ការរៀបការ៉ូឡា នៅលើចិញ្ចើម មហាវិថីសហព័ន្ធរុស្ស៊ី ចាប់ផ្ដើមពីស្ពានអាកាសផ្សារដីហុយ ដល់ពោធិចិនតុងសម្រេចបានស្ទើរ ១០០%ហើយ
ភ្នំពេញ៖ រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាលបាននឹងកំពុងយកចិត្តទុកដាក់ខ្លាំងណាស់ ពិសេសលើការងារកសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងរាជធានីភ្នំពេញ ដូចជាការរៀបចំបណ្ដាញលូទឹក ស្ដារប្រឡាយ ការស្ថាបនាជួសជុលផ្លូវសាធារណៈ ស្ពានអាកាស ការរៀបចំការ៉ូឡាលើចិញ្ចើមផ្លូវសាធារណៈសម្រាប់អ្នកថ្មើរជើង ការកសាងសួនច្បារសាធារណៈ ដាំផ្កាចម្រុះពណ៌ និងការដាំដើមឈើ ដើម្បីអោយទីក្រុងមានពណ៌បៃតងផងដែរ។
ជាក់ស្តែង សម្រាប់ពេលនេះ ការរៀបការ៉ូឡា នៅលើចិញ្ចើម មហាវិថីសហព័ន្ធរុស្ស៊ីដោយចាប់ផ្ដើមពីស្ពានអាកាសផ្សារដីហុយ ដល់ពោធិចិនតុង នៅចំហៀងខាងត្បូង ផ្លូវសហព័ន្ធរុស្ស៊ី សម្រេចបាន
ស្ទើរ ១០០%ហើយ។
ពាក់ព័ន្ធការងារខាងលើនេះ មន្ត្រីជំនាញដែលកំពុងតែអនុវត្តលើការងារនេះបានឲ្យដឹងថា ជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺត្រូវរៀបការ៉ូឡានេះតាមបណ្តោយសងខាងផ្លូវសហព័ន្ធរុស្ស៊ីដោយចាប់ពីពោធិ៍ចិនតុងរហូតដល់មន្ទីរពេទ្យព្រះអង្គឌួង ។ ចំពោះ ជំហានទី១ ក្រុមការងារ បានរៀបការរ៉ូឡាពីស្ពានអាកាស ៧មករា (ស្ពានអាកាសលោកសង្ឃ) និងរហូតដល់ពេទ្យអង្គឌួង ។តែសម្រាប់ពេលនេះ ក្រុមការងារបាន រៀបការ៉ូឡាលើចិញ្ចើមផ្លូវសហព័ន្ធរុស្ស៊ី ពីស្ពានអាកាសផ្សារដីហុយ ដល់ពោធិចិនតុងស្ទើរបញ្ចប់១០០%ហើយ។
គួរបញ្ជាក់ថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំជាមួយមន្ត្រីជំនាញពាក់ព័ន្ធចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញនាពេលកន្លងមកនេះ លោកធ្លាប់បានបញ្ជាក់ហើយថា នៅលើចិញ្ចើមផ្លូវតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីនេះត្រូវតែជាផ្លូវល្អ ជាផ្លូវដែលស្អាតជាងគេនិងមានសោភណ្ឌភាព ពោលគឺ មិនត្រូវឱ្យមានធូលីឡើយព្រោះថានេះជាមហាវិថីដែលភ្ញៀវជាតិ អន្តរជាតិធ្វើដំណើរឆ្លងកាត់រាល់ថ្ងៃ៕