ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២០ ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញប្រកាសព័ត៌មានស្តីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២០) មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង។ តាមរយៈតាមដាននៃការវិវត្តនិងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ៦ ខែតុលា ប្រព័ន្ធសម្ពាធទាប នឹងបន្តអូសបន្ទាយឆ្លងកាត់លើកម្ពុជា ដោយភ្ជាប់ជាមួយសម្ពាធទាបមួយ នៅលើសមុទ្រចិនខាងត្បូង ។
ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ បានលើកឡើងថា ស្ថានភាពបែបនេះធ្វើឲ្យ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល មាន សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C – សីតុណ្ហភាពអតិបរមា មានពី ១៨-៣០°c ហើយនៅថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ៣ ខែតុលា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅមធ្យម ។ បន្ទាប់ពីនោះ នឹងបង្កើនការធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីបង្គួរទៅច្រើន ជាពិសេសបណ្តា ខេត្តនៅភាគពាយ័ព្យ ។
ចំណែកនៅបណ្តាខេត្តនៅតំបន់ផ្នូរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C សីតុណ្ហភាពអតិបរមា មានពី ២៧-២៩°C នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គរ។
នៅបណ្ដាខេត្តទៅតំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមា មានពី ២៤-៦៦°C – សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C ។
ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ២ ខែតុលា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅមធ្យម បន្ទាប់មកភ្លៀងនឹងបន្ត ។បង្កើនការធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន។
ក្រសួងដដែល បានណែនាំឲ្យសាធារណជន មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង ជាពិសេសប្រជាពលរដ្ឋរស់នៅទីទំនាបក្បែរ ផ្លូវទឹក ជាប់តំបន់ភ្នំនៃបណ្តាខេត្តភាគពាយ័ព្យជាប់ប្រទេសថៃ បណ្ដាខេត្ត នៅតំបន់មាត់សមុទ្រ និងបណ្តាខេត្តជាប់ជួរភ្នំក្រវាញ ។ ជាមួយគ្នានោះអ្នកនេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នចំពោះភ្លៀងឲ្យល់ បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី ៣-៦ ខែតុលា ៕