ម៉ាឡេស៊ីអំពាវនាវឲ្យចែកចាយវ៉ាក់សាំង COVID-19 ទៅគ្រប់ប្រទេសទាំងអស់ នៅពេលផលិតបានជោគជ័យ
(គូឡាឡាំពួរ)៖ នាយរដ្ឋមន្ត្រីម៉ាឡេស៊ីលោក មូហ៍យីដទីន យ៉ាស់ស៊ីន (Muhyiddin Yassin) បានអំពាវនាវឲ្យពិភពលោកទាំងមូល ធានាយ៉ាងច្បាស់លាស់ថា នៅពេលវ៉ាក់សាំងប្រឆាំង COVID-19 ណាមួយត្រូវបានអភិវឌ្ឍដោយជោគជ័យនោះ វានឹងត្រូវចែកចាយភ្លាមៗ ទៅកាន់គ្រប់ប្រទេសទាំងអស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០។
លោក Muhyiddin បានថ្លែងតាមរយៈខ្សែវីដេអូអនឡាញ ទៅកាន់កិច្ចប្រជុំកម្រិតខ្ពស់ ដើម្បីប្រារព្ធខួបឆ្នាំទី ៧៥ នៃការបង្កើតអង្គការសហប្រជាជាតិ (UN) យ៉ាងដូច្នេះថា «យើងត្រូវតែធានាឲ្យបានថា នៅពេលដែលវ៉ាក់សាំងណាមួយ ត្រូវបានរកឃើញនោះ វាត្រូវតែផ្តល់ឱកាសសម្រាប់ប្រជាជន និងប្រទេសទាំងអស់ទទួលបានវា។ មិនគួរមានការរើសអើង និងបញ្ហាអ្វីផ្សេងទៀត កើតមានឡើងនោះឡើយ។ យើងត្រូវតែចងចាំថា COVID-19 មិនដែលរើសអើងក្នុងការចម្លងនោះទេ ដូច្នេះការឆ្លើយតបរបស់យើង ក៏ត្រូវគួរតែគ្មានការរើសអើងដែរ»។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏មិនខុសពីមេដឹកនាំពិភពលោក ឯទៀតដែរ ដោយនៅក្នុងឱកាសនៃកិច្ចប្រជុំដ៏សំខាន់ នៃស្ថាប័នកំពូលរបស់អន្តរជាតិខាងលើនេះ លោកបានអំពាវនាវឲ្យសមាជិក UN ទាំងអស់រួបរួមគ្នាជាធ្លុងមួយ ដើម្បីតតាំងនឹងការប្រកួតប្រជែងទាំងឡាយ ដែលកំពុងកើតឡើងនៅលើពិភពលោក។ លោក Muhyiddin បានសង្កត់ធ្ងន់ថា ពិភពលោកពេលនេះពិតជាត្រូវការ UN ជាងពេលណាៗទាំងអស់ ដូច្នេះស្ថាប័នសកលមួយនេះ ត្រូវតែរួបរួមកម្លាំងឲ្យបានប្រសើរឡើង៕