ឪពុកចាប់កូនស្រីគ្រវែងបោកសន្លប់ អូសដូចសត្វធាតុ
ស្វាយរៀង ៖ វីដេអូមួយបានកំពុងធ្វើឲ្យមហាជនផ្ទុះកំហឹងយ៉ាងខ្លាំងក្លា ក្រោយពីបានឃើញទិដ្ឋភាពដ៏សាហាវព្រៃផ្សៃ បុរសជាឪពុកម្នាក់បានប្រើហិង្សាមកលើកូនស្រីរបស់ខ្លួន ដោយចាប់គ្រវែងបោកផ្ទប់នឹងកម្រាលបណ្តាលឲ្យសន្លប់ស្តូកស្តឹង រួចចាប់ញ៉ឹងសក់អូសដូចសត្វធាតុ។
នេះបើយោងគណនីហ្វេសប៊ុកឈ្មោះ «Bee Nang Sad» បានបង្ហោះវីដេអូដ៏ស្លុតរន្ធត់ និងរៀបរាប់បញ្ជាក់ទាំងការឈឺចាប់ថា៖ «ខ្ញុំសូមឲ្យខាងច្បាប់ជួយរកយុត្តិធម៌ឲ្យប្អូនស្រីខ្ញុំផងចុះ ។ ព្រោះឪពុកក្មេងស្រីនេះ បានបង្កបញ្ហាដល់គ្រួសារជាច្រើនលើកច្រើនសារ។ មកពីផឹកស៊ីម្តងៗតែងរករឿងប្រពន្ធវាយធ្វើបាបប្រពន្ធរួមទាំងកូន រហូតប្រពន្ធទ្រាំរស់នៅជាមួយលែងបាន សម្រេចចិត្តចាកចេញពីគ្រួសារមួយរយៈ ។ ឥឡូវនេះធ្វើបាបប្អូនស្រីខ្ញុំទៀតហើយ តែខ្ញុំជួយអ្វីមិនបានព្រោះខ្ញុំជាស្រីមិនហ៊ានទេ បានត្រឹមលួចថតទុកជាភស្តុតាង ជូនដល់លោកអ្នកខាងច្បាប់ជួយដោះស្រាយប៉ុណ្ណោះ ។ តើអំពើគាត់នេះសមជាឪពុកគេទេ បងប្អូនជួយមើលហើយគិតតាមការគួរផង»។
ជុំវិញករណីហិង្សាមកលើកូនស្រីពីសំណាក់ឪពុកខាងលើនេះ បើតាមលោក អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត បានប្រាប់ឲ្យដឹងថា ករណីនេះកើតឡើងនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីសប្តាហ៍មុន ហើយលោកក៏បានឲ្យលោកនាយប៉ុស្តិ៍ច្រកម្ទេស ចុះទៅដល់ផ្ទះរបស់ជនបង្កកាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២២យប់ ដើម្បីធ្វើការសួរនាំបន្ត ចាត់ការតាមនីតិវិធី។
លោកអធិការក៏បានបញ្ជាក់ឲ្យដឹងថា ជនបង្កជាឪពុករូបនេះ ធ្លាប់ត្រូវបានហៅមកធ្វើកិច្ចសន្យា នៅប៉ុស្តិ៍រដ្ឋបាលច្រកម្ទេសម្ដងរួចហើយដែរ បន្ទាប់ពីបង្កហិង្សានៅក្នុងគ្រួសារកាលពីពេលកន្លងមក៕