ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បិទ​ផ្សាយ​បញ្ជី​ទីតាំង​ការិយាល័យ​បោះឆ្នោត និង​បញ្ជី​បោះឆ្នោត​ចុងក្រោយ ឆ្នាំ​២០១៩ សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០

58

 

​ភ្នំពេញ​៖​អ្នកនាំពាក្យ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប ) នៅ​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០២០ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ការបិទ​ផ្សាយ​បញ្ជី​ទីតាំង​ការិយាល័យ​បោះឆ្នោត និង​បញ្ជី​បោះឆ្នោត​ចុងក្រោយ ឆ្នាំ​២០១៩ សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០​។​

​អនុវត្តតាម​ប្រតិ​ទិននៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ បញ្ជី​ឈ្មោះ​ទីតាំង ការិយាល័យ​បោះឆ្នោត និង​បញ្ជី​បោះឆ្នោត​ចុងក្រោយ ឆ្នាំ​២០១៩ ត្រូវ​បិទ​ផ្សាយ​តាម​បណ្តា​ឃុំ សង្កាត់​ទូទាំង ប្រទេស​នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០ ។

​ការងារ​នេះ​លេខាធិការដ្ឋាន​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​លធ​. ខ​ប​) សហការ​ជាមួយ​ក្រុមប្រឹក្សា ឃុំ សង្កាត់​បានរៀបចំ​បិទ​ផ្សាយ​រួចរាល់​ជា​ស្ថាពរ​នៅតាម​ឃុំ សង្កាត់​ចំនួន ១.៦៨៤ ដោយឡែក​មាន​សង្កាត់ ចំនួន ២ ស្ថិតនៅ​ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ មិនទាន់បាន​បិទ​ផ្សាយ​នៅឡើយ​ទេ ដោយសារ​មាន​ភ្លៀង និង​ខ្យល់​ខ្លាំង គិត​ត្រឹម​ម៉ោង ៥​និង​៣០ នាទី​ថ្ងៃ​ដដែល​នេះ​។ ទន្ទឹមនឹងនេះ ក៏មាន​ខេត្ត​មួយចំនួនទៀត​បាន​ជួប​នូវ​ឧបសគ្គ ដូចជា​ភ្លៀង ខ្យល់ និង​ទឹកជំនន់ ដែលនាំឱ្យ​មានការ​ពិបាក​ក្នុងការ​ធ្វើដំណើរ ប៉ុន្តែ​មិនបាន​ធ្វើឱ្យមាន​ការរាំងស្ទះ ដល់​ការងារ​នេះ​ទេ​។ ទោះបីជា​យ៉ាងណាក៏ដោយ​សង្កាត់​ទាំង ២ ដែល​មិនទាន់បាន​បិទ​ផ្សាយ ល​.​ខ​.​ប និង​ក្រុមប្រឹក្សា​សង្កាត់​នឹង​បន្ត​ខិតខំ​ធ្វើឱ្យបាន ដើម្បី​បំពេញ​តួនាទី​ក្នុង​ភាពជា​អ្នក​បម្រើសេវា​ជូន​ម្ចាស់ឆ្នោត​។

​បញ្ជី​បោះឆ្នោត​ចុងក្រោយ​ក្រៅពី​បិទ​ផ្សាយ​នៅតាម​សាលាឃុំ សង្កាត់ នៅតាម ទីប្រជុំជន​ក្នុង​ឃុំ សង្កាត់ ក៏មាន​បង្ហោះ នៅលើ​គេហទំព័រ គ​.​ជ​.​ប voterlist.rNoC.gov.kh និង កម្មវិធី​ទូរស័ព្ទដៃ (App) Voterlist KH ផងដែរ​។

​គោលបំណង​នៃ​ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ចុងក្រោយ ឆ្នាំ​២០១៩ ដើម្បីឱ្យ​អ្នក​ដែល​បាន ចុះឈ្មោះ​រួចហើយ មក​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​របស់ខ្លួន​។ ប្រសិនបើ​ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត មិន​ត្រឹមត្រូវ​
​តាម​ទិន្នន័យ​ក្នុង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ “​អ្នកបោះឆ្នោត​អាច​ស្នើសុំ​កែតម្រូវ​ជាមួយ​ក្រុម​បោះឆ្នោត ក្នុងអំឡុងពេល​នៃ​ការចុះឈ្មោះ​បោះឆ្នោត​នៅតាម​ឃុំ សង្កាត់​។​

​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ ឆ្នាំ​២០១៩ មាន​ចំនួន ៨.៦២៩.៣៥៧ នាក់ ដោយឡែក​សម្រាប់​ឆ្នាំ​២០២០ នេះ យោងតាម​ស្ថិតិ​ប្រជាពលរដ្ឋ និង​ចំនួន​ការិយាល័យ​បោះឆ្នោត​ប៉ាន់ស្មាន គ​.​ជ​.​ប មាន​ផែនការ ចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី ចំនួន ៣០០.៣៥០ នាក់ និង​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត ចំនួន ១២៣.២៥១ នាក់ រីឯ​ការិយាល័យ​បោះឆ្នោត​វិញ មាន​ចំនួន ២៣.៨១៨ ការិយាល័យ​។

​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត នឹងត្រូវ​ចាប់​ផ្តើមធ្វើ​នៅ​គ្រប់​ឃុំ សង្កាត់​ទូទាំងប្រទេស​ក្នុង​ថ្ងៃ​តែមួយ គឺ​ថ្ងៃទី​១ ខែតុលា នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០៕


អត្ថបទដែលជាប់ទាក់ទង