បុរសម្នាក់ ដែលបង្កហិង្សាលើសង្សារជាំមុខ ជាំភ្នែក ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនបានហើយ
ភ្នំពេញ ៖ ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថានៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៦និង០០នាទី ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនាទៅលើនារីជាសង្សារជាច្រើនលើក (ប្រើដៃនិងជើងវាយឲ្យរបួស) នៅចំណុចក្នុងបន្ទប់ជួលលេខ៤០១ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កដោយជនសង្ស័យម្នាក់ កាលពីថ្ងៃទី២០ កញ្ញា ២០២០វេលាម៉ោង ១ និង៣០នាទីរំលងអធ្រាត ។ ការចាប់ខ្លួនជនបង្ករបួសស្នាមរូបនោះ យោងតាមពាក្យប្តឹងរបស់នារីរងគ្រោះ។
ជនសង្ស័យឈ្មោះ ប៉ា សុវណ្ណារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកអីវ៉ាន់ ស្នាក់នៅផ្ទះលេខ៥៦៣ ផ្លូវលំ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ១ ខណ្ឌពោសែនជ័យ (គ្មានសរធាតុញៀន) បានធ្វើសកម្មភាពប្រើដៃវាយភ្នែកជនរងគ្រោះ ឈ្មោះ នួន គឹមឡាង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរស្នាក់នៅបន្ទប់ជួលលេខ៤០១ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ(របួសហើមជាំភ្នែកទាំង២ និងគុំត្រចៀកខាងស្តាំ ។
ជនរងគ្រោះ នួន គឹមឡាងបាននិយាយថា “បង្កជាសង្សារបានវាយធ្វើបាបរូបនាងខ្ញុំជាច្រើនលើកមកហើយ រហូតចាំមិនអស់ទេ ហើយលើកចុងក្រោយនេះ ទើបសម្រេចចិត្តប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍”។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕