉ាងហោចណាស់ ៧០% នៅក្នុង​ការស្ទង់មតិ​ថ្មី​មួយ ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃ​ដំបូង នៃ​ការចូល​កាន់តំណែង​រប​ស់លោក​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន CNA នា​រសៀល​ថ្ងៃ​សុក្រ ទី​១៨ ខែកញ្ញា ឆ្នាំ​២០២០​។​

​តាមរយៈ​ការស្ទង់មតិ​តាម​ទូរស័ព្ទ​របស់ ទីភ្នាក់ងារសារព័ត៌មាន​ក្យូ​ដូ (Kyodo) កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ​បាន​បង្ហាញថា ៦៦.៤​ភាគរយ នៃ​សាធារណជន​បាន​គាំទ្រ​គណៈរដ្ឋមន្ត្រី​ថ្មី​របស់លោក Suga​។ ទន្ទឹង​គ្នា​នេះ យោងតាម​ការស្ទង់មតិ ដាច់ដោយឡែក​មួយ​រប​ស់កា​សែត Nikkei និង​ទូរទស្សន៍​ជប៉ុន លោក Suga បានទទួល​ការគាំទ្រ ៧៤​ភាគរយ ដែលជា​កម្រិត​ខ្ពស់បំផុត​លំដាប់​ទី​បី សម្រាប់​គណៈរដ្ឋមន្ត្រី នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការស្ទង់មតិ​របស់​ជប៉ុន ជាមួយនឹង​អ្នកចូលរួម​ភាគច្រើន បានផ្តល់​ការឆ្លើយតប​យ៉ាង​វិជ្ជមាន ដោយបាន​លើកឡើងថា លោក Suga ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុកចិត្ត​។​

​លោក Suga បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​ដំបូង​របស់​ប្រទេស​ជប៉ុន ក្នុង​រយៈពេល​ជិត ៨​ឆ្នាំ កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​បាន​ប្តេជ្ញា​ថា រដ្ឋាភិបាល​ថ្មី​របស់លោក​នឹង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​រាតត្បាត​សកល COVID-19 និង​ជំរុញ​ឲ្យ​មាន​កំណែទម្រង់​ថ្មី បន្ទាប់ពី​លោក​អាច​រក្សាបាន ប្រហែលជា​ពាក់កណ្តាល នៃ​មន្ត្រី​ក្នុង​គណៈរដ្ឋមន្ត្រី​ចាស់​របស់លោក អា​បេ ស៊ីន​ហ្សូ​។​

​នៅពេលដែល​សួរ​ពី​ការរំលាយ​សភា​ជាន់​ទាប ៥៥.១ ភាគរយ នៃ​អ្នកចូលរួម​ក្នុង​ការស្ទង់មតិ​បាន​និយាយថា ពួកគេ​ចង់​ឲ្យ​មានការ​បោះឆ្នោត​ឆាប់ៗ​នេះ ឬ​នៅ​ចុងបញ្ចប់​នៃ​អាណត្តិ​បច្ចុប្បន្ន ដែល​នឹង​ដំណើរការ​រហូតដល់​ខែតុលា ឆ្នាំ​២០២១​។​

​គួរ​បញ្ជាក់ថា លោក Suga ត្រូវបាន​គេ​សង្ស័យថា អាច​នឹង​ទាញយក​អត្ថប្រយោជន៍​ពី​ការគាំទ្រ​យ៉ាងខ្លាំង ដែល​បង្ហាញ​តាម​ការស្ទង់មតិ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ មុនពេល​ដែល​លោក​ឡើងកាន់តំណែង​ជា​ផ្លូវការ ដើម្បី​អនុញ្ញាត​ឲ្យ​មានការ​បោះឆ្នោត​បន្ទាន់ (Snap Election)
​ដើម្បី​ពង្រឹង​ការក្តោបក្តាប់​អំណាច​របស់លោក​។​

​ទោះជា​យ៉ាងណា កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ លោក Suga បាន​គូសបញ្ជាក់ថា អ្វីដែល​ជនជាតិ​ជប៉ុន​ចង់បាន​បំផុត​នោះ គឺ​ទប់ទល់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ COVID-19 ជាពិសេស​ចាប់ផ្តើម​ស្រោចស្រង់​សេដ្ឋកិច្ច ដែល​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​វិបត្តិ COVID-19​។ លោក Suga បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា នេះ​គឺជា​រឿង​ដំបូង​ដែល​ខ្ញុំ​ចង់​ធ្វើ ជាមួយ​គណៈរដ្ឋមន្ត្រី​ថ្មី​របស់ខ្ញុំ​៕​

អត្ថបទដែលជាប់ទាក់ទង