ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ស សុខា ៖ការប្រកួតគឺជាម៉ែត្រដ៏សំខាន់ សម្រាប់វាស់សមត្ថភាពនូវចំណុចខ្វះខាតមួយចំនួនរបស់កីឡាករជនពិការកម្ពុជា

93


ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ចូលរួមពិធីបិទការប្រកួតជើងឯកបាល់ទះអង្គុយ ឆ្នាំ២០២០ និងប្រគល់ពានរង្វាន់នៅមជ្ឈមណ្ឌលជាតិនៃជនពិការ តេជោសែន ។
លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានប្រាប់ឲ្យដឹងថា ការប្រកួតជើងឯកបាល់ទះអង្គុយ ឆ្នាំ២០២០ ចាប់ផ្តើមពីថ្ងៃទី២៥ ដល់ ២៩ ខែកញ្ញា ឆ្នាំ២០២០ ដែលរៀបចំដោយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនិតិសម្បទា។
ជាលទ្ធផលក្រុមបាល់ទះអង្គុយជនពិការតេជៈសន្តិភាពគ្រងដំណែងជើងឯកប្រចាំឆ្នាំ២០២០ ក្រុមបាល់ទះអង្គុយជនពិការគ្រងដំណែងជើងឯករងត្នោតជ័យកំពង់ស្ពឺ ក្រុមបាល់ទះអង្គុយជនពិការមជ្ឈមណ្ឌលជាតិនៃជនពិការ តេជោសែនចំណាត់ថ្នាក់លេខ ៣ និងក្រុមបាល់ទះអង្គុយជនពិការរិទ្ធិសែន កំពង់ឆ្នាំងទទួលបានចំណាត់ថ្នាក់លេខ ៤។
លោក ស សុខា បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមលោកផ្ទាល់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអត្តពលិក គ្រូបង្វឹក និងគ្រូជំនួយ អ្នកស្ម័គ្រចិត្ត និងគណៈកម្មការបច្ចេកទេស រួមមាន មន្ត្រីគណៈកម្មាធិការជាតិប៉ារ៉ាឡាំ ពិកកម្ពុជា និងគ្រូពេទ្យព្យាបាលដោយចលនា។ ពិសេសក្រុមកីឡាករជនពិការដែលតែងតែខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីចូលរួមប្រកួតប្រជែងដណ្តើមមេដាយជូនជាតិលើកឆាកអន្តរជាតិ។
លោកបានបន្តថា ការប្រកួតគឺជាម៉ែត្រមួយដ៏សំខាន់សម្រាប់វាស់សមត្ថភាពកីឡាករនូវចំណុចខ្វះខាតមួយចំនួនរបស់កីឡាករជនពិការកម្ពុជាមុននឹងចេញចូលរួមប្រកួតកីឡាអន្តរជាតិនាពេលខាងមុខនេះឈានដល់ការពង្រឹងសមត្ថភាពរបស់ខ្លួន។ ខ្ញុំសូមឧបត្ថម្ភដល់ក្រុមបាល់ទះអង្គុយជនពិការក្នុងមួយក្រុមចំនួន៨០ម៉ឺនរៀល (២០០ដុល្លារ) មន្ត្រីគណៈកម្មាធិការជាតិប៉ារ៉ាឡាំ ពិកកម្ពុជា និងគ្រូពេទ្យព្យាបាលដោយចលនាចំនួន (៤០០ដុល្លារ) និងកសាងអគារស្នាក់នៅជូនកីឡាករជនពិការកម្ពុជាមួយខ្នងដែរ៕

អត្ថបទដែលជាប់ទាក់ទង