សម្ដេចពិជ័យសេនា ទៀ បាញ់៖ ការចោទប្រកាន់របស់អាម៉េរិកមកលើកម្ពុជា និងក្រុមហ៊ុនចិននៅកម្ពុជាគឺដើម្បីបម្រើផលប្រយោជន៍ខាងភូមិសាស្រ្ដនយោបាយ
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិបានគូសបញ្ជាក់ថា ការចោទប្រកាន់របស់សហរដ្ឋអាមេរិកទាក់ទងនឹងបញ្ហារំលោភបំពានសិទ្ធិមនុស្ស និងអំពើពុករលួយមកលើរាជរដ្ឋាភិបាលកម្ពុជា និងការដាក់ទណ្ឌកម្មលើក្រុមហ៊ុនវិនិយោគចិន ញូញៀន ឌីវេឡុបមេន គ្រុប ខូ អិលធីឌី (Union Development Group Co. Ltd.) នៅកម្ពុជាគឺដើម្បីបម្រើផលប្រយោជន៍ខាងភូមិសាស្រ្ដនយោបាយតែប៉ុណ្ណោះ។ ការគូសបញ្ជាក់ របស់សម្ដេចពិជ័យសេនា ទៀ បាញ់ នេះ ធ្វើឡើងបន្ទាប់ពីក្រសួងរតនាគារសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន ញូញៀន ឌីវេឡុបមេន គ្រុប ខូ អិលធីឌី ដែលបានវិនិយោគលើគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ ស្ថិតក្នុងស្រុកបុទុមសាគរ និងស្រុកគិរីសាគរ នៅខេត្ដកោះកុង។
តាមរយៈបទសម្ភាសន៍ជាមួយវិទ្យុបរទេសផ្សាយជាភាសាខ្មែរនៅក្រៅប្រទេស សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ក្រុមហ៊ុនធ្វើការវិនិយោគដោយត្រឹមត្រូវតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាគ្រប់បែបយ៉ាងទាំងអស់ ហើយក្រុមហ៊ុនទទួលអនុវត្ដតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងអស់ ដូចជាក្រុមហ៊ុនដទៃៗទៀតដែលធ្វើការវិនិយោគនៅកម្ពុជាដែរ។ សម្ដេចពិជ័យសេនាបានអះអាងថា ក្រុមហ៊ុនគ្មានធ្វើការរំលោភយកដីប្រជាពលរដ្ឋ តាមតែការចោទដោយគ្មានមូលដ្ឋាន គ្មានការសិក្សាស្រាវជ្រាវបានច្បាស់លាស់របៀបហ្នឹងទេ គ្មានទេ។ សម្ដេចពិជ័យសេនាបានថ្លែងបញ្ជាក់ថា “អារឿងហ្នឹង ខ្ញុំដូចជាគ្មានយោបល់អីទេ ព្រោះរឿងសហរដ្ឋអាមេរិក ជាមួយក្រុមហ៊ុនចិនហ្នឹងគឺវាជារឿងធម្មតាទេពាក់ព័ន្ធនឹងភូមិសាស្រ្ដនយោបាយ ឱ្យតែក្រុមហ៊ុន មិនមែនតែ ក្រុមហ៊ុន ញូញៀនហ្នឹងមួយទេ ក្រុមហ៊ុនណាក៏ដោយ ឱ្យតែសហរដ្ឋអាមេរិក តែងតែលេច ឮនូវរឿងហ្នឹងជាបន្ដបន្ទាប់។ ខ្ញុំក៏មិនមានយោបល់អីដែរ បើសិនជានិយាយលើកឡើង ពីរឿងពុករលួយ រំលោភសិទ្ធិមនុស្សគឺគ្មានទេ”។ សម្ដេចពិជ័យសេនាបានពន្យល់ថា កិច្ចការទាំងអស់នេះ គឺរាជរដ្ឋាភិបាលកម្ពុជាធ្វើទៅតាមច្បាប់ទាំងអស់ ហើយប្រសិនបើត្រូវ មានការប៉ះពាល់ទៅលើប្រជាជន គេបានដោះស្រាយគោលនយោបាយ បានទទួលយកទាំងអស់ គ្មានអ្វីទៅធ្វើអ្វីដែលប្លែក ខុសពីច្បាប់ដែលកម្ពុជាមាននោះទេ។ សម្ដេចពិជ័យសេនាបានបន្ដថា រឿងដែលសហរដ្ឋអាមេរិកចង់ចោទតែប៉ុណ្ណឹងឯង។
សម្ដេចពិជ័យសេនាបានបន្ថែមថា “អាហ្នឹងគឺជាការចោទ ដើម្បីបំណងរបស់គេក្នុងការធ្វើ ហើយខ្ញុំគិតថា គេមិនត្រឹមតែធ្វើតែប៉ុណ្ណឹងនោះទេ គេនឹងបន្ដធ្វើទៀត។ តាមពិតក្រុមហ៊ុនគេធ្វើត្រឹមត្រូវតាមច្បាប់តម្រូវឱ្យធ្វើ មានការពិភាក្សាជាមួយភាគីពាក់ព័ន្ធទាំងអស់”។ តែទោះបីយ៉ាងណាក៏ដោយ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ជាការពិតហើយ បើចង់ធ្វើការអភិវឌ្ឍ និងការវិនិយោគ វាតែងតែមានការប៉ះពារខ្លះហើយ ក៏ប៉ុន្ដែការប៉ះពារហ្នឹងគឺសុទ្ធសឹងតែមានការជជែក មានការផ្ដល់សំណងជាក់លាក់ ដើម្បីផ្ដល់ជូនដល់អ្នកទាំងអស់នោះដោយទទួលយកដោយស្មោះស្ម័គ្រ រៀបចំភូមិករ និងរៀបចំគ្រប់អ្វីៗទាំងអស់ក្នុងការផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះរស់នៅស្រួលគ្រប់បែបយ៉ាងទាំងអស់។ សម្ដេចពិជ័យសេនាបានឱ្យដឹងទៀតថា សព្វថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋគេមានជីវភាពរស់នៅធូរធារ ហើយអ្នកដែលចាកចេញប៉ុន្មានគ្រួសារហ្នឹងគឺបានធូរធារ។ ចំណែកអ្នកនៅសល់ប៉ុន្មានគ្រួសារទៀត គេកំពុងដោះស្រាយ និងចរចាជាមួយគ្នាបន្ដទៀត។ សម្ដេចពិជ័យសេនាបានថ្លែងបន្ថែមថា “រឿងគេចោទហ្នឹងគឺមានតែប៉ុណ្ណឹងទេ ខ្ញុំមិនដឹងយកទៅពន្យល់ដោយរបៀបណានោះទេ ពីព្រោះបំណងរបស់គេចង់ចោទមកលើយើងហើយត្រូវតែអីច្ចឹង”។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុកការចោទប្រកាន់របស់សហរដ្ឋអាមេរិក មកលើកម្ពុជា និងមកលើក្រុមហ៊ុនចិន ញូញៀន ឌីវេឡុបមេន គ្រុបនេះថា គឺមិនមែនជារឿងថ្មីអ្វីដែរ ហើយរឿងនេះវាក៏មិនមែនកើតឡើងពីឥឡូវនេះដែរគឺនិយាយមែនទែនគឺការចោទប្រកាន់ ការលើកឡើងពីប្រភពគួរឱ្យជឿជាក់បានរបស់សហរដ្ឋអាមេរិកមកលើកម្ពុជា និងក្រុមហ៊ុនចិននៅកម្ពុជាគឺសុទ្ធសឹងជាមហិច្ឆតាខាងភូមិសាស្រ្ដនយោបាយនោះទេ។ “ខ្ញុំក៏មិនចង់យកមកវិភាគឱ្យវែងឆ្ងាយអីនោះដែរ រឿងគ្មានអីឱ្យពិតប្រាកដអីទាល់តែសោះ ហើយរឿងកន្លែងខ្លះគឺលើកឡើងពីអញ្ជេះ អញ្ចុះទៅតាមការគិតគូររបស់គេគឺដើម្បីបម្រើផលប្រយោជន៍ខាងភូមិសាស្រ្ដនយោបាយ តែប៉ុណ្ណឹងឯង វាគ្មានអីចម្លែកនោះទេ គឺតាំងពីណាពីណីមកនោះ”។ នេះជាការអះអាងបន្ថែមរបស់សម្ដេចពិជ័យសេនា ទៀ បាញ់។
ជាមួយគ្នានេះ សម្ដេចពិជ័យសេនាបានកត់សម្គាល់ឃើញថា ចំពោះមូលដ្ឋានរបស់សហរដ្ឋអាមេរិកគឺនៅពេញពិភពលោកហ្នឹងគឺរឿងអ្វីដែរ អត់មានអ្នកណាសួរដេញដោលដល់សហរដ្ឋអាមេរិកផង។ ចំណែកកន្លែងផ្សេងៗមិនទាន់នឹងមានអ្វីផង មិនទាន់ធ្វើអ្វីផង ហើយតាំងថាទុកចិត្តបានត្រូវធ្វើអីចេះ អីចុះ។ សម្ដេចពិជ័យសេនាបញ្ជាក់បន្ថែមថា “ពិបាកពន្យល់ណាស់ ខ្ញុំគ្មានអីពន្យល់បានទេ ហើយខ្ញុំក៏មិនមានការពន្យល់ ឬការបារម្ភអីក៏វាអត់បានការអីដែរព្រោះមហាអំណាចគេចង់ធ្វើអី គេចង់តែធ្វើតាមតែចិត្ដគេទេ។ រឿងពិត រឿងមិនពិតគេប្រឌិតឱ្យពិតក៏ថាបាន គេចង់ធ្វើអីគឺគេធ្វើទៅតាមឆន្ទៈគេដែលគេចង់បានតែប៉ុណ្ណឹង។ ដូច្នេះរឿងនេះគឺជារឿងដែលយើងមិនអាចទៅពន្យល់ ឬបកស្រាយអីបានទេ”។
ជាការកត់សម្គាល់បន្ថែមក្នុងការវិនិយោគរបស់ក្រុមហ៊ុនចិន ញូញៀន ឌីវេឡុបមេន គ្រុប នៅក្នុងប្រទេសកម្ពុជា សម្ដេចពិជ័យសេនាបានឱ្យដឹងថា ការធ្វើការវិនិយោគអ្វីគឺសុទ្ធសឹងតែមាននៅក្នុងច្បាប់ កិច្ចព្រមព្រៀងជាមួយគេ ក្រុមហ៊ុនគេមានភាពច្បាស់លាស់របស់គេ ហើយការលើកឡើង និងចោទប្រកាន់ដល់ក្រុមហ៊ុនចិននេះ គឺគ្មានអ្វីក្រៅពីការរារាំងកុំឱ្យមានការអភិវឌ្ឍរីកចម្រើនដល់ប្រទេសណាក៏ដោយមិនថាតែកម្ពុជានោះទេ គឺយល់ទៅតាមការវាយតម្លៃរបស់ខ្លួន ចេះតែចោទទៅនោះ។
សម្ដេចពិជ័យសេនា ទៀ បាញ់ ថ្លែងបន្ថែមថា “សំខាន់បំផុតបើមានក្រុមហ៊ុនមកវិនិយោគ មិនថាក្រុមហ៊ុនណាទេគឺជួយរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសនោះ ឱ្យចាកផុតពីភាពក្រីក្រ។ ជាធម្មតាទេ ការចោទប្រកាន់នេះ មិនមែនជាទីពេញចិត្ដរបស់អ្នកមួយចំនួនគឺបានបង្កើតរឿងហ្នឹង”៕