នគរបាលស្រុកវាលវែង ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតថ្នាំញៀន៧៥០គ្រាប់ កាំភ្លើង១ដើម រថយន្តធុនដ្រា១គ្រឿង
ពោធិ៍សាត់ ៖ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកវាលវែង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រម៉ោយ ក្រោមការដឹកនាំបញ្ជានិងចង្អុលការដោយលោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានចុះប្រតិបត្តិការបង្ក្រាបករណី ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច អូរចំណោទដើមជ្រៃ ស្ថិតក្នុងភូមិ ឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៦និង៤០ នាទី ។
លោកវរសេនីយ៍ ធាង ឡេង អធិការនគរបាល បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះ កម្លាំងនគរបាលជំនាញបានឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ៖ ១.ឈ្មោះ វី វ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិទួលគោឃុំទន្លេរបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ជួញដូរ ) ២.ឈ្មោះ ឆេន ថាវរី ភេទ ប្រុស អាយុ៣៤ឆ្នាំ រស់នៅ ភូមិមល ឃុំរកាត ស្រុកភ្នំក្រវាញ (ជួញដូរ ) និង៣.ឈ្មោះ ហ៊ីម ហួយ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅ ភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ។
ប្រភពដដែលបានបន្តថា វត្ថុតាង ដែលសមត្ថកិច្ចដកហូត បាន រួមមាន៖ ម្សៅ ក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ២កញ្ចប់ ធំ, ថ្នាំគ្រាប់ពណ៌ផ្កាឈូក និងខៀវ ប្រភេទ (WY) ចំនួន ៧៥០ គ្រាប់ , អាវុធខ្លី ម៉ាក PX4 Storm ១ ដើម , រថយន្ត ម៉ាក TOYOTA TUNDRA ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ 2A-2007 ចំនួន១ គ្រឿងនិងម៉ូតូម៉ាក DREAM FI 110c ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BT-3192 ចំនួន១ គ្រឿង ។
ករណីនេះ ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាល បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕