ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សំណង់អគារ ដែលគ្រោងសាងសង់រហូត៣០ជាន់នៅទួលគោក ខណៈជីកកកាយដីបុកគ្រឹះធ្វើអោយប្រេះផ្លូវ២ខ្សែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ

96

ភ្នំពេញ៖ សំណង់អគារមួយកន្លែងមានកំពស់រហូតដល់ ៣០ជាន់និងនៅផ្នែកខាងក្រោមដី មានពីរជាន់បន្ថែមទៀតនោះមានទីតាំងស្ថិតនៅតាមបណ្តាយផ្លូវ៣៣៥កែង៣១៧ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ខណៈកំពុងធ្វើសកម្មភាពជីកកកាយ និងបុកគ្រឹះ ដើម្បីសាងសង់ បានធ្វើឱ្យកំណាត់

ផ្លូវ២ខ្សែនៅជាប់នឹងអគារនេះ ទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ពោលគឺប្រេះ ផ្លូវជាបំណែកៗ បង្កការភ័យក្លាចដល់ប្រជាពលរដ្ឋ

  ក្រោយពីទទួលបាននូវព័ត៌មាននេះ  អាជ្ញាធរខណ្ឌទួលគោកបានដឹកនាំមន្ត្រីជំនាញចុះទៅដល់ទីតាំងការដ្ឋានខាងលើភ្លាមដែរ ដើម្បីធ្វើយ៉ាងណា មានវិធានការទប់ស្កាត់នូវហានិភ័យដែលបម្រុងនឹងកើតមានឡើងផ្តើមចេញពីការដ្ឋាននេះ។

   អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក លោកឯក ឃុនដឿនបានបញ្ជាក់ឲ្យដឹង នៅរសៀលថ្ងៃទី ២២ខែកញ្ញាឆ្នាំ២០២០នេះថា ការដ្ឋានខាងលើ គឺជាការដ្ឋានរបស់ជនជាតិបរទេស ស្ថិតនៅតាមបណ្ដោយផ្លូវ ៣៣៥កែងនឹងផ្លូវ៣១៧ ក្នុងសង្កាត់បឹងកក់ទី១

ខណ្ឌទួលគោក ពាក់ព័ន្ធនឹងបញ្ហានេះ អាជ្ញាធរខណ្ឌ ក្រោយពីទទួលបានព័ត៌មាននេះ អាជ្ញាធរខណ្ឌ ក្រោមការណែនាំពីអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ យើងបានចុះទៅធ្វើកិច្ចសន្យាជាមួយម្ចាស់ការដ្ឋាននេះចំនួន៣លើកមកហើយ ក្នុងនោះ កាលពីថ្ងៃទី ២៧ខែមេសាឆ្នាំ ២០២០កន្លងមកនេះ អាជ្ញាធរខណ្ឌ ដឹកនាំដោយលោកទៀវ សំអឿនជាអភិបាលខណ្ឌ បានចុះទៅដល់ទីតាំងការដ្ឋានខាងលើ ហើយក្រោយពីក្រុមការងារពិនិត្យឃើញថា ទីតាំងខាងលើមិនទាន់មានច្បាប់អនុញ្ញាតកាយនឹងជីកដីចេញ ពីសាលារាជធានីភ្នំពេញនោះទេ ព្រមទាំងបុកស៊ីផាយរំលោភចិញ្ចឹមផ្លូវនិងធ្វើឱ្យប្រេះផ្លូវកៅស៊ូថែមទៀត ក្រោយពីពិនិត្យរួចក្រុមការងារបានណែនាំឲ្យម្ចាស់ការដ្ឋាន ផ្អាកការដ្ឋានជាបណ្ដុះអាសន្ន រង់ចាំសុំច្បាប់អនុញ្ញាតរបស់ក្រសួងនិងស្នើសុំច្បាប់កាយដីពីសាលារាជធានីភ្នំពេញជាមុនសិន និងបញ្ឈប់ការរំលោភលើចិញ្ចើមផ្លូវទៀត។ លុះមកដល់ថ្ងៃទី ០៩ កញ្ញាឆ្នាំ ២០២០ អាជ្ញាធរខណ្ឌទួលគោកដឹកនាំដោយលោកបុត្រ សុភានាយករងរដ្ឋបាលខណ្ឌបានចុះទៅដល់ការដ្ឋាននេះម្ដងទៀត ហើយ ក្រុមការងារបានពិនិត្យឃើញថាការដ្ឋានខាងលើបានមានច្បាប់អនុញ្ញាតសាងសង់ដោយក្រសួងដែនដីចុះថ្ងៃទី ២៧ ខែកក្កដាឆ្នាំ២០២០ ដែលអនុញ្ញាតឱ្យសាងសង់ក្រោមដីពីរជាន់ ផ្ទាល់ដីមួយជាន់ ដល់៣០ ជាន់ ឡៅតឿនិងដំបូល។ ក្រោយពីពិនិត្យរួចរាល់ក្រុមការងារបានណែនាំអោយម្ចាស់ការដ្ឋាន អនុវត្តនូវកិច្ចការមួយចំនួនដោយត្រូវសុំច្បាប់បើកការដ្ឋានពីក្រសួងដែនដីមិនត្រូវដាក់សំភារៈសំណង់គ្រប់ប្រភេទនិងគ្រឿងចក្រសំណង់នៅលើចិញ្ចើមផ្លូវនិងទ្រូងផ្លូវ ត្រូវធ្វើការជួសជុលផ្លូវដែលខូចខាតបណ្ដាលមកពីការដ្ឋានឲ្យបានស្អាតឡើងវិញ បន្តមកទៀត នៅល្ងាចថ្ងៃទី២១ កញ្ញាឆ្នាំ២០២០ នាទីអភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ដឹកនាំដោយលោកផ្ទាល់ (លោកឯក ឃុនដឿន )បានដឹកនាំមន្ត្រីជំនាញចុះទៅធ្វើការត្រួតពិនិត្យជាលើកទីបីម្ដងទៀត ក្រោយពីការធ្វើការត្រួតពិនិត្យសំណង់ខាងលើ ឃើញថាសំណង់នេះបានបំពេញបែបបទត្រឹមត្រូវតាមច្បាប់ហើយ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រុមហ៊ុនត្រូវធ្វើការជួសជុលផ្លូវលេខ ៣១៧និងផ្លូវលេខ៣៣៥ ដែលទទួលរងការខូចខាតបណ្តាលមកពីការដ្ឋានសំណង់ឡើងវិញ និងត្រូវហុំ ព័ទ្ធ ការដ្ឋានសំណង់ឲ្យបានត្រឹមត្រូវដើម្បីធានាសន្តិសុខនិងសុវត្ថិភាពការដ្ឋាននិងអ្នកដំណើរឆ្លងកាត់ ត្រូវដាក់ផ្លាកសញ្ញានិងភ្លើងបំភ្លឺដើម្បីសំគាល់ការដ្ឋាន រៀបចំបង្គោលអគ្គិសនីដែលស្រុតឡើងវិញនៅផ្លូវ ៣២៧ ការដ្ឋានសំណង់ត្រូវមានផ្ទាំងព័ត៌មានអំពីគម្រោងសាងសង់នៅខាងមុខការដ្ឋានសំណង់

  គេចាំមើលថា តើម្ចាស់ការដ្ឋានខាងលើ នឹងអាចបំពេញទៅតាមការណែនាំរបស់អាជ្ញាធរបានឬអត់៕

 

អត្ថបទដែលជាប់ទាក់ទង