អាជ្ញាធរខេត្តព្រះសីហនុ បញ្ចេញ ចំនួន១០គ្រឿង ដឹកជញ្ជូនភ្ញៀវទេសចរជាង១,០០០នាក់ ដែលជាប់នៅលើកោះបីថ្ងៃមកលើគោកវិញ
ព្រះសីហនុ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ សហការជាមួយក្រុមហ៊ុនឯកជន បានបញ្ចេញ
ទូកតូចធំជាង១០ គ្រឿង ទៅទទួលយកភ្ញៀវទេសចរដែលជាប់នៅលើកោះ រយៈពេលបីថ្ងៃ ជាង១,០០០នាក់ ដោយសារព្យុះ ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា កោះដែលភ្ញៀវទេសចរជាប់នៅលើនោះ រួមមាន កោះរ៉ុង កោះរ៉ុងសន្លឹម និងកោះសង្សារ។
លោកឧត្តមសេនីយ៍ស្នងការ ដោយសាររយៈពេលបីថ្ងៃកន្លងទៅនេះ កម្ពុជាទទួលរងឥទ្ធិពលព្យុះ ជាពិសេសនៅខេត្តព្រះសីហនុតែម្ដង ដូច្នេះហើយអាជ្ញាធរ និងសមត្ថកិច្ចផ្អាកការធ្វើដំណើរតាមផ្លូវទឹកជាបណ្ណោះអាសន្ន រង់ចាំអាកាសធាតុល្អឡើងវិញ ។
លោកស្នងការបានបញ្ជាក់ថា នៅព្រឹកនេះ ដោយឃើញអាកាសធាតុស្រឡះល្អ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានទំនាក់ទំនងទៅកាន់ក្រសួងធនធានទឹក ដើម្បីបញ្ជាក់អំពីអាកាសធាតុនេះ។
ក្រោយទទួលបានព័ត៌មានថា អាកាសធាតុល្អអាចធ្វើដំណើរបាន លោកអភិបាលខេត្ត បានបញ្ជាមកកម្លាំងនគរបាល សហការជាមួយក្រុមហ៊ុនឯកជន ដើម្បីបញ្ចេញទូក និងអូប័រជាង១០គ្រឿង ទៅទទួលភ្ញៀវទេសចរជាង១,០០០នាក់នោះ ត្រឡប់មកលើដីគោកវិញ ក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានអះអាងថា នៅពេលទូក និងអូប័រចេញទៅទទួលភ្ញៀវទេសចរ ក៏មាននគរបាលទេសចរណ៍ និងនគរបាលផ្លូវទឹក អមដំណើរនៅលើនោះផងដែរ ដើម្បីធានាសុវត្ថិភាព។ លោកបានបន្ថែមថា រហូតមកដល់ពេលនេះ ភ្ញៀវទេសចរទាំងជាង១,០០០នាក់ ដែលជាប់នៅលើកោះនោះបានត្រឡប់មកលើដីគោកដោយសុវត្ថិភាព។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។
តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបង្កើនល្បឿនបក់មកលើកម្ពុជា។ សម្ពាធទាបសកម្មនៅលើសមុទ្រប៉ាស៊ីហ្វិក និងវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាវិសម្ពាធទាបរួចនឹងទៅជាកូនព្យុះ ពេលដែលឆ្លងកាត់ប្រទេស ហ្វីលីពីន។ ព្យុះនេះ នៅថ្ងៃទី១៦ ខែកញ្ញា នឹងបន្តដំណើរចូលទៅក្នុងឈូងសមុទ្រតុងកឹង រួចចូលប្រទេសវៀតណាមភាគកណ្ដាល កៀកព្រំ ប្រទល់ភាគខាងជើង។
ក្នុងនាមក្រសួងទេសចរណ៍ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន សូមសំដែងនូវការកោតសរសើរ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដែលបានដឹកនាំបញ្ជាកម្លាំងគ្រប់សមត្ថកិច្ច មន្ទីរពាក់ព័ន្ធ រួមជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក ជួយរំដោះភ្ញៀវទេសចរប្រមាណជាង ១០០០នាក់ ដែលបានជាប់នៅលើកោះមួយចំនួន ដោយសារឥទ្ធិពលព្យុះនូល (Noul) ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
ទាំងនេះ ឆ្លុះបញ្ចាំងឲ្យឃើញពីការគិតគូរយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយការទទួលខុសត្រូវរបស់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ផ្នែកពាក់ព័ន្ធ និងក្រុមហ៊ុនឯកជនទាំងអស់ ដែលបានសហការយ៉ាងល្អជាមួយគ្នាក្នុងការធានាសន្តិសុខ សុវត្ថិភាពជូនភ្ញៀរទេសចរដែលទៅកម្សាន្ត នៅគោលដៅទេសចរណ៍ក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន។
ក្រសួងធនធានទឹកបានអំពាវនាវដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានជាអាទិ៍៖ តំបន់ជាប់ផ្លូវទឹក និងជាប់ជួរភ្នំ មូលហេតុបង្កឡើងដោយជំនន់ទឹកភ្លៀង។ អ្នកដំណើរ និងអ្នកនេសាទសមុទ្រ មូលហេតុភ្លៀងខ្យល់ និងរលកសមុទ្រដែលអាចមានកម្ពស់ខ្ពស់ ពិសេសចាប់ពីថ្ងៃទី ១៨-២១ ខែកញ្ញា ៕